ជាតិ
សង្គមជាតិ
គង់ រ៉ៃយ៉ា ជាប់ឃុំលើកទីពីរ ក្រោយលក់អាវមានរូបនិងទ្រឹស្តីរបស់បណ្ឌិត កែម ឡី
11, Jul 2019 , 5:16 pm        
រូបភាព
ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឲ្យសមត្ថកិច្ច យកលោក គង់ រ៉ៃយ៉ា ទៅឃុំនៅពន្ធនាគារព្រៃសជាបណ្តោះអាសន្ន នៅល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រោមបទចោទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដោយសារតែអំពាវនាវលក់អាវយឺត ដែលមានរូបនិងទ្រឹស្តីរបស់លោកបណ្ឌិត កែម ឡី។ ការសម្រេចឃុំខ្លួននេះ គឺធ្វើឡើងក្រោយលោក គង់ រ៉ៃយ៉ា ឆ្លងកាត់ការសាកសួរពីរថ្ងៃរួចមក ពីសំណាក់ព្រះរាជអាជ្ញា និងចៅក្រមស៊ើបសួរ។



លោក សំ សុគង់ មេធាវីរបស់លោក គង់ រ៉ៃយ៉ា ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ ដូច្នេះថា៖«ខ្ញុំ មិនអាចទទួលយកបានទេចំពោះការឃុំខ្លួននេះ។ ខ្ញុំ អាចនឹងដាក់សំណើទៅចៅក្រមស៊ើបសួរនៅសប្តាហ៍ក្រោយ ដើម្បីសុំឲ្យកូនក្តីខ្ញុំនៅក្រៅឃុំជាបណ្តោះអាសន្ន»។

អត្ថបទទាក់ទង



លោក គង់ រ៉ៃយ៉ា និង ភរិយា រួមទាំងមនុស្សពីរនាក់ផ្សេងទៀត ត្រូវឃាត់ខ្លួនកាលពីថ្ងៃទី៩ ខែកក្កដា គឺមុនមួយថ្ងៃនៃការរម្លឹកខួបបីឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី។ តែ ភរិយារបស់លោក និងមនុស្សពីរនាក់ទៀត ត្រូវបានដោះលែងវិញ។

សូមរម្លឹកថា លោក គង់ រ៉ៃយ៉ា ធ្លាប់ជាប់ពន្ធនាគារ១ឆ្នាំកន្លះម្តងរួចមកហើយ និងត្រូវបានដោះលែងវិញកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៧។ មូលហេតុដែលបណ្តាលឲ្យលោក ជាប់ពន្ធនាគារនាពេលនោះ គឺដោយសារតែលោកបង្ហោះសារលើបណ្តាញសង្គម ដោយបង្ហាញពីបំណងធ្វើបដិវត្តពណ៌៕

Tag:
 សំ សុគង់
  គង់ រ៉ៃយ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com