ជាតិ
សង្គមជាតិ
អ្នកនាំពាក្យ៖ បើអ្នកណា ប្រឌិតស្ថានភាពអាក្រក់ពីសុខភាពនាយករដ្ឋមន្រ្តី នឹងត្រូវចាត់វិធានការ
12, Jul 2019 , 10:42 am        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ពេលទៅព្យាបាលជំងឺគ្រេចស្មានៅប្រទេសសិង្ហបុរី
សម្តេចនាយករដ្ឋមន្រ្តី ពេលទៅព្យាបាលជំងឺគ្រេចស្មានៅប្រទេសសិង្ហបុរី
«បើគណនីហ្វេសប៊ុកណាមួយ ប្រឌិតបំភ្លៃព័ត៌មាន ដែលធ្វើឲ្យមានការជ្រួលច្របល់មតិសាធារណៈ ជាហេតុផលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ ដោយប្រឌិតស្ថានភាពអាក្រក់ពីសុខភាពរបស់នាយករដ្ឋមន្រ្តី គឺជាបទល្មើសព្រហ្មទណ្ឌ»។ នេះគឺជាសំណេរលើរបស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ដែលបង្ហោះលើគណនីហ្វេសប៊ុករបស់លោក ខណៈលោក កំពុងស្ថិតក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩។



សាររបស់អ្នកនាំពាក្យ បានព្រមានដូច្នេះថា៖«រាជរដ្ឋាភិបាល នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពឧក្រិដ្ឋនេះ»។ លោក ផៃ ស៊ីផាន ពុំបានបញ្ជាក់ឡើយថា សំណេរនេះ គឺជាសម្តីរបស់លោកផ្ទាល់ ឬជាការលើកឡើងរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងអង្គប្រជុំ។

ថ្មីៗនេះ សម្តេចនាយករដ្ឋមន្រ្តី បានទៅព្យាបាលជំងឺគ្រេចស្មានៅប្រទេសសិង្ហបុរី ហើយមានអ្នកណាខ្លះ ផ្សាយព័ត៌មានតាមហ្វេសប៊ុកថា សម្តេច មានជំងឺផ្សេងទៅវិញ ដោយមានស្ថានភាពធ្ងន់ធ្ងរជាងនេះ។ ហើយកន្លងមក ក៏មានការលេចឮព័ត៌មានជាហូរហែថា ប្រមុខរដ្ឋាភិបាល មានជំងឺនេះឬជំងឺនោះ៕

© រក្សាសិទ្ធិដោយ thmeythmey.com