កីឡាអន្តរជាតិ
អន្តរជាតិ
លោកត្រាំ ទំនងជាលុបការអញ្ជើញក្រុមស្ត្រីអាមេរិកដែលឈ្នះ World Cup ទៅសេតវិមាន
× បន្ទាប់ពីក្រុមកីឡាបាល់ទាត់ជម្រើសជាតិនារីអាមេរិកអាចដណ្តើមពាន FIFA Women's World Cup ឆ្នាំ២០១៩ ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ ហាក់ចង់ក្រឡាស់ពាក្យសន្យារបស់លោកដែលធ្លាប់និយាយថានឹងអញ្ជើញក្រុមកីឡាការិនីទាំងអស់ទៅសេតវិមានដោយមិនខ្វល់ពីលទ្ធផលឈ្នះចាញ់។ គម្រោងលុបចោលការអញ្ជើញនេះ ទំនងជាមានពាក់ព័ន្ធនឹងសម្តីរបស់សហប្រធានក្រុមអាមេរិក Megan Rapinoe ដែលអះអាងថានាងនឹងមិនទៅជាន់សេតវិមាន ខណៈមិត្តរូមក្រុមមួយចំនួនក៏គាំទ្រការលើកឡើងនេះដែរ។
«យើងមិនបានគិតពីរឿងនេះទេ» VOA បានស្រង់សម្តីរបស់លោកត្រាំបែបនេះបន្ទាប់ពីអាមេរិកឈ្នះ ២-០ លើហូឡង់ក្នុងជំនួបផ្តាច់ព្រ័ត្រ World Cup នារីដែលរៀបចំនៅប្រទេសបារាំង។ លោកបន្ថែមថា៖«យើងនឹងពិនិត្យមើលរឿងនេះម្តងទៀត»។
នាអំឡុងការប្រកួត World Cup នារីលើកទី៨ ប្រធានាធិបតីអាមេរិករូបនេះធ្លាប់រិះគន់ Rapinoe តាមរយៈបណ្តាញសង្គម Twitter ឲ្យនាងចេះគោរព«ប្រទេសជាតិផង» និងថា«ចាំឈ្នះពានជាមុនសិនទៅសឹមនិយាយបែបនេះ» បន្ទាប់ពីកីឡាការិនីខាងលើអះអាងថាមិនទៅជាន់សេតវិមានទេ បើសិនអាមេរិកលើកពាន។
ការលើកឡើងរបស់ Rapinoe បែបនេះ ក៏មានការគាំទ្រពីមិត្តរួមក្រុមនាង Ali Krieger និង Alex Morgan រួមជាមួយអ្នកផ្សេងមួយចំនួនទៀត ដោយមិនទៅកាន់សេតវិមាន បើទោះជាមានការអញ្ជើញណាមួយពីសំណាក់លោកត្រាំក៏ដោយ។
ម្យ៉ាងវិញទៀត ខ្សែបម្រើវ័យ៣៤ឆ្នាំ និងជាម្ចាស់ស្បែកជើងមាស (Golden Boot) នា ព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៩ ថែមទាំងហ៊ានអះអាងថាមិនមានអ្នកទៅចូលរួមច្រើនទេប្រសិនបើមានអ្នការអញ្ជើញទៅកាន់សេតវិមានមែននោះ។
ប្រហែលដោយសារសម្តីរបស់ក្រុមកីឡាការិនីអាមេរិកបែបនេះ ហើយ ដែលនឹងធ្វើឲ្យលោកត្រាំត្រូវបង្ខំចិត្តលុបចោលការអញ្ជើញនេះវិញ បើទោះបីលោកធ្លាប់សន្យាថានឹងនាំពួគេទៅទស្សនកិច្ចនៅសេតវិមានក៏ដោយ។
មួយវិញទៀត ត្រាំអាចនឹងខ្មាស់នឹងសម្តីខ្លួនឯងដែលធ្លាប់ប្រើពាក្យទៅកាន់ Rapinoe ថា «មិនទាន់ដឹងឈ្នះចាញ់នៅបារាំងផង មកនិយាយពីការអញ្ជើញក្រុមទៅសេតវិមានយ៉ាងមិច»។ ប៉ុន្តែទីបំផុត ក្រុមនារីអាមេរិកពិតជាអាចលើកពានបាន និងបង្កើតកំណត់ត្រាថ្មីដោយគ្រងជើងឯកជាលើកទី៤៕
Tag:
Megan Rapinoe
World Cup Women
© រក្សាសិទ្ធិដោយ thmeythmey.com