អន្តរជាតិ
អង់គ្លេស​ចោទ​អ៊ីរ៉ង់​ថា បង្អាក់ដំណើរ​កប៉ាល់​ខ្លួន​នៅ​ច្រក Hormuz តែ​អ៊ីរ៉ង់​បដិសេធ​
11, Jul 2019 , 8:39 pm        
រូបភាព
នាវា HMS Montrose របស់អង់គ្លេសដែលបណ្ដេញកប៉ាល់អ៊ីរ៉ង់ឲ្យចេញពីឆ្ងាយពីកប៉ាល់ដឹកប្រេងអង់គ្លេសនៅច្រក Hormuz ។ រូបភាព Getty Images
នាវា HMS Montrose របស់អង់គ្លេសដែលបណ្ដេញកប៉ាល់អ៊ីរ៉ង់ឲ្យចេញពីឆ្ងាយពីកប៉ាល់ដឹកប្រេងអង់គ្លេសនៅច្រក Hormuz ។ រូបភាព Getty Images
​ចក្រភព​អង់គ្លេស នៅ​ថ្ងៃទី​១១ ខែកក្កដា បាន​ចោទ​អ៊ីរ៉ង់​ថា បាន​បង្អាក់ដំណើរ​រប​ស់ក​ប៉ាល់​ដឹក​ប្រេង​របស់ខ្លួន​នៅឯ​ច្រក​សមុទ្រ Hormuz ។ ប៉ុន្តែ​អ៊ីរ៉ង់​បាន​ចេញមុខ​បដិសេធ​ការចោទប្រកាន់​នេះ​។ ហេតុការណ៍​នេះ បាន​ដុត​កម្ដៅ​ស្ថានការណ៍​នៅ​តំបន់​ឈូង​សមុទ្រ​ឲ្យ​កាន់តែ​តានតឹង បន្ថែម​ពី​ការប្រឈមមុខ​រវាង​អាមេរិក និង​អ៊ីរ៉ង់​នោះ​។ ពី​វ៉ាស៊ីនតោន​ឯណោះ លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​គំរាម​ដាក់ទណ្ឌកម្ម​កាន់​តែ​ធ្ងន់​លើ​អ៊ីរ៉ង់​។ 

 
​ស្របពេល​ការប្រឈមមុខ​រវាង​អាមេរិក និង​អ៊ីរ៉ង់​កំពុង​ក្ដៅ​នៅឡើយ ការប្រឈមមុខ​មួយទៀត​ក៏​ចាប់​ផ្ដើមឡើង​នៅ​ច្រក​សមុទ្រ Hormuz ដ៏​សំខាន់​។ នៅ​ថ្ងៃទី​១១ ខែកក្កដា​នេះ ក្រសួងការពារជាតិ​អង់គ្លេស និយាយថា នាវា​យោធា​អ៊ីរ៉ង់ បាន​បង្ក​រាំងស្ទះ​ដល់​ការធ្វើដំណើរ​របស់​កប៉ាល់​ដឹក​ប្រេង​របស់ខ្លួន មុននឹង​ត្រូវ​បង្ខំ​ឲ្យ​ទៅ​ឆ្ងាយ​ដោយ​នាវាចម្បាំង​អង់គ្លេស​មួយគ្រឿង​ទៀត​។ រឿងនេះ បង្ក​ជាការ​តានតឹង​ថ្មី​មួយ​ជាមួយ​ក្រុង​តេ​ហេ​រ៉ង់​។​
 
