ជាតិ
សេដ្ឋកិច្ច
អចលនទ្រព្យ
អ្នកជំនាញ​បារម្ភ​អំពី​អនាគត​ខុន​ដូ​នៅ​កម្ពុជា​ថា អាច​នឹង​គ្មាន​មនុស្ស​រស់នៅ​
12, Jul 2019 , 7:59 pm        
រូបភាព
រូបឯកសារ៖ ទិដ្ឋភាពនៃសំណង់អគារខុនដូដ៏ធំមួយនៅតំបន់កោះពេជ្រ ទីក្រុងភ្នំពេញ​ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨។ (REUTERS/Samrang Pring)
រូបឯកសារ៖ ទិដ្ឋភាពនៃសំណង់អគារខុនដូដ៏ធំមួយនៅតំបន់កោះពេជ្រ ទីក្រុងភ្នំពេញ​ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨។ (REUTERS/Samrang Pring)
ដោយ: VOA
​ភ្នំពេញ ៖ វិបត្តិ​សេដ្ឋកិច្ចពិភពលោក​ឆ្នាំ​២០០៨ បាន​ពន្យឺត​ល្បឿន​វិនិយោគ​លើ​អគារ​ខ្ពស់ៗ​មួយចំនួន​ក្នុង​ទីក្រុង​ភ្នំពេញ ជាពិសេស​គម្រោង​វិនិយោគ​របស់​ជនជាតិ​កូរ៉េ​។ ក្នុងនោះ​គម្រោង​សាងសង់​អគារ​ខ្ពស់ៗ​ចំនួន​ជាង​២០០០​យូ​នី​ត ត្រូវ​បោះបង់ចោល​។​
 
​ប៉ុន្តែ​ដប់ឆ្នាំ​ក្រោយ គម្រោង​អគារ​ខ្ពស់ៗ​ទាំងនេះ ឬ​ហៅថា ខុន​ដូ បាន​រីក​ផុស​ឡើង​ដូច​ផ្សិត​។​
 
​ពាក់កណ្តាល​នៃ​គម្រោង​សាងសង់​អគារ​ខ្ពស់កប់ពពក​ទាំងនេះ​ត្រូវបាន​វិនិយោគ​ដោយ​ក្រុមហ៊ុន​មកពី​ប្រទេស​ចិន​។​
 
​ផ្អែក​តាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ ចាប់តាំងពី​ឆ្នាំ​២០០០​ដល់​ខែមីនា​ឆ្នាំ​២០១៩ ក្រសួង​បានចេញ​លិខិតអនុញ្ញាត​សាងសង់​ទូទាំងប្រទេស​ចំនួន​៤៤៦៥៧​គម្រោង ដែលមាន​តម្លៃ​ប៉ាន់ស្មាន​ទុនវិនិយោគ​សរុប​ប្រមាណ​ជា​ជិត​៤៤​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​គម្រោង​អគារ​ខ្ពស់ៗ​ចាប់ពី​៥​ជាន់​ឡើងទៅ​មាន​ចំនួន​១២៩៦​អគារ​។​
 
​ដោយឡែក ទុនវិនិយោគ​មកពី​ប្រទេស​ចិន​ក្នុង​វិស័យ​អចលនទ្រព្យ​នេះ​មាន​ចំនួន​ជាង​៥៣៥៥​លាន​ដុល្លារ​អាមេរិក គឺ​ស្មើនឹង​ប្រមាណ​៥០​ភាគរយ​នៃ​ទុនវិនិយោគ​សរុប​លើ​វិស័យនេះ​។​


លោក ហ៊ឹម សីហា នាយកផ្នែកស្រាវជ្រាវក្រុមហ៊ុនវីត្រាស់ ផ្តល់បទសម្ភាសន៍ដល់ VOA ក្នុងការិយាល័យរបស់លោក អំពីការវិនិយោគទុនរបស់ចិននៅកម្ពុជា កាលពីខែឧសភា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)
 
