កូរ៉េខាងត្បូង​ប្រាប់​អាមេរិក​៖ ការ​រឹតត្បិត​របស់​ជប៉ុន នឹង​មិនល្អ​សម្រាប់​ទំនាក់ទំនង​ត្រីភាគី​ឡើយ​
អន្តរជាតិ
កូរ៉េខាងត្បូង​ប្រាប់​អាមេរិក​៖ ការ​រឹតត្បិត​របស់​ជប៉ុន នឹង​មិនល្អ​សម្រាប់​ទំនាក់ទំនង​ត្រីភាគី​ឡើយ​
11, Jul 2019 , 11:34 am        
រូបភាព
នាយករដ្ឋមន្រ្តីជប៉ុន និងប្រធានាធិបតីកូរ៉េខាងត្បូងអំឡុងជំនួប G20 នៅអូសាកា។ រូបភាព Wall Street Journal
នាយករដ្ឋមន្រ្តីជប៉ុន និងប្រធានាធិបតីកូរ៉េខាងត្បូងអំឡុងជំនួប G20 នៅអូសាកា។ រូបភាព Wall Street Journal
​ការ​រឹតត្បិត​របស់​ជប៉ុន​លើ​ការនាំចេញ​វត្ថុធាតុដើម​ទៅកាន់​កូរ៉េខាងត្បូង កំពុង​ក្លាយជា​បញ្ហា​ប្រឈម​ក្នុង​ទំនាក់ទំនង​ត្រីភាគី​អាមេរិក​-​ជប៉ុន​-​កូរ៉េខាងត្បូង​។ រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង កាង ឃ្យុ​ង​វ៉ា ប្រាប់​សម​ភាគី​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ នៅ​ថ្ងៃទី​១០ ខែកក្កដា ថា សកម្មភាព​របស់​ជប៉ុន មិនមែនជា​រឿង​ល្អ​ឡើយ​សម្រាប់​ទំនាក់ទំនង​ត្រីភាគី ហើយ​វា​ប៉ះពាល់​មិនតិច​ឡើយ​ដល់​សង្វាក់​ផលិតកម្ម​ពិភពលោក និង​ក្រុមហ៊ុន​អាមេរិក​ផងដែរ​។​

 
​ប្រមុខ​ការទូត​កូរ៉េខាងត្បូង កាង ឃ្យុ​ង​វ៉ា បាន​ជជែក​តាម​ទូរ​សព្ទ​ជាមួយ​ប្រមុខ​ការទូត​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ ជុំវិញ​បញ្ហា​ពាណិជ្ជកម្ម​ជាមួយ​ជប៉ុន​។ កាលពីដើម​ខែកក្កដា​នេះ ក្រុង​តូ​ក្យូ បានប្រកាស​ចាត់វិធានកា​រ​រឹតត្បិត​ការនាំចេញ​រូបធាតុ​ដើម​សំខាន់ៗ​មួយចំនួន​ដែល​ចាំបាច់​ប្រើប្រាស់​ក្នុង​ការផលិត​បន្ទះ​ឈី​ប និង​ទូរ​សព្ទ​ឆា្ល​ត​វៃ​។ ក្រោម​វិធានការ​ថ្មី ការនាំចេញ​រូបធាតុ​ទាំងនោះ​ទៅកាន់​កូរ៉េខាងត្បូង ត្រូវតែ​ឆ្លងកាត់​នីតិវិធី​ដល់​ទៅ​៩០​ថ្ងៃ​ឯណោះ​។  
 
​នា​កិច្ចសន្ទនា​ប្រមាណ​១៥​នាទី​នៅ​ថ្ងៃទី​១០ ខែកក្កដា លោកស្រី កាង បានបង្ហាញ​ការ​ក្ដីបារម្ភ​របស់​កូរ៉េខាងត្បូង​ជុំវិញ​កា​ររ​រឹតត្បិត​របស់​ជប៉ុន​លើ​រូបធាតុ​ដែល​ត្រូវ​ប្រើ​ក្នុងការ​ផលិតកម្ម​សម្ភា​រ​ទំនើប​។ បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​ក្រសួងការបរទេស​កូរ៉េខាងត្បូង លោកស្រី កាង ប្រា​ប់លោក ប៉ុ​ម​ប៉េ​អូ ពី​ផលប៉ះពាល់​លើ​ក្រុមហ៊ុន​កូរ៉េខាងត្បូង និង​ពាណិជ្ជកម្ម​អន្តរជាតិ ក៏ដូចជា​ក្រុមហ៊ុន​អាមេរិក ព្រោះ​សង្វាក់​ផលិតកម្ម​ត្រូវបាន​កាត់ផ្ដាច់​។ 
 
