អភិបាលខេត្ត​ព្រះវិហារ បញ្ជា​ឲ្យ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ក្រោយ​រកឃើញថា​នៅតែ​កើតមាន​
ជាតិ
សង្គមជាតិ
អភិបាលខេត្ត​ព្រះវិហារ បញ្ជា​ឲ្យ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ក្រោយ​រកឃើញថា​នៅតែ​កើតមាន​
11, Jul 2019 , 3:45 pm        
រូបភាព
​លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ បានចេញ​វិធានការ​មួយ នៅ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៩ ស្តីពី​ការទប់ស្កាត់ និង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុង​ដែនដី​របស់ខ្លួន​។ លោក ប្រាក់ សុវណ្ណ លើកឡើងថា ការ​លួច​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ នៅតែ​បន្ត​កើតមាន​ជា​បន្តបន្ទាប់ តាម​គ្រប់​មធ្យោបាយ និង​គ្រប់​រូបភាព​។

 
​លោក​អភិបាលខេត្ត បាន​បញ្ជា​ទៅ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ឲ្យ​អនុវត្ត​វិធានការ​នេះ និង​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរឹង​ចំពោះ​បុគ្គល ឬ​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​ល្មើស​ធនធាន​ធម្មជាតិ ហើយ​មធ្យោបាយ​ផ្សេងៗ ត្រូវបាន​ប្រើប្រាស​ក្នុងការ​កាប់​និង​ដឹកឈើ ត្រូវ​ស្នើសុំ​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​បំផ្លាញចោល​នៅនឹងកន្លែង​។​
 
​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បានចេញ​ផ្សាយ​វិធានការ​ថ្មី​មួយ ដោយ​ប្រកាសថា នឹង​បំផ្លាញចោល​គ្រប់​មធ្យោបាយ ដូចជា រថយន្ត គោយន្ត និង​ម៉ូតូ ជាដើម ដែល​ប្រើ​ក្នុង​បទល្មើស​ព្រៃឈើ​។​
 
​ជាក់ស្តែង កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៩ កម្លាំង​សមត្ថកិច្ច បាន​កម្ទេច​រថយន្ត​ដឹកឈើ​ខុសច្បាប់​៤​គ្រឿង ដែល​រឹបអូស​បាន​ក្រុម​ឈ្មួញ​របស់លោក​ឧកញ៉ា ស៊ឹង សំអុល នៅ​ខេត្ត​ម​ណ្ឌ​គិរី​។ នៅ​រថយន្ត​ជាង​៤០​គ្រឿង​ទៀត ដែល​សមត្ថកិច្ច នឹង​កម្ទេចចោល​តាម​ក្រោយ​។ ចំណែក ឧកញ៉ា ស៊ឹង សំអុល និង គ្នីគ្នា​៣​នាក់​ទៀត ត្រូវ​ឃាត់ខ្លួន​។  
 
​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម លោក វេ​ង សាខុន បាន​សរសេរ​លិខិត​មួយ កាលពី​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៩ ផ្ញើ​ទៅ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ដើម្បី​សុំ​អន្តរាគមន៍​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​តាម​ច្រកព្រំដែន​អន្តរជាតិ​ដាក់​ដាំ ខេត្តមណ្ឌលគិរី ខណៈដែល​មន្ត្រី​ជំនាញ​រកឃើញថា មាន​រថយន្ត​សាំ​យ៉ុង​រាប់​រាប់រយ​គ្រឿង​ដឹកជញ្ជូន​ឈើ​ឆ្លងដែន ទៅ​លក់​នៅ​ប្រទេស​វៀតណាម​។ 
 
​ជុំវិញ​វិធានការ​ខាងលើ សកម្មជន​ការពារ​បរិស្ថាន លោក ហេង ស្រស់ នៅតែមាន​ជំនឿ​តិចតួច ដោយសារតែ​កន្លងមក អជ្ញាធរ​តែងតែមាន​វិធានការ​ថ្មី​រហូត ប៉ុន្តែ​ការ​ការកាប់បំផ្លាញ​ព្រៃឈើ​នៅតែ​បន្ត​មាន​ជា​ហូរហែ​។ លោក​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្រុមការងារ​របស់លោក​នឹង​បន្ត​តាមដាន​លើ​វិធានការ​ការពារ​ធនធាន​ធម្មជាតិ​ថ្មី​នេះ ថា​ជា​ចំណាត់ការ​លើ​ក្រដាស ឬក៏​អាជ្ញាធរ អនុវត្ត​ពិ​ប្រាកដ​មែន​។​
 
​សកម្ម​ជ​បរិស្ថាន​រូបនេះ និយាយ​ដូច្នេះ​ថា​៖«​ពីមុនៗ​មក ទាំង​ក្រសួង ឬ រដ្ឋាភិបាល សុទ្ធតែ​បានចេញ​វិធានការ លើ​ការកាប់បំផ្លាញ​ព្រៃឈើ ប៉ុន្តែ​លទ្ធផល​ចុងក្រោយ មិនឃើញ​មាន​ចំណាត់ការ​ណាមួយ​ទទួលបាន​លទ្ធផល​ជា​ដុំកំភួន ក្នុងការ​ការពារ​ព្រៃឈើ​នោះទេ​»​។​
 
​របាយការណ៍​របស់​ប​ណ្ដា​ញ​សហគមន៍​ព្រៃ​ឡង់ បាន​បង្ហាញថា បទល្មើស​ព្រៃឈើ​នៅតែ​បន្ត​កើនឡើង​។ ប៉ុន្តែ កន្លងមក មន្ត្រី​បរិស្ថាន អះអាងថា ថយចុះ​ម្រ​មាណ​២០​ភាគរយ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com