អន្តរជាតិ
អាមេរិក សន្យា​ធ្វើ​គ្រប់យ៉ាង​ដើម្បី​ដោះស្រាយ​ទំនាស់​ពាណិជ្ជកម្ម​ជប៉ុន​-​កូរ៉េខាងត្បូង​
12, Jul 2019 , 12:03 pm        
រូបភាព
ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន, ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ នាជំនួបកន្លងមក។ រូបភាព AFP
ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន, ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ នាជំនួបកន្លងមក។ រូបភាព AFP
​សហរដ្ឋអាមេរិក នឹងមិន​ឈរ​ឱបដៃ​មើល​ជប៉ុន និង​កូរ៉េខាងត្បូង​ទាស់​គ្នា​រឿង​ពាណិជ្ជកម្ម​ឡើយ​។ មន្ត្រី​ក្រសួងការបរទេស​អាមេរិក នៅ​ថ្ងៃទី​១១ ខែកក្កដា អះអាងថា សហរដ្ឋអាមេរិក នឹងធ្វើ​គ្រប់យ៉ាង​ដើម្បី​បន្ធូរ​ភាព​តានតឹង​រវាង​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​ទាំងពីរ​នេះ ដែល​កើតឡើង​ដោយសារ​វិធានការ​រ​រឹតត្បិត​ការនាំចេញ​រូបធាតុ​សំខាន់ៗ​មួយចំនួន​ទៅកាន់​កូរ៉េខាងត្បូង​ពី​សំណាក់​ជប៉ុន​។ ប៉ុន្តែ​អាមេរិក​មិន​និយាយថា ខាង​ណា​ខុស ខាង​ណា​ត្រូវ​ឡើយ​។​

 
​ទំនាស់​ពាណិជ្ជកម្ម​រវាង​ជប៉ុន និង​កូរ៉េខាងត្បូង​ដែល​កំពុងពុះ​កញ្ជ្រោល​ខ្លាំង ពិតជា​ធ្វើ​ឲ្យ​អាមេរិក​ឈឺក្បាល​មិនតិច​ឡើយ​។ កូរ៉េខាងត្បូង ក៏​យកការណ៍​ដែល​ជប៉ុន​រឹតត្បិត​ការនាំចេញ​រូបធាតុ​គីមី​ដែល​ប្រើ​ក្នុង​ការផលិត​បន្ទះ​ឈី​ប និង​ទូរ​សព្ទ​ឆ្លាត​នេះ ទៅជា​ជជែក​ជាមួយ​អាមេរិក​អំឡុង​កិច្ចសន្ទនា​រវាង​ប្រមុខ​ការទូត កាង ឃ្យុ​ង​វ៉ា និង​លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ ខណៈ​ជប៉ុន​ហាក់​គ្មាន​ជំហរ​ដកថយ​អ្វី​ឡើយ​។ មកទល់ពេលនេះ កូរ៉េខាងត្បូង និង​ជប៉ុន​ក៏​មិនទាន់​ជួបគ្នា​ផង​។​
 
​ខ្នងដៃ​ក៏​សាច់ បាតដៃ​ក៏​សាច់​បែបនេះ អាមេរិក​ហាក់​ប្រុងប្រយ័ត្ន​ក្នុងការ​និយាយស្ដី តែ​ក៏​មិនបាន​ប្រឆាំង​ចំណាត់ការ​រឹតត្បិត​របស់​ជប៉ុន​ដែ​រ​។ ទោះជា​យ៉ាងណា អាមេរិក​នឹង​ជួយ​ដោះស្រាយ​បញ្ហា​នេះ ព្រោះ​ទំនាក់ទំនង​ទ្វេភាគី​ទាំង​ជាមួយ​ជប៉ុន និង​ជាមួយ​កូរ៉េខាងត្បូង​សុទ្ធតែ​សំខាន់​ខ្លាំង​ដូចគ្នា​។ លោកស្រី Morgan Ortagus អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​និយាយថា អាមេរិក​នឹងធ្វើ​គ្រប់យ៉ាង​ដើម្បី​បន្ថយកម្ដៅ​នេះ​។​
 
​មន្ត្រី​នាំពាក្យ​រូបនេះ​ប្រាប់​អ្នកសារព័ត៌មាន​ថា អាមេរិក​នឹង​រក​ផ្លូវ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទាំង​យន្តការ​ទ្វេភាគី និង​ត្រីភាគី ទាំង​ការចរចា​ផ្លូវការ និង​ការដោះស្រាយ​នៅ​ខាងក្រោយ​ឆាក​ផងដែរ​។ ក្នុងន័យ​ឲ្យ​ប្រទេស​ទាំងពីរ​ដោះស្រាយ​បញ្ហា​ឲ្យ​ស្រួលបួល លោកស្រី Ortagus បាន​ឆ្លៀត​រំឭក​ក្រុង​សេ​អ៊ូ​ល និង​ក្រុង​តូ​ក្យូ​ដែរ​ថា យើង​ជួប​ប្រឈម​ដូចគ្នា ហើយ​មាន​អាទិភាព​ដូចគ្នា​នៅ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក និង​នៅ​ទូទាំង​ពិភពលោក​ផងដែរ​។​
 
​ក្រៅពី​ការជជែក​តាម​ទូរ​សព្ទ​រវាង​លោកស្រី កាង និង​លោក ប៉ុ​ម​ប៉េ​អូ ហើយ​នោះ ក្រុង​សេ​អ៊ូ​ល​ក៏​បញ្ជូន​មន្ត្រីជាន់ខ្ពស់​ទៅកាន់​វ៉ាស៊ីនតោន​ដើម្បី​ជជែក​ពី​បញ្ហា​ពាណិជ្ជកម្ម​នេះដែរ​។ លោក  Kim Hyun-chong ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ទឹកដី​អាមេរិក និយាយថា អាមេរិក​ចង់​រៀបចំ​ជំនួប​ត្រីភាគី​ដើម្បី​រក​ច្រកចេញ​។ ប៉ុន្តែ​លោកស្រី Ortagus មិនបាន​ផ្ដល់ព័ត៌មាន​ពី​គម្រោង​ជំនួប​នេះ​ទេ​។ យ៉ាងណាមិញ ប្រមុខ​ការទូត​ប្រទេស​ទាំងបី នឹងមាន​វត្ត​មាននៅ​ទឹកដី​ថៃ​នៅ​ចុងខែ​នេះ​នា​ជំនួប​តំបន់​អាស៊ាន​ប្រចាំឆ្នាំ​។​
 
​ខណៈ​អាមេរិក និង​កូរ៉េខាងត្បូង ចង់​ជួប​មាន​ជំនួប​ដោះស្រាយ​បញ្ហា​នោះ ជប៉ុន​ឯណោះ​វិញ​ដូចជា​គ្មាន​បំណង​បែប​នោះឡើយ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Kim ដែលជា​នាយករង​ការិយាល័យ​សន្តិសុខ​ជាតិ​នៃ​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ។ ពី​ទឹកដី​អាមេរិក មន្ត្រី​កូរ៉េខាងត្បូង​ដដែល​នេះ បញ្ជាក់ថា សេ​អ៊ូ​ល​ចង់​មាន​ដំណោះស្រាយ​សមស្រប​មួយ ប៉ុន្តែ​តូ​ក្យូ​មិនទាន់​ឆ្លើយតប​នៅឡើយ​ទេ​៕

Tag:
 អាមេរិក​
  ជប៉ុន​
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com