អន្តរជាតិ
អាមេរិក សន្យាធ្វើគ្រប់យ៉ាងដើម្បីដោះស្រាយទំនាស់ពាណិជ្ជកម្មជប៉ុន-កូរ៉េខាងត្បូង ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន, ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ នាជំនួបកន្លងមក។ រូបភាព AFP
× សហរដ្ឋអាមេរិក នឹងមិនឈរឱបដៃមើលជប៉ុន និងកូរ៉េខាងត្បូងទាស់គ្នារឿងពាណិជ្ជកម្មឡើយ។ មន្ត្រីក្រសួងការបរទេសអាមេរិក នៅថ្ងៃទី១១ ខែកក្កដា អះអាងថា សហរដ្ឋអាមេរិក នឹងធ្វើគ្រប់យ៉ាងដើម្បីបន្ធូរភាពតានតឹងរវាងសម្ព័ន្ធមិត្តដ៏សំខាន់ទាំងពីរនេះ ដែលកើតឡើងដោយសារវិធានការររឹតត្បិតការនាំចេញរូបធាតុសំខាន់ៗមួយចំនួនទៅកាន់កូរ៉េខាងត្បូងពីសំណាក់ជប៉ុន។ ប៉ុន្តែអាមេរិកមិននិយាយថា ខាងណាខុស ខាងណាត្រូវឡើយ។
ទំនាស់ពាណិជ្ជកម្មរវាងជប៉ុន និងកូរ៉េខាងត្បូងដែលកំពុងពុះកញ្ជ្រោលខ្លាំង ពិតជាធ្វើឲ្យអាមេរិកឈឺក្បាលមិនតិចឡើយ។ កូរ៉េខាងត្បូង ក៏យកការណ៍ដែលជប៉ុនរឹតត្បិតការនាំចេញរូបធាតុគីមីដែលប្រើក្នុងការផលិតបន្ទះឈីប និងទូរសព្ទឆ្លាតនេះ ទៅជាជជែកជាមួយអាមេរិកអំឡុងកិច្ចសន្ទនារវាងប្រមុខការទូត កាង ឃ្យុងវ៉ា និងលោក ម៉ៃ ប៉ុមប៉េអូ ខណៈជប៉ុនហាក់គ្មានជំហរដកថយអ្វីឡើយ។ មកទល់ពេលនេះ កូរ៉េខាងត្បូង និងជប៉ុនក៏មិនទាន់ជួបគ្នាផង។
ខ្នងដៃក៏សាច់ បាតដៃក៏សាច់បែបនេះ អាមេរិកហាក់ប្រុងប្រយ័ត្នក្នុងការនិយាយស្ដី តែក៏មិនបានប្រឆាំងចំណាត់ការរឹតត្បិតរបស់ជប៉ុនដែរ។ ទោះជាយ៉ាងណា អាមេរិកនឹងជួយដោះស្រាយបញ្ហានេះ ព្រោះទំនាក់ទំនងទ្វេភាគីទាំងជាមួយជប៉ុន និងជាមួយកូរ៉េខាងត្បូងសុទ្ធតែសំខាន់ខ្លាំងដូចគ្នា។ លោកស្រី Morgan Ortagus អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកនិយាយថា អាមេរិកនឹងធ្វើគ្រប់យ៉ាងដើម្បីបន្ថយកម្ដៅនេះ។
មន្ត្រីនាំពាក្យរូបនេះប្រាប់អ្នកសារព័ត៌មានថា អាមេរិកនឹងរកផ្លូវដើម្បីពង្រឹងទំនាក់ទំនងទាំងយន្តការទ្វេភាគី និងត្រីភាគី ទាំងការចរចាផ្លូវការ និងការដោះស្រាយនៅខាងក្រោយឆាកផងដែរ។ ក្នុងន័យឲ្យប្រទេសទាំងពីរដោះស្រាយបញ្ហាឲ្យស្រួលបួល លោកស្រី Ortagus បានឆ្លៀតរំឭកក្រុងសេអ៊ូល និងក្រុងតូក្យូដែរថា យើងជួបប្រឈមដូចគ្នា ហើយមានអាទិភាពដូចគ្នានៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងនៅទូទាំងពិភពលោកផងដែរ។
ក្រៅពីការជជែកតាមទូរសព្ទរវាងលោកស្រី កាង និងលោក ប៉ុមប៉េអូ ហើយនោះ ក្រុងសេអ៊ូលក៏បញ្ជូនមន្ត្រីជាន់ខ្ពស់ទៅកាន់វ៉ាស៊ីនតោនដើម្បីជជែកពីបញ្ហាពាណិជ្ជកម្មនេះដែរ។ លោក Kim Hyun-chong ដែលកំពុងធ្វើទស្សនកិច្ចនៅទឹកដីអាមេរិក និយាយថា អាមេរិកចង់រៀបចំជំនួបត្រីភាគីដើម្បីរកច្រកចេញ។ ប៉ុន្តែលោកស្រី Ortagus មិនបានផ្ដល់ព័ត៌មានពីគម្រោងជំនួបនេះទេ។ យ៉ាងណាមិញ ប្រមុខការទូតប្រទេសទាំងបី នឹងមានវត្តមាននៅទឹកដីថៃនៅចុងខែនេះនាជំនួបតំបន់អាស៊ានប្រចាំឆ្នាំ។
ខណៈអាមេរិក និងកូរ៉េខាងត្បូង ចង់ជួបមានជំនួបដោះស្រាយបញ្ហានោះ ជប៉ុនឯណោះវិញដូចជាគ្មានបំណងបែបនោះឡើយ។ នេះបើតាមការបញ្ជាក់របស់លោក Kim ដែលជានាយករងការិយាល័យសន្តិសុខជាតិនៃវិមានប្រធានាធិបតីកូរ៉េខាងត្បូង ដែលផ្សាយដោយទីភ្នាក់ងារព័ត៌មាន Yonhap ។ ពីទឹកដីអាមេរិក មន្ត្រីកូរ៉េខាងត្បូងដដែលនេះ បញ្ជាក់ថា សេអ៊ូលចង់មានដំណោះស្រាយសមស្របមួយ ប៉ុន្តែតូក្យូមិនទាន់ឆ្លើយតបនៅឡើយទេ៕
Tag:
អាមេរិក
ជប៉ុន
កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com