អន្តរជាតិ
កូរ៉េខាងជើង កែ​រដ្ឋធម្មនុញ្ញ​ប្រគល់​តំណែង​ប្រមុខរដ្ឋ​ឲ្យ​លោក គីម ជុង​អ៊ុន
12, Jul 2019 , 2:46 pm        
រូបភាព
មេដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន ត្រួតពលកងកិត្តិយសកងទ័ពកូរ៉េ។ រូបភាព KCNA
មេដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន ត្រួតពលកងកិត្តិយសកងទ័ពកូរ៉េ។ រូបភាព KCNA
​កូរ៉េខាងជើង បានធ្វើ​វិសោធនកម្ម​ច្បាប់កំពូល​របស់ខ្លួន​ដែល​បានប្រគល់​តំណែង​ប្រមុខរដ្ឋ (Head State) ទៅ​ឲ្យ​មេដឹកនាំ​កំពូល គីម ជុង​អ៊ុន ។ ការកាន់កាប់​តំណែង​ខ្ពង់ខ្ពស់​នេះ ត្រូវបាន​មើលឃើញថា ជាការ​ដំឡើង​មុខមាត់ និង​ឋានៈ​របស់លោក គីម ឲ្យ​ដូចនឹង​មេដឹកនាំ​ប្រទេស​នានា​។ ការកែប្រែ​នេះ អាចជា​ផ្នែក​មួយ​នៃ​ការផ្លាស់ប្ដូរ​ទស្សនៈ​រប​ស់​គេឯង​លើ​រដ្ឋ​កុម្មុយនីស្ត​ឯកោ​មួយ​នេះ ដែលមាន​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​ខុសប្លែក​ពី​ប្រទេស​ផ្សេង​។

 
​ក្នុង​ច្បាប់រដ្ឋធម្មនុញ្ញ​ថ្មី​ដែល​អនុម័ត​ដោយ​សភា​កូរ៉េខាងជើង​តាំងពី​ខែមេសា​មក ប្រធាន​គណៈកម្មការ​កិច្ចការរដ្ឋ ដែលជា​ស្ថាប័ន​មានអំណាច​កំពូល​ក្នុងប្រទេស ដើរតួ​ជា​មេដឹកនាំ​កំពូល និង​ជា «​តំណាង​របស់​ប្រទេស​»​។ លោក គីម ជុង​អ៊ុន ដែលជា​មេដឹកនាំ​កំពូល​នោះ ជា​ប្រធាន​គណៈកម្មការ​ក៏មាន​អំណាច​មួយ​នេះ ដែល​នេះ​មានន័យថា លោក​ក៏​ជា​តំណាង​របស់​កូរ៉េខាងជើង​ដូចគ្នា​ដែរ ពោល​គឺជា​ប្រមុខរដ្ឋ​តែម្ដង​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap នៅ​ថ្ងៃទី​១១ ខែកក្កដា​។​
 
​តំណែង​ប្រធាន​គណៈកម្មការ​កិច្ចការរដ្ឋ​នេះ ជា​តំណែង​ផ្លូវការ​របស់លោក គីម ហើយ​ដែល​ត្រូវ​ប្រើ​ក្នុង​សំណុំលិខិត​ដើម្បី​ទាក់ទង​ជាមួយ​មេដឹកនាំ​បរទេស​នានា​។ នៅ​កូរ៉េខាងជើង តំណែង​ប្រធានាធិបតី​ត្រូវប្រគល់​ឲ្យ​លោក គីម អ៊ី​ល​ស៊ុ​ង ជីតា​បង្កើត​លោក គីម ជុង​អ៊ុន ជា​អចិន្ត្រៃយ៍​ទៅហើយ​។  
 
​ក្នុង​រដ្ឋធម្មនុញ្ញ​ចាស់ ប្រធាន​គណៈកម្មការ​កិច្ចការរដ្ឋ ជា​មេដឹកនាំ​កំពូល​របស់​ប្រទេស​។ ចំណែក​កិច្ចការ​របស់​ប្រមុខរដ្ឋ​ដែលជា​តំណាង​របស់​ប្រទេស​នោះ ពិសេស​ក្នុងការ​ទទួលភ្ញៀវ​រដ្ឋ និង​ការទទួល​សារតាំង​ជា​ភារកិច្ច​របស់​ប្រធានសភា ដែល​បច្ចុប្បន្ន​កាន់កាប់​ដោយ​លោក ឆេ យ៉ុង​ហេ តាំងពី​ខែមេសា​មក​។ ទោះជា​យ៉ាងណា ក្រោម​រដ្ឋធម្មនុញ្ញ​ថ្មី លោក គីម ជា​ប្រមុខរដ្ឋ តែ​ការងារ​ទទួល​សារតាំង​នៅតែ​ជាការ​ទទួលខុសត្រូវរ​បស់​ប្រធានសភា​ដដែល​។​
 
​តាមពិតទៅ ព័ត៌មាន​នៃ​ការកែប្រែ​រដ្ឋធម្មនុញ្ញ​នៅ​កូរ៉េខាងជើង លេច​ធ្លាយ​តាំងពី​ខែមេសា​មក គឺ​បន្ទាប់ពី​លោក គីម អនុវត្ត​មាន​ពី​បញ្ជី​បោះឆ្នោត​សមាជិកសភា ដែលជា​រឿង​មិន​ធ្លាប់មាន​ពីមុនមក​។ ការផ្លាស់ប្ដូរ​នេះ នឹង​ជួយ​លោក គីម ក្នុង​ការធ្វើទំនាក់ទំនង​ដោយ​ស្មើ​មុខមាត់​ជាមួយ​មេដឹកនាំ​បរទេស​នានា​។ កន្លងមក លោក គីម ជួប​មេដឹកនាំ​ផ្សេងៗ​ដូចជា​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង និង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ជាដើម​ក្នុងនាម​ជា​ប្រធាន​គណៈកម្មការ​កិច្ចការរដ្ឋ​ប៉ុណ្ណោះ​។​
 
​ជាមួយ​តំណែង​ប្រមុខរដ្ឋ លោក គីម នឹង​ទទួលបាន​បដិសណ្ឋារកិច្ច​ផ្នែក​ពិធីការ​ការទូត​ដូច​លោក ស៊ី ,​លោក ត្រាំ  ឬ​មេដឹកនាំ​ប្រទេស​ជុំវិញ​ពិភពលោក​ដូច្នោះ​ដែរ​។ ការផ្លាស់ប្ដូរ​ក៏​កម្រ​នេះ ជាការ​ប្រឹងប្រែង​របស់​មេដឹកនាំ​កូរ៉េខាងជើង​ជំនាន់​ទី​បី ដែល​ចង់​ឲ្យ​ប្រទេសមួយ​នេះ​មាន​លក្ខណៈ​ដូច​ប្រទេស​ផ្សេង​លើ​ឆាក​អន្តរជាតិ ស្រប​ពេលដែល​គោលនយោបាយ​ចម្បង​ក៏បាន​ផ្លាស់ប្ដូរ​ទៅរក​ការចូលរួម​ក្នុង​សហគមន៍​អន្តរជាតិ​ដែរនោះ​៕    

Tag:
 កូរ៉េខាងជើង​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com