ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់​ជៀស​ផុតពី “​បញ្ហា​បេះដូង​លោត​ញាប់ ឬ​ញ័រ​ទ្រូង​” កុំ​ទទួលទាន​អាហារ​ទាំងនេះ​
13, Jul 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​បេះដូង​ដើរ​ញាប់ ឬ​អាកា​រៈ​ញ័រ​ទ្រូង គឺជា​បញ្ហា​សុខភាព​គួរ​ឲ្យ​ព្រួយបារម្ភ​មួយ​ដែល​អាច​បណ្ដាលមកពី​កត្តា​ជាច្រើន​ផ្សេងៗ​ពីគ្នា​។ មួយចំនួន​ក្នុងចំណោម​កត្តា​ទាំងនោះ រួមបញ្ចូល​ទាំង​ភាព​តានតឹង​ក្នុង​អារម្មណ៍ ជំងឺ​ថប់​បារម្ភ ភ័យ​ស្លន់ស្លោ ខ្វះ​គ្រាប់​ឈាមក្រហម ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត ជាតិ​ស្ករ​ក្នុង​ឈាម​ទាប​ពេក កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ និង​អតុល្យភាព​នៃ​អេ​ឡិច​ត្រូ​លីត្រ​។ ប៉ុន្តែ​ពេលខ្លះ​វា​ក៏​បណ្ដាលមកពី​ការទទួល​ទាន​អាហារ​និង​ភេសជ្ជៈ​មួយចំនួន​ផងដែរ​។ ថា​តើ​អាហារ​អ្វី​ខ្លះទៅ​ដែល​អាច​បង្កបញ្ហា​ចង្វាក់បេះដូង​លោត​ញាប់​ខុស​ប្រក្រតី​? ឥឥឥ

ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យ​អ្នក​ពី​អាហារ រួមទាំង​ភេសជ្ជៈ​ដែល​អ្នក​គួរ​ចៀស​ឲ្យ​ផុត ប្រសិន​​បើ​មិន​ចង់​ជួបប្រទះ​បញ្ហា​បេះដូង​លោត​ញាប់​ខុស​ប្រក្រតី ឬ​អាកា​រៈ​ញ័រ​ទ្រូង ៖

១. គ្រឿង​ស្រវឹង​
 
​ការទទួល​ទាន​គ្រឿង​ស្រវឹង​អាច​បង្ក​អាកា​រៈ​ញ័រ​ទ្រូង​ចំពោះ​អ្នក​ដែលមាន​ចង្វាក់បេះដូង​ធម្មតា​។ អ្នក​ដែល​ទទួលទាន​គ្រឿង​ស្រវឹង​ជាប្រចាំ​បណ្ដាលឱ្យ​បេះដូង​របស់​ពួកគេ​ចុះខ្សោយ​ដោយ​ចង្វាក់បេះដូង​លោត​មិន​ទៀង ឬ​លោត​ញាប់​បង្ក​ជា​ជំងឺ Atrial fibrillation (​បេះដូង​លោត​មិន​ប្រក្រតី​)​។​
 
២. ភេសជ្ជៈ​និង​អាហារ​មាន​ជាតិ​កាហ្វេ​អ៊ី​ន​
 
​អ្នក​អាច​ទទួលទាន​កាហ្វេ ទឹកក្រូច​កំប៉ុង តែ ភេសជ្ជៈ​ប៉ូវ​កម្លាំង សូកូឡា និង​អាហារ​ដែលមាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​បាន​ដោយ​គ្មាន​ការព្រួយបារម្ភ​ថា​នឹង​ជួបប្រទះ​អាកា​រៈ​ញ័រ​ទ្រូង ប្រសិនបើ​ក្នុង​កម្រិត​មធ្យម​។ ការទទួល​ទាន​អាហារ ឬ​ភេសជ្ជៈ​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើនពេក ឧទាហរណ៍ ៖ ទទួលទាន​កាហ្វេ​ច្រើនជាង ៣ ពែង​ក្នុង​មួយថ្ងៃ​អាច​បណ្ដាល​ឲ្យ​កើតមាន​អាកា​រៈ​ញ័រ​ទ្រូង ថប់​បារម្ភ និង​គេង​មិន​លក់​។​
 