​នេះ​ក៏​ព្រោះតែ​ក្រុមហ៊ុន​កូរ៉េខាងត្បូង ត្រូវបាន​វត្ថុធាតុដើម​ពី​ជប៉ុន​ក្នុង​ការផលិត​សម្ភារៈ​បច្ចេកវិទ្យា​មាន​បន្ទះ​ឈី​ប​ជាដើម​។ បន្ទះ​ឈី​ប​នេះ ជា​គ្រឿង​ចាំបាច់​សម្រាប់​ការផលិត​គ្រឿង​បរិក្ខារ​ទំនើបៗ​របស់​ក្រុមហ៊ុន​អាមេរិក​ដូចជា​ទូរ​សព្ទ និង​កុំព្យូទ័រ​ផង​។ ដូចនេះ បើ​មាន​បញ្ហា​នៅ​រោងចក្រ​កូរ៉េខាងត្បូង ក្រុមហ៊ុន​អាមេរិក​ក៏​វីវរ​ដូចគ្នា​។ 
 
«​ការ​រឹតត្បិត​របស់​ជប៉ុន មិនមែនជា​រឿង​ល្អ​ក្នុង​ទំនាក់ទំនង​កូរ៉េខាងត្បូង និង​ជប៉ុន ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ត្រីភាគី​កូរ៉េខាងត្បូង​-​ជប៉ុន​-​អាមេរិក​។​» នេះ​ជាការ​សង្កត់ធ្ងន់​របស់​លោកស្រី កាង ទៅកាន់​សម​ភាគី​អាមេរិក​។ តប​នឹង​ការលើកឡើង​របស់​ប្រមុខ​ការទូត​កូរ៉េខាងត្បូង លោក ប៉ុ​ម​ប៉េ​អូ ថា លោក​យល់​ពី​ជំហរ​របស់​ក្រុង​សេ​អ៊ូ​ល​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ប្រមុខ​ការទូត​អាមេរិក និង​កូរ៉េខាងត្បូង បាន​ឯកភាពគ្នា​បន្ត​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ផង និង​ត្រីភាគី​ផង​។  
 
​ក្រោយ​ការប្រកាស​វិធានការ​ពី​សំណាក់​ក្រុង​តូ​ក្យូ ក្រុង​សេ​អ៊ូ​ល មិនទាន់មាន​វិធានការ​តប​អ្វី​នៅឡើយ​ទេ ដោយ​គ្រាន់តែ​បន្ត​ទទូច​ឲ្យ​តូ​ក្យូ​បញ្ឈប់​នូវ​ការសម្រេចចិត្ត​មិន​សមរម្យ​របស់ខ្លួន​វិញ​។ នៅ​ថ្ងៃទី​១០ ខែកក្កដា លោក​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន បាន​កោះប្រជុំ​បន្ទាន់​មួយ​ជាមួយ​ក្រុមហ៊ុន​ធំៗ​នៅ​កូរ៉េខាងត្បូង​ដែល​អាច​រង​ផលប៉ះពាល់​ដោយសារ​ការ​រឹតត្បិត​របស់​ជប៉ុន​។ លោក មូ​ន បានស្នើ​ឲ្យ​ជប៉ុន​គិតគូរ​រឿងនេះ​ម្ដងទៀត មុន​ដើរ​ដល់​ចំណុច​បក​ក្រោយ​លែង​បាន​។​
 
​តាមពិតទៅ ចំណាត់ការ​របស់​ជប៉ុន ត្រូវគេ​ជឿថា ជាការ​ឆ្លើយតប​នឹង​សាលក្រម​ជា​បន្តបន្ទាប់​របស់​តុលាការ​កូរ៉េខាងត្បូង ដែល​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​ដែល​បាន​ប្រើប្រាស់​កម្លាំង​ពលកម្ម​ប្រជាជន​កូរ៉េ​ដោយ​បង្ខំ​ក្នុងអំឡុង​សម័យ​សង្គ្រាម បង់ថ្លៃ​សំណង​ដល់​ជនរងគ្រោះ​។ ម្យ៉ាងទៀត លោក មូ​ន ផ្ទាល់​ហៅ​ការ​រឹតត្បិត​នេះ​ជា​រឿង​នយោបាយ ព្រោះ​នៅ​ជប៉ុន​កំពុង​រៀបចំ​ការបោះឆ្នោត​ព្រឹទ្ធសភា ដូចនេះ​បក្ស​កាន់អំណាច​នៅ​ជប៉ុន ត្រូវការ​មូលហេតុ​ដើម្បី​ទាក់ទាញ​ការគាំទ្រ​៕ 

Tag:
 កូរ៉េខាងត្បូង​
  អាមេរិក​
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com