ជាតិ
សម្តេច ហ៊ុន សែន​៖ ២៥​ឆ្នាំ​មកនេះ កម្ពុជា​សម្រេច​សមិទ្ធផល​ជាច្រើន តែ​គុណភាព​សេវាសាធារណៈ​នៅជាប​ញ្ហា​ប្រឈម​
11, Jul 2019 , 10:19 pm        
រូបភាព
សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ នៅ​ថ្ងៃទី​២២ មីនា ឆ្នាំ២០១៩
សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ នៅ​ថ្ងៃទី​២២ មីនា ឆ្នាំ២០១៩
ដោយ: ថ្មីៗ
​ថ្ងៃទី​១១​កក្កដា​នេះ ជា​ទិវា​ប្រជាជន​ពិភពលោក​លើក​ទី​៣០​។ កម្ពុជា បាន​ប្រារព្ធ​ទិវា​នេះ ក្រោម​ប្រធានបទ​«​ខួប​២៥​ឆ្នាំ នៃ​សន្និសីទ​អន្តរជាតិ ស្តីពី​ប្រជាជន និង​ការអភិវឌ្ឍ​»​។ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ផ្ញើលិខិត​សាទរ​ក្នុងឱកាស​នេះ និង​បាន​គូសបញ្ជាក់ថា រយៈពេល​២៥​ឆ្នាំ​មកនេះ កម្ពុជា​សម្រេចបាន​សមិទ្ធ​ផល​ធំៗ​គួរ​ឲ្យ​កត់សម្គាល់​យ៉ាងច្រើន​។ សមិទ្ធផល​ទាំងនោះ​រួមមាន កំណើន​ការពន្យារ​កំណើត​, មាន​ភាពល្អប្រសើរ​នៃ​សុខភាព​បន្ត​ពូជ ការកាត់បន្ថយ​អត្រា​មរណភាព​មាតា និង​ទារក​,​ការកាត់បន្ថយ​ភាពក្រីក្រ​, និង​កិច្ចការពារ​ងាយ​រងគ្រោះ និង​ប្រជាជន​វ័យចាស់​ជាដើម​។ ប៉ុន្តែ​ទោះបីជា​យ៉ាងនេះ  សម្តេច ហ៊ុន អះអាងថា លទ្ធផល​ទាំងនេះ នៅ​មិនទាន់​ឈានដល់​កម្រិត​ដែល​រដ្ឋាភិបាល​ចង់បាន​នៅឡើយ​។ នាយករដ្ឋមន្ត្រី​បាន​លើក​ឧទាហរណ៍​មួយ ដែលជា​បញ្ហា​ប្រឈម គឺ​ផ្នែក​គុណភាព​សេវា ដែល​ទាមទារ​ឲ្យ​មានការ​ចូលរួម ពី​គ្រប់ភាគី​ពាក់ព័ន្ធ​គ្រប់ផ្នែក គ្រប់​វិស័យ និង​គ្រប់​ថ្នាក់ ព្រមទាំង​ប្រជាពលរដ្ឋ​កម្ពុជា​។​

 
​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ផ្ញើលិខិត​សាទរ​ក្នុងឱកាស​ទិវា​ប្រជាជន​ពិភពលោក​លើក​ទី​៣០ ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩​នេះ ដែល​ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ​«​ខួប​២៥​ឆ្នាំ នៃ​សន្និសីទ​អន្តរជាតិ ស្តីពី​ប្រជាជន និង​ការអភិវឌ្ឍ​»​។ ប្រមុខ​រដ្ឋាភិបាល ចាត់ទុក​ប្រធានបទ​នេះ​ថា  បាន​ឆ្លុះបញ្ចាំង​ពី​សមិទ្ធផល​សំខាន់ៗ ដែល​ប្រជាជាតិ​នីមួយៗ​សម្រេចបាន​ក្នុង​រយៈពេល​២៥​ឆ្នាំ នៃ​ការអនុវត្តន៍​ផែនការ​សកម្មភាព នៃ​សន្និសីទ​អន្តរជាតិ​ស្តីពី​ប្រជាជន និង​ការអភិវឌ្ឍន៍ នៅ​ទីក្រុង​គែរ ប្រទេស​អេ​ហ្ស៊ី​ប ឆ្នាំ​១៩៩៤​។  
 
