អន្តរជាតិ
កូរ៉េខាងជើង កែរដ្ឋធម្មនុញ្ញប្រគល់តំណែងប្រមុខរដ្ឋឲ្យលោក គីម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន ត្រួតពលកងកិត្តិយសកងទ័ពកូរ៉េ។ រូបភាព KCNA
× កូរ៉េខាងជើង បានធ្វើវិសោធនកម្មច្បាប់កំពូលរបស់ខ្លួនដែលបានប្រគល់តំណែងប្រមុខរដ្ឋ (Head State) ទៅឲ្យមេដឹកនាំកំពូល គីម ជុងអ៊ុន ។ ការកាន់កាប់តំណែងខ្ពង់ខ្ពស់នេះ ត្រូវបានមើលឃើញថា ជាការដំឡើងមុខមាត់ និងឋានៈរបស់លោក គីម ឲ្យដូចនឹងមេដឹកនាំប្រទេសនានា។ ការកែប្រែនេះ អាចជាផ្នែកមួយនៃការផ្លាស់ប្ដូរទស្សនៈរបស់គេឯងលើរដ្ឋកុម្មុយនីស្តឯកោមួយនេះ ដែលមានប្រព័ន្ធដឹកនាំរដ្ឋខុសប្លែកពីប្រទេសផ្សេង។
ក្នុងច្បាប់រដ្ឋធម្មនុញ្ញថ្មីដែលអនុម័តដោយសភាកូរ៉េខាងជើងតាំងពីខែមេសាមក ប្រធានគណៈកម្មការកិច្ចការរដ្ឋ ដែលជាស្ថាប័នមានអំណាចកំពូលក្នុងប្រទេស ដើរតួជាមេដឹកនាំកំពូល និងជា «តំណាងរបស់ប្រទេស»។ លោក គីម ជុងអ៊ុន ដែលជាមេដឹកនាំកំពូលនោះ ជាប្រធានគណៈកម្មការក៏មានអំណាចមួយនេះ ដែលនេះមានន័យថា លោកក៏ជាតំណាងរបស់កូរ៉េខាងជើងដូចគ្នាដែរ ពោលគឺជាប្រមុខរដ្ឋតែម្ដង។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap នៅថ្ងៃទី១១ ខែកក្កដា។
តំណែងប្រធានគណៈកម្មការកិច្ចការរដ្ឋនេះ ជាតំណែងផ្លូវការរបស់លោក គីម ហើយដែលត្រូវប្រើក្នុងសំណុំលិខិតដើម្បីទាក់ទងជាមួយមេដឹកនាំបរទេសនានា។ នៅកូរ៉េខាងជើង តំណែងប្រធានាធិបតីត្រូវប្រគល់ឲ្យលោក គីម អ៊ីលស៊ុង ជីតាបង្កើតលោក គីម ជុងអ៊ុន ជាអចិន្ត្រៃយ៍ទៅហើយ។
ក្នុងរដ្ឋធម្មនុញ្ញចាស់ ប្រធានគណៈកម្មការកិច្ចការរដ្ឋ ជាមេដឹកនាំកំពូលរបស់ប្រទេស។ ចំណែកកិច្ចការរបស់ប្រមុខរដ្ឋដែលជាតំណាងរបស់ប្រទេសនោះ ពិសេសក្នុងការទទួលភ្ញៀវរដ្ឋ និងការទទួលសារតាំងជាភារកិច្ចរបស់ប្រធានសភា ដែលបច្ចុប្បន្នកាន់កាប់ដោយលោក ឆេ យ៉ុងហេ តាំងពីខែមេសាមក។ ទោះជាយ៉ាងណា ក្រោមរដ្ឋធម្មនុញ្ញថ្មី លោក គីម ជាប្រមុខរដ្ឋ តែការងារទទួលសារតាំងនៅតែជាការទទួលខុសត្រូវរបស់ប្រធានសភាដដែល។
តាមពិតទៅ ព័ត៌មាននៃការកែប្រែរដ្ឋធម្មនុញ្ញនៅកូរ៉េខាងជើង លេចធ្លាយតាំងពីខែមេសាមក គឺបន្ទាប់ពីលោក គីម អនុវត្តមានពីបញ្ជីបោះឆ្នោតសមាជិកសភា ដែលជារឿងមិនធ្លាប់មានពីមុនមក។ ការផ្លាស់ប្ដូរនេះ នឹងជួយលោក គីម ក្នុងការធ្វើទំនាក់ទំនងដោយស្មើមុខមាត់ជាមួយមេដឹកនាំបរទេសនានា។ កន្លងមក លោក គីម ជួបមេដឹកនាំផ្សេងៗដូចជាប្រធានាធិបតីចិន ស៊ី ជិនភីង និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាដើមក្នុងនាមជាប្រធានគណៈកម្មការកិច្ចការរដ្ឋប៉ុណ្ណោះ។
ជាមួយតំណែងប្រមុខរដ្ឋ លោក គីម នឹងទទួលបានបដិសណ្ឋារកិច្ចផ្នែកពិធីការការទូតដូចលោក ស៊ី ,លោក ត្រាំ ឬមេដឹកនាំប្រទេសជុំវិញពិភពលោកដូច្នោះដែរ។ ការផ្លាស់ប្ដូរក៏កម្រនេះ ជាការប្រឹងប្រែងរបស់មេដឹកនាំកូរ៉េខាងជើងជំនាន់ទីបី ដែលចង់ឲ្យប្រទេសមួយនេះមានលក្ខណៈដូចប្រទេសផ្សេងលើឆាកអន្តរជាតិ ស្របពេលដែលគោលនយោបាយចម្បងក៏បានផ្លាស់ប្ដូរទៅរកការចូលរួមក្នុងសហគមន៍អន្តរជាតិដែរនោះ៕
Tag:
កូរ៉េខាងជើង
គីម ជុងអ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com