ដាច់​សរសៃ​ជង្គង់ និង​ប្រេះ​ឆ្អឹង​ស្មងជើង ធ្វើ​ឲ្យ ឃីម ឌី​ម៉ា ត្រូវ​អវត្តមាន​នៅ​ស៊ី​ហ្គេម និង​ការប្រកួត​ធំៗ​
កីឡាជាតិ
ជាតិ
ដាច់​សរសៃ​ជង្គង់ និង​ប្រេះ​ឆ្អឹង​ស្មងជើង ធ្វើ​ឲ្យ ឃីម ឌី​ម៉ា ត្រូវ​អវត្តមាន​នៅ​ស៊ី​ហ្គេម និង​ការប្រកួត​ធំៗ​
11, Jul 2019 , 8:19 pm        
រូបភាព
កីឡាករ ឃីម ឌីម៉ា ពេលប្រកួតស៊ីហ្គេម និងពេលពិនិត្យរបួស
កីឡាករ ឃីម ឌីម៉ា ពេលប្រកួតស៊ីហ្គេម និងពេលពិនិត្យរបួស
​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម ឃីម ឌី​ម៉ា បាន​រងរបួស​ជើង​ស្តាំ​យ៉ាងធ្ងន់ធ្ងរ ដែល​អាច​ចំណាយពេល​ព្យាបាល​ជាង​១​ឆ្នាំ​។ បញ្ហា​នេះ​ធ្វើ​ឲ្យ ឌី​ម៉ា ត្រូវ​អវត្តមាន​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ប្រទេស​ហ្វីល​ពី​ន​ឆ្នាំនេះ និង​បោះបង់​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​មួយចំនួន​នៅតាម​ស្ថានីយទូរទស្សន៍​។ ក្រោយ​គ្មាន​លទ្ធភាព​បង់ថ្លៃ​ព្យាបាល​នៅ​ប្រទេស​ថៃ ដែល​ទារ​១៥,០០០​ដុល្លារ ឌី​ម៉ា បាន​ត្រឡប់មក​កម្ពុជា​វិញ​ហើយ​។​

 
​លោក ហេង ប៊ុន​ឃីម ឪពុក​បង្កើត​កីឡាករ ឃីម ឌី​ម៉ា បាន​ប្រាប់​ពី​ស្ថានភាព​របួស​របស់​កូនប្រុស ក្រោយ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ជំនាញ​នៅ​ប្រទេស​ថៃ ថា កូនប្រុស​លោក​បាន​រង​របួស​ជើង​ស្តាំ​យ៉ាងធ្ងន់ធ្ងរ ដោយ​ដាច់​សរសៃពួរ​ក្បាលជង្គង់ ប្រេះ​ឆ្អឹង​ស្មងជើង និង​ដុះ​សាច់​ត្រង់​របួស​ស្មងជើង​ជាដើម​។ បញ្ហា​របួស​ប្រេះ​ឆ្អឹង​ស្មងជើង​រហូត​មាន​ដុះ​សាច់​នេះ គឺ​បាន​កើតឡើង​ប្រមាណ​ជាង​១​ឆ្នាំ​មកហើយ ខណៈ​របួស​ដាច់​សរសៃ​ពួរ​ក្បាលជង្គង់​បាន​រង​ក្នុង​អំ​ឡុ​ល​ពេល​ប្រកួត​ជាមួយ​កីឡាករ​ថៃ កាលពីពេល​ថ្មីៗ​។ 
 
​គ្រូបង្វឹក​រូបនេះ បាន​អះអាងថា បញ្ហា​របួស​របស់ ឌី​ម៉ា ទាមទារ​វះកាត់​ជា​ចាំបាច់ បើ​ពុំ​នោះទេ​របួស​នេះ​នឹង​វិវឌ្ឍន៍​ទៅរក​ស្ថានភាព​ធ្ងន់ធ្ងរ​រហូត​ឈានដល់​ពិការភាព​។ ដោយ​យល់ឃើញ​បែបនេះ ទើប លោក សម្រេចចិត្ត​នាំ ឌី​ម៉ា ទៅពិនិត្យ​និង​វះកាត់​នៅ​ប្រទេស​ថៃ តែដោយសារ​ថ្លៃ​វះកាត់​នៅ​ទីនោះ​មានតម្លៃ​ថ្លៃ​លើសពី​លទ្ធភាព លោក​រួមជាមួយ​កូនប្រុស ក៏​ត្រឡប់មក​កម្ពុជា​វិញ​។ សម្រាប់​ការព្យាបាល​នៅ​ប្រទេស​ថៃ គ្រូពេទ្យ​ទារ​ថ្លៃ​ចំនួន​១៥,០០០​ដុល្លារ លើ​សេវា​វះកាត់​និង​ព្យាបាល​។ 
 
