សមាគម​ចុងភៅ គ្រោង​ដាក់ឱ្យ​បរទេស​ប្រកួត​ធ្វើ​នំ​បញ្ចុក ក្នុង​ពិ​ព័រ​ណ៍​ម្ហូបអាហារ​អន្តរជាតិ​
ជាតិ
សមាគម​ចុងភៅ គ្រោង​ដាក់ឱ្យ​បរទេស​ប្រកួត​ធ្វើ​នំ​បញ្ចុក ក្នុង​ពិ​ព័រ​ណ៍​ម្ហូបអាហារ​អន្តរជាតិ​
12, Jul 2019 , 11:31 am        
រូបភាព
​សៀមរាប​៖ ខេត្តសៀមរាប​ នឹង​ធ្វើជា​ម្ចាស់ផ្ទះ​លើក​ទី​២ ​ក្នុងការ​តាំង​ពិ​ព័រ​ណ៍​ម្ហូបអាហារ សណ្ឋាគារ និង​បដិសណ្ឋារកិច្ច នា​ខែតុលា ឆ្នាំ​២០១៩ ខាងមុខ ក្រោម​ប្រធានបទ «ANGKORFOOD+HOTEL 2019»​។ សមាគម​ចុងភៅ​កម្ពុជា ដែល​សហការ​រៀបចំ​ពិ​ព័រ​ណ៌៍ជា​លក្ខណៈ​អន្ដរជាតិ​នេះ គ្រោង​នឹង​រៀបចំ​កម្មវិធី​ប្រកួត​ម្ហូបអាហារ បង្អែម និង​ភេសជ្ជៈ​ច្រើន​មុខ ដើម្បី​ទាក់ទាញ​អ្នកចូលរួម​។ ក្នុងនោះ ការប្រកួត​ធ្វើ​នំ​បញ្ចុក និង​ហហ្មុក ក៏បាន​ដាក់​ក្នុង​កម្មវិធី​ប្រកួត​ដែរ ដោយ​នឹង​អនុញ្ញាតឱ្យ​បរទេស​ចូលរួម​បញ្ចេញស្នាដៃ​ធ្វើ​ម្ហូប​ខ្មែរ​។​

 
​ការតាំង​ពិ​ព័រ​ណ៌​នេះ មាន​រយៈពេល​៣​ថ្ងៃ គឺ​ពី​ថ្ងៃទី​១០ ដល់ទី​១២ ខែតុលា​។ ក្នុង​សន្និសីទ​សារព័ត៌មាន ​ស្តីពី​ការរៀបចំ​ព្រឹត្តិការណ៍​នេះ អ្នករៀបចំ​កម្មវិធី​បានធ្វើ​បទ​បង្ហាញ​ត្រួសៗ ​ជុំវិញ​កម្មវិធី​ដែល​នឹងត្រូវ​រៀបចំ ក៏ដូចជា​ប្រទេស​ដែល​ត្រូវ​ចូលរួម​។ 


 
​លោក អាន់​ដ្រូ ស៊ីអូ (Andrew Siow) ប្រធាន​ក្រុមហ៊ុន AMB Tarsus Event Group ដែលជា​អ្នករៀបចំ​ព្រឹត្តិការណ៍​ខាងលើនេះ បាន​រម្លឹកថា ព្រឹត្តិការណ៍​លើក​ទី​១ ​ដែល​រៀបចំ​នៅ​ឆ្នាំ​២០១៥​ក្នុង​ខេត្តសៀមរាប បាន​ទាក់ទាញ​អ្នកចូលរួម​ប្រមាណ​៤​ពាន់​នាក់ មកពី​វិស័យ​សណ្ឋាគារ និងម្ហូបអាហារ ជាដើម​។ ចំពោះ​ព្រឹត្តិការណ៍​នៅ​ឆ្នាំនេះ លោក អាន់​ដ្រូ រំពឹងថា នឹងមាន​អ្នកចូលរួម​លើសពី​លើក​ទី​១ ហើយ​គ្រោង​នឹងមាន​ការចូលរួម​ពី​ក្រុមហ៊ុន​ជាង​ ១៥០ មកពី​ ១៦​ប្រទេស​។ ពិព័រណ៍​នេះ គឺមាន​ការដាក់​បង្ហាញ​ម្ហូបអាហារ កាហ្វេ ភេសជ្ជៈ សម្ភារ​ឆុង​កាហ្វេ និង​ផ្ទះបាយ ក៏ដូចជា​ការប្រកួត​ច​ម្អិ​ន​អាហារ ជាដើម​។ 
 