​ពីដំបូង ហេតុការណ៍​នេះ​ត្រូវបាន​ទូរទស្សន៍​អាមេរិក CNN ផ្សាយ​ថា យោធា​អ៊ីរ៉ង់​ចង់​រឹបអូស​កប៉ាល់​ដឹក​ប្រេង​អង់គ្លេស​។ ប៉ុន្តែ​ក្នុង​សេចក្ដីប្រកាស​របស់ខ្លួន ក្រសួងការពារជាតិ​អង់គ្លេស​បញ្ជាក់ថា យោធា​អ៊ីរ៉ង់​បាន​ត្រឹម​ព្យាយាម​រារាំង​ដំណើរ​កប៉ាល់​ឈ្មោះ British Heritage ដែលជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ប្រេង BP ។ ក្រសួងការពារជាតិ​អង់គ្លេស​បន្តថា កប៉ាល់​អ៊ីរ៉ង់​បី​គ្រឿង បាន​ប៉ុនប៉ង​ធ្វើ​សកម្ម​ភាពផ្ទុយ​ច្បាប់​អន្តរជាតិ មុននឹង​ត្រូវបាន​នាវា​យោធា HMS Montrose ចូល​អន្តរាគមន៍​។​
 
​អ៊ីរ៉ង់​បាន​បដិសេធ​ការ​ចោទ​នេះ​។ ក្រុម​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​ដ៏​មាន​ឥទ្ធិពល និង​ជា​មុខសញ្ញា​របស់​អាមេរិក​នោះ អះអាងថា  មិនមាន​ការប្រឈមមុខ​ជាមួយ​កប៉ាល់​បរទេស​អ្វី​ឡើយ​ក្នុង​រយៈពេល​២៤​ម៉ោង​នេះ រាប់ទាំង​ជាមួយ​កប៉ាល់​អង់គ្លេស​ផង​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​ហេតុការណ៍​ខាងលើនេះ ជា​ការប្រទាំងប្រទើស​ថ្មី​មួយ​រវាង​អង់គ្លេស និង​អ៊ីរ៉ង់ បន្ទាប់ពី​ការឃាត់ទុក​កប៉ាល់​ដឹក​ប្រេង​អ៊ីរ៉ង់​នៅ Gibraltar ។ អាជ្ញាធរ Gibraltar ដែលជា​ទឹកដី​អង់គ្លេស​នៅជាប់​អេ​ស្ប៉ា​ញ បញ្ជាក់ថា កប៉ាល់​ដឹក​ប្រេង​អ៊ីរ៉ង់​នោះ មាន​គោលដៅ​ស៊ី​រី ដែលជា​កំពុង​ជាប់​ទណ្ឌកម្ម​របស់​អឺរ៉ុប​។ ក្រុង​តេ​ហេ​រ៉ង់​បាន​ប្រតិកម្ម​ខ្លាំង​នឹង​ចំណាត់ការ​របស់​អង់គ្លេស ដោយ​ប្រធានាធិបតី ហាសាន់ រូ​ហា​នី ព្រមាន​ក្រុង​ឡុង​ដ៍​ពី​ផល​វិ​បាល​ធ្ងន់ធ្ងរ​ផងដែរ​។​
 
​លើ​បញ្ហា​អ៊ីរ៉ង់​នេះដែរ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​គំរាម​ដាក់ទណ្ឌកម្ម​ជាថ្មី​លើ​អ៊ីរ៉ង់​។ តាម Twitter របស់ខ្លួន លោក ត្រាំ ចោទ​ក្រុង​តេ​ហេ​រ៉ង់​ជាថ្មីៗ​ថា បាន​លួចលាក់​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​ដែល​ប្រើ​ក្នុង​ការផលិត​នុយក្លេអ៊ែ​រ ដែល​នោះ​ជាការ​បំពាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ ។ លោក ត្រាំ បន្តថា កិច្ចព្រមព្រៀង​នេះ នឹង​អស់​សុពលភាព​នៅពេល​ខាងមុខ ហើយ​ទណ្ឌកម្ម​ធ្ងន់ៗ​នឹង​ធ្លា​ក់លើ​អ៊ីរ៉ង់​មិន​ខាន​៕  

Tag:
 អង់គ្លេស​
  អ៊ីរ៉ង់​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com