​សម្តេច ហ៊ុន សែន បញ្ជាក់​ក្នង​លិខិត​ដដែល​នោះ​ថា​៖«​ក្នុងនាម​ជា​ប្រទេស​ហត្ថលេខី​មួយ កម្ពុជា​បាន​ប្តេជ្ញា​យ៉ាង​មុតមាំ ក្នុងការ​អនុវត្ត​ផែនការ​សកម្មភាព​ជាតិ នៃ​សន្និសីទ​អន្តរជាតិ ស្តីពី​ប្រជាជន និង​ការអភិវឌ្ឍ ដោយបាន​ដាក់បញ្ចូល​ប​ញ្ហា​ប្រជាជន និង​កត្តា​ឌី​ណា​មិ​ក​ប្រជាសាស្ត្រ ទៅក្នុង​ដំណើរការ​រៀបចំ​ផែនការអភិវឌ្ឍន៍​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ជាតិ​សំខាន់ៗ ដើម្បី​ឆ្លុះបញ្ចាំង​ពី​ការផ្តល់​សិទ្ធ​ដល់​ស្ត្រី និង​យុវវ័យ​កម្ពុជា ឲ្យ​មានការ​ទទួលខុសត្រូវ​ពេញលេញ លើ​សុខភាព​បន្ត​ពូជ និង​ផែនការ​គ្រួសារ​របស់ខ្លួន​»​។​
 
​បើតាម​ប្រមុខ​រដ្ឋាភិបាល ចាប់តាំងពី​ការអនុម័ត​ផែនការ​សកម្មភាព​នៃ​សន្និសីទ​អន្តរជាតិ​ស្តីពី​ប្រជាជន និង​ការអភិវឌ្ឍ​នៅ​ឆ្នាំ​១៩៩៤ រាជរដ្ឋាភិបាល​កម្ពុជា សម្រេចបាន​សមិទ្ធផល​ធំៗ​គួរ​ឲ្យ​កត់សម្គាល់ រួមមាន កំណើនសេដ្ឋកិច្ច​ជាធ​ម្យ​ម​ប្រចាំឆ្នាំ ៧.៧% ក្នុង​រយៈពេល​២​ទស្សវត្សរ៍​ចុងក្រោយ និង​បានធ្វើ​សមាហរណកម្ម​ខ្លួន​ចូលក្នុង​សហគមន៍​អាស៊ាន​។ សម្តេច ហ៊ុន សែន បាន​គូសបញ្ជាក់​បន្តថា​៖«​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ​នេះ បានធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ពី​ប្រទេស​ដែលមាន​ចំណូល​ទាប មកជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ទាប​នៅ​ឆ្នាំ​២០១៥  ហើយ​កម្ពុជា​កំពុង​បោះ​ជំ​ហ៊ាន​ទៅរក​ឋានៈ ប្រទេស​ដែល​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់ នៅ​ឆ្នាំ​២០១៥០»​។​
 
​ក្រៅពីនេះ មាន​សមិទ្ធផល​ជាច្រើន​ទៀត​ដែល​កម្ពុជា​សម្រេច​បានដែ​រ​នោះ មាន​ភាពល្អប្រសើរ​នៃ​សុខភាព​បន្ត​ពូជ កំណើន​ការពន្យារ​កំណើត​, ការកាត់បន្ថយ​អត្រា​មរណភាព​មាតា និង​ទារក​,​ការកាត់បន្ថយ​ភាពក្រីក្រ​, និង​កិច្ចការពារ​ងាយ​រងគ្រោះ និង​ប្រជាជន​វ័យចាស់​ជាដើម​។​
 