​លោក អាន់​ដ្រូ  បានឱ្យដឹងថា​ មាន​ប្រទេស​ចំនួន​៧​ហើយ ដែល​បញ្ជាក់​ពី​ការចូលរួម ក្នុងនោះ​រួមមាន ចិន អ៊ីតាលី កូរ៉េ ម៉ាឡេស៊ី តៃវ៉ាន់ ថៃ និង សិង្ហ​បុរី​។ អ្នករៀបចំ​ព្រឹត្តិការណ៍​នេះ ​រំពឹងថា ពិ​ព័រ​ណ៍នេះ ​នឹង​ជួយ​ផ្សព្វផ្សាយ​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា ទាក់ទាញ​ដៃគូ​ពាណិជ្ជកម្ម ក៏ដូចជា​បង្កើត​ឧស្សាហកម្ម​ទេសចរណ៍​ថ្មីៗ​បន្ថែមទៀត​ សម្រាប់​កម្ពុជា​ក៏ដូចជា​ខេត្តសៀមរាប​។​


 
​ស្ថាបនិក​សមាគម​ចុង​ភៅ​កម្ពុជា លោក ចាន់ សុភា បានឱ្យដឹងថា កម្មវិធី​សំខាន់ៗ​ដែល​សមាគម ​គ្រោង​រៀបចំ​ក្នុង​ព្រឹត្តិការណ៍​ពិ​ព័រ​ណ៌​ខាងមុខនេះ មាន​ទាំង​ការប្រកួត​ធ្វើ​ម្ហូប និង​ការប្រកួត​ធ្វើ​បង្អែម ជា​ពិសេស​ គឺ​​​ការប្រកួត​ធ្វើ​នំ​បញ្ចុក និង​ហហ្មុក។ ជនបរទេស ​ដែល​កំពុង​រស់នៅ​ក្នុងប្រទេស​កម្ពុជា ដោយ​អាចដាក់​ពាក្យ​ចូលរួមបាន ក្នុង​បំណង​ផ្សព្វផ្សាយ​ម្ហូប​ខ្មែរ ​ឱ្យ​កាន់​តែមាន​ភាពល្បីល្បាញ​។ ចំណុច​មួយទៀត​ ដែល​លោក ចាន់ សុភា ថា​សំខាន់​សម្រាប់​ព្រឹត្តិការណ៍​នេះដែរ​នោះ គឺ​កម្មវិធី​ នឹង​អនុញ្ញាត​ឱ្យមាន​ការប្រកួត​ចម្អិន​អាហារ​ សម្រាប់​យុវជន​ក្រោម​អាយុ​១៦​ឆ្នាំ ក្នុង​បំណង​បំផុស​ការស្រឡាញ់​ការងារ​ចម្អិន​អាហារ និង​ស្គា​ល់ពី​អត្ថប្រយោជន៍​នៃ​ការងារ​មួយ​នេះ​។​
 
​លោក ធិ​ម សេរី​វុ​ឌ្ឍ ប្រធានការិយាល័យ​ឧស្សាហកម្ម​ទេសចរណ៍ ​នៃ​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បានឱ្យដឹង​ក្នុង​សន្និសីទ​សារព័ត៌មាន​នេះ​ថា ពិ​ព័រ​ណ៌​​នេះ​ ពិត​ជាមាន​សារសំខាន់​ណាស់​សម្រាប់​ខេត្តសៀមរាប ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​មក​បន្ថែម ក៏ដូចជា​ពង្រឹង​សេវាកម្ម​ទេសចរណ៍​។ លោក​បន្ថែមថា នេះ​ជា​ឱកាស​ដែល​ប្រតិបត្តិ​ករ​ទេសចរណ៍​កម្ពុជា បង្ហាញ​ពី​សិល្បៈ​ នៃ​ការរៀបចំ​ម្ហូបអាហារ ភេសជ្ជៈ និង​ជំនាញ​បដិសណ្ឋារកិច្ច ទៅដល់ភ្ញៀវទេសចរ។
​គួរ​បញ្ជាក់ថា ពិ​ព័រ​ណ៍​នេះ​ ក៏មាន​ការគាំទ្ រ​និង​សហការ​ពី​ក្រុមហ៊ុន​ឯកជន​នានា​ ក្នុង​វិស័យ​សណ្ឋាគារ ភោជនីយដ្ឋាន កាហ្វេ  ​និង​ក្រសួងទេសចរណ៍​ជាដើម​៕







Tag:
 សមាគម​ចុងភៅ​កម្ពុជា​
  នំ​បញ្ចុក​
  ហហ្មុក​
© រក្សាសិទ្ធិដោយ thmeythmey.com