​លោក ហេង ប៊ុន​ឃីម ដែលជា​គ្រូបង្វឹក​ផង​នោះ​កំពុង​ស្ទាក់ស្ទើរ​ក្នុងការ​សម្រេចចិត្ត ថា​គួរ​នាំ ឌី​ម៉ា ទៅ​វះកាត់​នៅ​វៀតណាម ឬ​ទៅ​ប្រទេស​ថៃ ព្រោះ​មាន​អ្នកជិតខាង​ណែនាំ​ថា ពួកគេ​ស្គាល់​មន្ទីរពេទ្យ​នៅ​ប្រទេស​ថៃ ដែល​អាច​ចំណាយ​ក្រោម​១​ម៉ឺន​ដុល្លារ​។ ប៉ុន្តែ​បច្ចុប្បន្ន​កីឡាករ​រូបនេះ កំពុង​ពិនិត្យ​របួស​នៅ​មន្ទីរ​ពេទ្យរុស្ស៊ី បន្ទាប់ពី​លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​ហៅ​រូបគេ​ឲ្យ​មក​ព្យាបាល​នៅ​រាជធានី​ភ្នំពេញ​។ សម្រាប់​ការព្យាបាល​នៅ​ភ្នំពេញ​មិន​តម្រូវ​ឲ្យ ឌី​ម៉ា បង់ថ្លៃ​លើ​ការព្យាបាល​នោះទេ​។   
 
​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​កាលពី​ថ្ងៃទី​១ កក្កដា រាល់​កីឡាករ​ជម្រើសជាតិ​ថ្នាល និង​ឈុត​ធំ ដែល​កំពុង​ហ្វឹកហាត់​ត្រៀម​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ហ្វីលីពីន និង​ឆ្ពោះទៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ គឺ​មិន​តម្រូវ​ឲ្យ​បង់ប្រាក់​នោះទេ បើ​ពួកគេ​ទៅពិនិត្យ​និង​ព្យាបាល​នៅ​មន្ទីរ​ចំនួន​៤​នៅ​រាជធានី​ភ្នំពេញ​។ មន្ទីរពេទ្យ​ទាំងនេះ រួមមាន​មន្ទីរពេទ្យ​កាល់ម៉ែត មន្ទីរពេទ្យ​សូ​វៀត មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​ចិន​(​ព្រះកុសុមៈ​) និង​មន្ទីរពេទ្យ​ព្រះ​អង្គឌួង​។  
 
​ទោះបី​យ៉ាងនេះ​ក្តី ទាំង​កីឡា​ករសា​ម៉ី​ខ្លួន និង​គ្រួសារ​កំពុងតែ​ស្ទាក់ស្ទើរ ថា​គួរ​ទទួល​សេវា​ព្យាបាល​នៅក្នុង​ស្រុក ឬ​ក្រៅ​ស្រុក​។ តែបើ​តាមចិត្ត​កីឡាករ ឃីម ឌី​ម៉ា គឺ​រូបគេ​ចង់​ទទួល​សេវា​ព្យាបាល​ក្រៅ​ស្រុក​ជាង​នៅក្នុង​ស្រុក​។ តែ​យ៉ាងណា​មកទល់ពេលនេះ គេ​មិនទាន់​ដឹងថា កីឡាករ​រូបនេះ​ជ្រើស​រើសយក​ជម្រើស​ណាមួយ​ក្នុងចំណោម​ជម្រើស​ទាំងពីរ​នៅឡើយ​ទេ​។ 
 
​កីឡាករ ឃីម ឌី​ម៉ា អាច​អវត្តមាន​ពីស​ង្វៀន​ប្រកួត​យ៉ាងតិច​១​ឆ្នាំ​។ បើតាម​អ្នកជំនាញ របួស​របស់គេ អាច​ចំណាយពេល​ជាង​១​ឆ្នាំ​ក្នុងការ​ព្យាបាល​។ បញ្ហា​របួស​នេះ ធ្វើ​ឲ្យ​ម្ចាស់​មេដាយមាស​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០១៧​រូបនេះ អវត្តមាន​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ប្រទេស​ហ្វីលីពីន​ឆ្នាំនេះ និង​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​មួយចំនួន​នៅតាម​ស្ថានីយទូរទស្សន៍​។ ជាក់ស្តែង​កាលពីពេល​កន្លងទៅ​ថ្មីៗ រូបគេ បាន​ដកខ្លួន​ចេញពី​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់ ISI Palm របស់​ស្ថានីយទូរទស្សន៍​ភី​អិន​អិន​៕   

Tag:
 ប្រដាល់​គុន​ខ្មែរ​
  ឃីម ឌី​ម៉ា​
  ហេង ប៊ុន​ឃីម
© រក្សាសិទ្ធិដោយ thmeythmey.com