ជាតិ
ស្លាក​យីហោ​ជាង​១០​ដែល​មិន​ត្រឹមត្រូវ និង​យក​អក្សរ​បរទេស​ជា​អាទិភាព ត្រូវបាន​រុះរើ​ចោល​
11, Jul 2019 , 8:59 pm        
រូបភាព
​ក្រសួងពាណិជ្ជកម្ម និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ចុះ​រុះរើ​ស្លាក​យីហោ​អាជីវកម្ម​១១​ទីតាំងនៅ​ទល់មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។ ការចុះ​ទម្លាក់​ស្លាក​យីហោ​នេះ ដោយសារតែ​ស្លាក​ទាំងនោះ មាន​សរសេរ​ភាសាបរទេស​ពីលើ​ភាសា​ខ្មែរ សរសេរ​អក្សរ​បរទេស​សុទ្ធ និង​សរសេរ​ភាសា​ខ្មែរ​មិន​ត្រឹមត្រូវ​តាម​ខ្លឹមសារ​។

 
«​យើង​បាន​ប្រាប់​ពួកគាត់​ឲ្យ​បំពេញ​លក្ខខណ្ឌ​បី​ចំណុច ទី​១ ត្រូវ​ប្រើប្រាស់​ពាក្យពេចន៍​ឲ្យ​បាន​ត្រឹមត្រូវ ចំពោះ​ស្លាក​យីហោ​ជា​ភាសា​ខ្មែរ ទី​២ ការលើក​ស្លាក​យីហោ ត្រូវសុំ​ការអនុញ្ញាត​ជាមុន​ពី​ក្រសួង ឬ​មន្ទីរ​ពាណិជ្ជកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ និង​ទី​៣ ការដាក់​ពាក្យសុំ​លើកស្លា​ក​យីហោ​អាជីវកម្ម ត្រូវធ្វើ​តាមរយៈ​ច្រកចេញចូល​តែមួយ​របស់​សាលា​រាជធានី ឬ​ខេត្ត​»​។ នេះ​បើតាម​ការអះអាង​របស់​លោក វ៉េង សុធី រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​។​
 
​ការចុះ​រុះរើ​របស់​អាជ្ញាធរ​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​១០​កក្កដា ឆ្នាំ​២០១៩ មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្សី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ អាជ្ញាធរ​បានធ្វើ​ការណែនាំ​ម្ចាស់​អាជីវកម្ម​ទាំង​១១​ទីតាំង ស្ដីពី​ច្បាប់ពាណិជ្ជកម្ម និង​ការស្នើសុំ​នាម​ករ​ណ៍​ផ្លូវការ​សម្រាប់​អាជីវក​កម្ម​ឬ​ក្រុមហ៊ុន​នៅ​កម្ពុជា​។​
 
​ទន្ទឹមនឹងនេះ ស្ថាប័ន​ជំនាញ បាន​រំលឹក​ម្ចាស់​អាជីវកម្ម​ទាំងអស់​ឲ្យ​ប្រើប្រាស់​ពាក្យពេចន៍​ត្រឹមត្រូវ ត្រូវសុំ​ការអនុញ្ញាត​ពី​ក្រសួង​ឬ​មន្ទីរ និង​ស្ថាប័ន​ពាក់ព័ន្ធ​មុន​លើក​ស្លាក​យីហោ និង​ការដាក់​ពាក្យស្នើសុំ​ត្រូវធ្វើ​ស្លាក​អាជីវកម្ម​ត្រូវធ្វើ​តាម​ច្រកចេញចូល​តែមួយ​នៅ​រាជធានី​ខេត្ត​៕ 

Tag:
 ក្រសួងពាណិជ្ជកម្ម​
  ទម្លាក់​ស្លាក​យីហោ
© រក្សាសិទ្ធិដោយ thmeythmey.com