ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរ​អាន​! ចង់​ជៀស​ផុតពី​បញ្ហា “​ឈឺសន្លាក់​” កុំ​ទទួលទាន​អាហារ​ទាំងនេះ​
12, Jul 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្វីដែល​អ្នកទទួល​ទាន​អាច​ជះឥទ្ធិពល​គួរឱ្យកត់សម្គាល់​ចំពោះ​សុខភាព​រាងកាយ​ទាំងមូល រួមបញ្ចូល​ទាំង​សន្លាក់​។ ដូច្នេះហើយ​ទើប​ការជ្រើសរើស​អាហារ​បាន​ត្រឹមត្រូវ​នឹង​ជួយ​ឱ្យ​អ្នក​ជៀស​ផុតពី​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ផ្សេងៗ​។ ថា​តើ​អាហារ​ប្រភេទ​ណាខ្លះ​ទៅ​ដែល​អាច​បង្ក​អាកា​រៈ​​ឈឺសន្លាក់​?



ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​អ្នក​មិនគួរ​ទទួលទាន​ច្រើន​ដើម្បី​ទប់ស្កាត់​បញ្ហា​ឈឺចាប់​សន្លាក់ ៖
 
១. ទឹកដោះគោ​និង​ផលិតផល​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​
 
​បើទោះជា​អាហារ​ប្រភេទ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​កាល់ស្យូម​ដែល​ចាំបាច់​សម្រាប់​រក្សា​សុខភាព​ឆ្អឹង​រឹងមាំ​និង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​ក៏ដោយ ក៏ប៉ុន្តែ​ផលិតផល​អាហារ​ទាំងនេះ​អាច​បង្ក​ការ​រលាក​ដល់​ជាលិកា​ទន់ៗ​នៃ​សន្លាក់​។ ដូច្នេះ​ប្រសិនបើ​សន្លាក់​របស់​អ្នក​តែង​ឈឺចាប់ រលាក និង​ឡើង​រឹង​ជាប្រចាំ​នោះ ចូរ​បញ្ឈប់ ឬ​កាត់បន្ថយ​ការទទួល​ទាន​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​សិន​។​
 
២. សាច់​ក្រហម​
 
​នោះ​ក៏​ព្រោះតែ​សាច់​ក្រហម​មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត arachindonic ដែល​បង្កើន​កម្រិត​នៃ​ការ​រលាក​និង​ការឈឺចាប់​សន្លាក់​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​កាត់បន្ថយ ឬ​ទទួលទាន​សាច់​ក្រហម​ក្នុង​កម្រិត​មធ្យម​។​
 
៣. អាហារ​ប្រៃ​
 
​ការទទួល​ទាន​អាហារ​ប្រៃ​ច្រើន​មិន​ត្រឹមតែ​ផ្ដល់​ផលប៉ះពាល់​ដល់​សុខភាព​បេះដូង​និង​សម្ពាធ​ឈាម​
​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជះឥទ្ធិពល​លើ​សន្លាក់​បង្ក​ការឈឺចាប់​ផងដែរ​។ នោះ​ក៏​ព្រោះតែ​សូ​ដ្យូ​ម​ប្រមូលផ្ដុំ​សារធាតុ​រាវ ឬ​ជាតិ​ទឹក​ក្នុង​សន្លាក់​ដែលនាំឱ្យ​សន្លាក់​ងាយ​នឹង​ហើម ហើយ​ឈឺចាប់​។​
 
៤. ស៊ុត​
 
​ការទទួល​ទាន​ស៊ុត​ច្រើនពេក​ក៏​អាច​បង្កបញ្ហា​ហើម​និង​ឈឺសន្លាក់​ផងដែរ​។ នោះ​ក៏​ព្រោះតែ​ផ្នែក​ពណ៌​​លឿង​នៃ​ស៊ុតមាន​ផ្ទុក​អាស៊ីត arachidonic​។ ទោះជា​យ៉ាងណា​មិនមែន​មានន័យថា អ្នក​ត្រូវ​ដក​ស៊ុត​ចេញពី​របប​អា​ហរ​ប្រចាំថ្ងៃ​តែម្ដង​ឡើយ ប៉ុន្តែ​គួរ​ទទួលទាន​ក្នុង​កម្រិត​មធ្យម​។​
 
៥. អាហារ​និង​ភេសជ្ជៈ​ផ្អែម​
 
​ការទទួល​ទាន​អាហារ​និង​ភេសជ្ជៈ​ផ្អែម​ច្រើនពេក​ក៏​អាច​បង្កបញ្ហា​ឈឺសន្លាក់​ផងដែរ​។ នោះ​ក៏​ព្រោះតែ​ជាតិ​ស្ករ​អាច​បណ្ដាលឱ្យ​ការ​រលាក​កើតមានឡើង​។​
 
៦. អាហារ​ចៀន​បំពង​គ្រប់​ប្រភេទ​
 
​អាហារ​ប្រភេទ​នេះ​មាន​ផ្ទុក​ជាតិ​ខ្លាញ់​ច្រើន​ដែល​អាច​បង្ក​ការ​រលាក​គួរឱ្យកត់សម្គាល់​។ ការ​រលាក​នេះហើយ​ដែលនាំឱ្យ​សន្លាក់​ប្រែជា​ឈឺចាប់​។​
 
៧. អាហារ​កែច្នៃ​
 
​អាហារ​កែច្នៃ​ភាគច្រើន​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​គីមី ជាតិ​សូ​ដ្យូ​ម និង​ស្ករ​ខ្ពស់​ដែល​អាច​បង្ក​ការ​រលាក​ក្នុង​សន្លាក់​នាំឱ្យ​ឈឺចាប់​បាន​យ៉ាង​ងាយ​។ 
 
៨. គ្រឿង​ស្រវឹង​
 
​ការទទួល​ទាន​គ្រឿង​ស្រវឹង​អាច​បង្កបញ្ហា​សុខភាព​ជាច្រើន​ក្នុងនោះ​រួមបញ្ចូល​ទាំង​ការឈឺចាប់​សន្លាក់​។​
​នោះ​ក៏​ព្រោះតែ​គ្រឿង​ស្រវឹង​មាន​ផ្ទុក​ជាតិពុល​ដែល​អាច​បង្ក​ការ​រលាក​ក្នុង​សន្លាក់​និង​ធ្វើឱ្យ​សន្លាក់​ស្ងួត​ផងដែរ​តាមរយៈ​លក្ខណៈសម្បត្តិ​បញ្ចុះ​ទឹកនោម​។ អ្នក​ដែលមាន​បញ្ហា​សន្លាក់​មិនគួរ​ទទួលទាន​គ្រឿង​ស្រវឹង​ឡើយ​ទោះ​ក្នុង​កម្រិត​មធ្យម​ក៏ដោយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com