ជាតិ
សង្គមជាតិ
ជ្រូក​ជិត​៤០០​ក្បាល​នៅ​ខេត្តកណ្តាល ងាប់​ដោយសារ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​
11, Jul 2019 , 5:47 pm        
រូបភាព
រូបភាព រឿង​ប៉េស្តជ្រូកអាហ្វ្រិក
រូបភាព រឿង​ប៉េស្តជ្រូកអាហ្វ្រិក
ដោយ:
​ភ្នំពេញ​៖ ជ្រូក​ជិត​៤០០​ក្បាល​ទៀត ងាប់​នៅ​ឃុំ​ក្រាំង​យ៉ូ ខេត្តកណ្តាល​។ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ កំពុង​បន្ត​ទប់ស្កាត់ ដោយ​បាញ់ថ្នាំ​សម្លាប់​មេរោគ​វីរុស​ដែល​កើត​លើស​ត្វ​ជ្រូក​នេះ​។ នេះ​បើតាម​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកណ្តាល ។​


 
​មន្ទី​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បញ្ជាក់ថា លោក​អភិបាលស្រុក មេឃុំ មេភូមិ នៅ​ខេត្តកណ្តាល បាន​ចុះទៅ​ផ្សព្វផ្សាយ​អំពី​បញ្ហា​ជំងឺឆ្លង​ប៉េស្ត​អាហ្វ្រិក​ដល់​កសិករ​ចិញ្ចឹម​ជ្រូក​ជា​លក្ខណៈ​គ្រួសារ​នៅតាម​ភូមិ  និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​ជាប្រចាំ ដើម្បី​ទប់ស្កាត់​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ក្រោយ​ផ្ទុះ​ជំងឺ​នេះ​។ 
 
​លោក តាន់ ផាន់​ណា​រ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​គូសបញ្ជាក់ថា មកដល់ពេលនេះ មាន​សត្វ​ជ្រូក​ប្រមាណ​៨០០​ក្បាល​ត្រូវបាន​សម្លាប់ និង​ជាង​១​ពាន់​ក្បាល​ទៀត​ត្រូវបានងាប់ ដោយសារ​ឆ្លង​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​។ 
 
​ដ្បិត​មិនទាន់​ហ៊ាន​អះអាងថា ជា​បញ្ហា​ធ្ងន់ធ្ងរ​ក្តី ប៉ុន្តែ​លោក តាន់ ផាន់​ណា​រ៉ា បាន​និយាយប្រាប់​អ្នកសារព័ត៌មាន​នៅក្នុង​សន្និសីទកាសែត ជុំវិញ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ដែល​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល នៅ​ថ្ងៃទី​១១ កក្កដា​ថា ករណី​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​នេះ មិនមែនជា​រឿង​ធូរស្រាល​សម្រាប់​កម្ពុជា​នោះទេ​។​
 
​សូមបញ្ជាក់ថា គិត​ត្រឹម​ដើមឆ្នាំ​២០១៩ កម្ពុជា​បាន​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​ខេត្តរតនគិរី ដែល​បណ្តាល​ឲ្យ​ជ្រូក​ងាប់​ជាង​៤០០​ក្បាល​។ កាលពី​ថ្ងៃទី​០២ ខែកក្កដា ខេត្ត​ត្បូងឃ្មុំ ក៏មាន​ករណី​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ដែល​បណ្តាល​ឲ្យ​ជ្រូក​ងាប់​ចំនួន​៣៣៧​ក្បាល​។ ចំណែក​ខេត្តស្វាយរៀង​មាន​ជ្រូក​ងាប់​ចំនួន​២០​ក្បាល ហើយ​ខេត្តតាកែវ​មាន​ជ្រូក​ងាប់​ចំនួន​២៧​ក្បាល ដោយសារ​ឆ្លង​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​៕ 

Tag:
 ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក
© រក្សាសិទ្ធិដោយ thmeythmey.com