​តាម​សម្តេច ហ៊ុន សែន ចាប់ពី​ឆ្នាំ​២០០​មក អត្រា​មរណភាព​មាតា​បាន​ធ្លាក់ចុះ​យ៉ាងគំហុក ពី​៤៣៧​នាក់ ក្នុងចំណោម​ទារក​កើត​រស់ ១០​ម៉ឺន​នាក់ ដល់​១៧០​នាក់ នៅ​ឆ្នាំ​២០១៤ ហើយនឹង​បន្ត​ធ្លាក់ចុះ​ដល់ ៦៥​នាក់ នៅ​ឆ្នាំ​២០២០​។ ដោយឡែក​អត្រា​មរណភាព​កុមារ ក្រោម​អាយុ​៥​ឆ្នាំ បាន​ថយចុះ​ពី​១២៥​នាក់ មក​៣៥​នាក់ ក្នុង ១.០០០​កំណើត​រស់ ក្នុង​រវាង​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០១៤​។ ក្នុង​ឆ្នាំ​ដូចគ្នានេះ ភាគរយ​នៃ​ស្ត្រី​រៀបការ ដែល​មិនបាន​ទួល​បា​ផែនការ​គ្រួ​សារបាន​ធ្លាក់ចុះ​ពី ៣២.៦% មក​នៅ​១២.៥% ខណៈដែល​ការប្រើប្រាស់​មធ្យោបាយ ពន្យារកំណើត​បែប​ទំនើប​ក៏​កើនឡើង​។ 
 
​រីឯ​កំណើនសេដ្ឋកិច្ច ក៏បាន​ជំរុញ​កំណើន​ផលិតផល​ក្នុងស្រុក​សម្រាប់​ប្រជាជន​ម្នាក់ៗ ពី ៧៣៨​ដុល្លារ នៅ​ឆ្នាំ​២០០៨ ដល់ ១,៥៤៨​ដុល្លារ នៅ​ឆ្នាំ​២០១៤ ហើយ​អត្រា​ភាពក្រីក្រ​នៅ​កម្ពុជា បាន​ថយចុះ​ពី ៤៧% នៅ​ឆ្នាំ​២០០៧ មក​នៅត្រឹម​១៣.៥% នៅ​ឆ្នាំ​២០១៤​។  
 
​ការលើកកម្ពស់​សមភា​ព​យេនឌ័រ និង​ការផ្តល់​សិទ្ធិអំណាច​ដល់​ស្ត្រី ក៏ត្រូវ​បាន​ប្រមុខ​រាជរដ្ឋាភិបាល ចាត់​ចូលក្នុង​សមិទ្ធផល​២៥​ឆ្នាំ​មកនេះ​របស់ខ្លួន​ដែរ​។ ប៉ុន្តែ​ទោះបីជា​បានសម្រេច​សមិទ្ធផល​ធំៗ​គួរ​ឲ្យ​កត់សម្គាល់​ក៏ដោយ ក៏​សម្តេច ហ៊ុន ថា​នៅ​មិនទាន់​ឈានដល់​កម្រិត​ដែល​រដ្ឋាភិបាល​ចង់បាន​នៅឡើយ ជាពិសេស​បញ្ហា​ប្រឈម​នៅតែមាន ដូចជា​ផ្នែក​គុណភាព​សេវា​ជាដើម​។ សម្តេច ហ៊ុន សែន បាន​អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ គ្រប់ផ្នែក គ្រប់​វិស័យ និង​គ្រប់​ថ្នាក់ ព្រមទាំង​ប្រជាពលរដ្ឋ​កម្ពុជា បន្ត​គាំទ្រ និង​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រជាជន និង​ការអភិវឌ្ឍ ក្រ​កប​ដោយ​គុណភាព និង​ប្តេជ្ញាចិត្ត ក្នុងការ​ឈានទៅ​សម្រេចបាន​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ឆ្នាំ​២០៣០​។  ទន្ទឹមនឹង​ការអំពាវនាវ​នេះ សម្រេច​នាយករដ្ឋមន្ត្រី ក៏​មិន​ភ្លេច​អរគុណ ដល់​មូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន (UNFPA) ដែល​បាន​ប្រតិបត្តិការ​នៅ​កម្ពុជា និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​អង្គការសហប្រជាជាតិ និង​ដៃគូ​អភិវឌ្ឍ​នានា ដែល​បាន​បន្ត​កិច្ចសហការ និង​គាំទ្រ​ដល់​ប្រទេស និង​ប្រជាជន​កម្ពុជា ក្នុង​រយៈពេល​កន្លងមក​៕

© រក្សាសិទ្ធិដោយ thmeythmey.com