៣. អតុល្យភាព​នៃ​របប​អាហារ​
 
​ពិតណាស់​រាងកាយ​ត្រូវការ​សារធាតុចិញ្ចឹម​ច្រើន​ប្រភេទ​ដើម្បី​រក្សាសុខ​ភាពរឹងមាំ ជាពិសេស​អាច​ដំណើរការ​មុខងារ​សរីរាង្គ​ផ្សេងៗ​បាន​ត្រឹមត្រូវ​។ ទោះជា​យ៉ាងណាក៏ដោយ ជាតិ​រ៉ែ ឬ​វីតាមីន​ច្រើន ឬ​តិចពេក​អាច​បង្កបញ្ហា​សុខភាព​មួយចំនួន​។ ជា​ឧទាហរណ៍ ជាតិ​កាល់ស្យូម​ច្រើនពេក​ក្នុង​រាងកាយ​អាច​បណ្ដាលឱ្យមាន​ការខូចខាត​ដល់​បេះដូង ខណៈដែល​កង្វះ​ជាតិ​កាល់ស្យូម​បង្កបញ្ហា​ញ័រ​ទ្រូង និង​ផលប៉ះពាល់​ផ្សេងៗ​ទៀត​។​
 
៤. អាហារ​មាន​ផ្ទុក​ប៊ីចេង​
 
​អ្នក​ដែលមាន​ប្រតិកម្ម​ជាមួយ​ប៊ីចេង​អាច​នឹង​ជួបប្រទះ​អាកា​រៈ​ញ័រ​ទ្រូង ឬ​ចង្វាក់បេះដូង​លោត​ញាប់​ភ្លាមៗ​ក្រោយ​ទទួលទាន​អាហារ​មាន​ផ្ទុក​សារធាតុ​នេះ​។ ក្រៅពី​បង្ក​អាកា​រៈ​ញ័រ​ទ្រូង ការ​ទទួលទាន​ប៊ីចេង​ច្រើន​ក៏បង្ក​បញ្ហា​បែកញើស​ហួសប្រមាណ ស្ពឹក​តឹង​ផ្ទៃមុខ ក្ដៅ​ភាយៗ ចង្អោរ​ចង់​ក្អួត និង​អស់កម្លាំង​ផងដែរ​។​
 
 ៥. របប​អាហារ​សម្រក​ទម្ងន់​លឿន​
 
​ប្រសិនបើ​អ្នក​កំពុង​ជួបប្រទះ​អាកា​រៈ​ចង្វាក់បេះដូង​លោត​ញាប់​ខុស​ប្រក្រតី ចូរ​កុំ​ជ្រើសរើស​របប​អាហារ​សម្រក​ទម្ងន់ ក៏​ព្រោះ​វា​អាច​បណ្ដាលឱ្យ​កើតមាន​អាកា​រៈ​ញ័រ​ទ្រូង​បាន​។ របប​អាហារ​មាន​ជាតិ​ប្រូតេអ៊ីន ឬ​ជាតិ​ខ្លាញ់​ខ្ពស់​អាច​បង្ក​ផលប៉ះពាល់​ដល់​អេ​ឡិច​ត្រូ​លីត្រ​ក្នុង​រាងកាយ​។ ជា​លទ្ធផល​ធ្វើឱ្យមាន​ភាពប្រែប្រួល​ខុស​ប្រក្រតី​ក្នុង​ប្រព័ន្ធ​បេះដូង​។​
 
៦. ឱសថ​រុក្ខជាតិ​
 
​មាន​ប្រភេទ​នៃ​ឱសថ​រុក្ខជាតិ​មួយចំនួន​អាច​បណ្ដាលឱ្យ​ចង្វាក់បេះដូង​លោត​ខុស​ប្រក្រតី​នៅពេល​ទទួល​​ទាន​ច្រើន​។ ឧទាហរណ៍​ដូចជា ឱសថ​រុក្ខជាតិ ephedra (​អេ​ហ្វេ​ដ្រា​) ដែល​ត្រូវបាន​ច្រើន​ជាទូទៅ​សម្រាប់​ព្យាបាល​ជំងឺ​ផ្ដាសាយ និង​រោគសញ្ញា​នៃ​ប្រតិកម្ម​អា​ឡែក​ស៊ី​។ នៅពេល​ទទួលទាន​ច្រើន​អេ​ហ្វេ​ដ្រា​អាច​បណ្ដាលឱ្យ​បេះដូង​លោត​ញាប់ និង​ឡើង​សម្ពាធ​ឈាម​ដែលជា​លទ្ធផល​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​គាំងបេះដូង​គម្រាមកំហែង​ដល់​អាយុជីវិត​គួរឱ្យ​ព្រួយបារម្ភ​។​
 
​ចំណុច​គួរកត់សម្គាល់ ៖ អ្នក​មិនគួរ​មើលរំលង​បញ្ហា​បេះដូង​លោត​ញាប់​ឡើយ ហើយក៏​កុំ​ស្ទាក់​ស្ទើរនឹង​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ប្រសិនបើ​បញ្ហា​នេះ​កើតឡើង​ញឹកញាប់​ដោយមាន​អម​មកជា​មួយ​នូវ​អាកា​រៈ​មួយចំនួនទៀត​ដូចជា​ឈឺចាប់​តឹង​ក្នុង​ទ្រូង ពិបាក​ដកដង្ហើម វិលមុខ និង​រកកល់​ចង់​សន្លប់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com