ជាតិ
លោក ផៃ ស៊ី​ផាន ប្រាប់​ឲ្យ​អ្នកកាសែត​ធ្វើ​របាយការណ៍​ទៅ​លោក បើសិន​ពិបាក​ទាក់ទង​អ្នកនាំពាក្យ​តាម​ក្រសួង​
11, Jul 2019 , 4:19 pm        
រូបភាព
រូបពីហ្វេសប៊ុកអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល
រូបពីហ្វេសប៊ុកអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល
​ភ្នំពេញ​៖ បើ​អ្នកកាសែត​ទាក់ទង​ទៅ​អ្នកនាំពាក្យ​តាម​ក្រសួង​នីមួយៗ​មិន​បានទេ ត្រូវធ្វើ​របាយការណ៍​ទៅ​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល ដើម្បី​ដុះក្អែល​មន្ត្រី​នាំពាក្យ​ស្ថាប័ន ឲ្យ​ក្លាយជា​អ្នកផ្ដល់​ព័ត៌មាន​យ៉ាងសកម្ម​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ នេះ​ជាការ​លើកឡើង​របស់លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​អង្គភាព​រដ្ឋាភិបាល​។​


 
​លោក ផៃ ស៊ី​ផាន ប្រាប់​ឲ្យ​អ្នកកាសែត​ផ្ញើ​សំនួរ​ទាក់ទង​នឹង​ក្រសួង ដែល​បំពេញការងារ​នៅលើ​វិស័យ​ណាមួយ ទៅកាន់​អង្គភាព​លោក ដើម្បី​លោក​ស្នើ​ទៅ​ថ្នាក់ដឹកនាំ​ស្ថាប័ន​នោះ មក​បកស្រាយ​នៅក្នុង​សន្និសីទកាសែត ជុំវិញ​បញ្ហា​នីមួយៗ​។ បើតាម​លោក ផៃ ស៊ី​ផាន អង្គភាព​លោក​នឹង​ដោះស្រាយ​រាល់​បញ្ហាលំបាក​របស់​អ្នកកាសែត ដែល​ទាក់ទង​ទៅ​មន្ត្រី​អ្នកនាំពាក្យ​តាម​ក្រសួង ហើយ​មិន​ទទួលបាន​ការឆ្លើយតប​ផងដែរ​។​



 
​ថ្លែង​នៅក្នុង​សន្និសីទកាសែត ជុំវិញ​បញ្ហា​ជំងឺប៉េស្ត​ជ្រូកអាហ្វ្រិក ដោយមាន​ការចូលរួម​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​១១ កក្កដា អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​និយាយ​ដូច្នេះ​ថា​៖«​សូមមេត្តា​(​អ្នកកាសែត​)​ផ្ញើ​សំនួរ​នៅក្នុង​វិស័យ​ណា ដែល​យើង​ចង់ដឹង ពីព្រោះ​យន្តការ​របស់​យើងខ្ញុំ​ហ្នឹង គឺ​បានការ​អនុគ្រោះ​ពីស​ម្ដេច ហ៊ុន សែន ហ្នឹង យើង​មានលទ្ធភាព​ក្នុងការ​អញ្ជើញ​មន្ត្រី​ទាំងអស់ មក​ជម្រាបជូន​មហាជន​យើង​តាមរយៈ​អ្នកសារព័ត៌មាន​។ បន្ទាប់មកទៀត ចំពោះ​ឧបសគ្គ​របស់​អ្នកសារព័ត៌មាន​ក្នុងការ​ទូរ​សព្ទ​ទៅ​អ្នកនាំពាក្យ​មិន​ឆ្លើយ សុំ​ធ្វើ​របាយការណ៍​មក​យើងខ្ញុំ នូវ​សំនួរ​រឿង​អ្វី យើង​អាច​ស្វែងរក​សំនួរ​នេះ ឆ្លើយ​ជំនួស​គាត់​(​អ្នកនាំពាក្យ​តាម​ក្រសួង​) ហើយ​យើង​នឹង​ដុះ​ខាត​ពួកគាត់​ឲ្យ​ក្លាយជា​អ្នកនាំពាក្យ​ដ៏​សកម្ម​មួយ »​។​
 
​មួយរយៈ​ពេល​ចុង​ក្រោយនេះ គេ​សង្កេតឃើញថា អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល បានរៀបចំ​សន្និសីទ​ជុំវិញ​បញ្ហា​នានា នៅក្នុង​សង្គម ដោយ​ឲ្យ​ក្រសួងសាមី ដែល​ពាក់ព័ន្ធ​និង​ទទួល​ភារកិច្ច​លើ​បញ្ហា​ទាំងនោះ ចូលមក​បកស្រាយ និង​ដោះស្រាយ​ចម្ងល់ តាមរយៈ​ការសួរដេញដោល​ពី​អ្នកកាសែត​។ ជាក់ស្ដែង​នៅ​ថ្ងៃទី​១១ កក្កដា​នេះ ខាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួងសុខាភិបាល បាន​បកស្រាយ​ជុំវិញ​បញ្ហា​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ដែល​កំពុង​ផ្ទុះឡើង​នៅ​កម្ពុជា​។ ហើយ​នៅ​សប្ដាហ៍​ក្រោយនេះ អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល នឹង​ហៅ​គណៈកម្មាធិការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ ទៅ​បកស្រាយ​នៅក្នុង​សន្និសីទកាសែត ជុំវិញ​បញ្ហា​ព្រៃឈើ​ទៀតផង​។ នេះ​បើតាម​លោក ផៃ ស៊ី​ផាន​។​
 
​ជាមួយគ្នានេះ លោក ផៃ ស៊ី​ផាន ក៏​ស្នើ​ឲ្យ​អ្នកកាសែត​តាំង​សំនួរ​នានា ឲ្យ​បាន​ត្រឹមត្រូវ​ផងដែរ ដើម្បី​ទទួលបាន​ចម្លើយ​ល្អ​ត្រឡប់មកវិញ​៕

Tag:
 ផៃ ស៊ី​ផាន​
  អ្នកនាំពាក្យ​
  រដ្ឋាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com