​លោក​ហ៊ឹម សីហា នាយក​ផ្នែក​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​វាយតម្លៃ​អចលនទ្រព្យ វី​ត្រាស់ (VTRUST) ប្រាប់ VOA ថា ត្រឹម​ចុងឆ្នាំ​២០១៨ ចំនួន​ខុន​ដូ​និង​អា​ផាត​មិន​ទាន់សាងសង់​រួច​និង​កំពុង​សាងសង់​នៅ​រាជធានី​ភ្នំពេញ មាន​ចំនួន​ជាង​៧​ម៉ឺន​យូ​នី​ត ហើយ​ក្នុង​មួយ​យូ​នី​ត​មានតម្លៃ​ចាប់ពី​៤​ម៉ឺន​ដុល្លារ​អាមេរិក​រហូតដល់​៥០​ម៉ឺន ឬ​រាប់លាន​ដុល្លារ​ក៏មាន​។ ប៉ុន្តែ​អ្វីដែល​អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​រូបនេះ​កត់សម្គាល់​គឺ​អ្នកវិនិយោគ​លើ​អគារ​ខ្ពស់ៗ ឬ​ខុន​ដូ គឺជា​ជនជាតិ​ចិន​ច្រើន តែ​ធ្វើ​សម្រាប់​លក់​ឲ្យ​ជន​ជាតិចិន​ដូចគ្នា​។​
 
«​គម្រោង Developer [​អ្នកវិនិយោគ​ដើម្បី​សាងសង់​] ចិន​ភាគច្រើន ចិន​ដែរ អ្នកទិញ​ក៏​ចិន ព្រោះ​គាត់​លក់​ឲ្យ​គ្នា​គាត់​។ ភាគច្រើន​គាត់​ទិញ គាត់​នៅ​»​។​
 
​យ៉ាងណាក៏ដោយ អ្នកជំនាញ​មួយចំនួន​បាន​សម្តែង​កង្វល់ ខណៈ​ដែលមាន​កំណើន​វិនិយោគ​ពី​ប្រទេស​ចិន​លើ​អគារ​ខ្ពស់ៗ​នេះ​។ ពួកគេ​សម្តែង​កង្វល់​អំពី​ការពឹង​ផ្អែកលើ​ទុនវិនិយោគ​ខ្លាំង​របស់​ប្រទេស​ចិន និង​កង្វល់​អំពី​វិនិយោគិន​ចិន​យក​ប្រទេស​កម្ពុជា​ជាទី​លាន​លាងលុយកខ្វក់​របស់​ពួកគេ​។​
 
​លោក​ង៉ែត ជូ អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​លើកឡើងថា យោង​លើ​ទំហំ​វិនិយោគ​យ៉ាងច្រើន​របស់​ជនជាតិ​ចិន​នៅ​កម្ពុជា និង​ចំនួន​ខុន​ដូ​ដ៏​លើសលប់​នេះ បង្ហាញថា កម្ពុជា​កំពុង​ពឹង​ផ្អែកលើ​ដង្ហើម​សេដ្ឋកិច្ច​របស់​ចិន​។​
 
«​ទីផ្សារ​របស់​យើង​នេះ​គឺ​អាស្រ័យ​លើ​ចិន​ស្ទើរតែ​ទាំងស្រុង​ហើយ ហើយ​ជាពិសេស​គម្រោង​មួយៗ ខុន​ដូ​មួយៗ អាច​ថា ៧០​ភាគរយ​ទៅ​៨០​ភាគរយ​គឺ​អតិថិជន​ហ្នឹង​សុទ្ធតែជា​ជនជាតិ​ចិន​។ អ៊ីចឹង ទោះបីជា​យើង​ប្រើពេល​វេលា​ច្រើន​ទៅមុខទៀត ការប្តូរ​ឥរិយាបទ​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​មក​រស់នៅ​ខុន​ដូរ​ហ្នឹង​ក៏​អាច​ថា មានការ​លំបាក​ដែរ​»​។​
 
​លោក James Hodge នាយករង​ក្រុមហ៊ុន CBRE Cambodia ដែលជា​ក្រុមហ៊ុន​ធ្វើការ​ប្រឹក្សា​ផ្នែក​អចលនទ្រព្យ លើកឡើងថា កំណើន​តម្លៃ​ដីធ្លី ផ្ទះសម្បែង​ការកកស្ទះ​ចរាចរណ៍ និង​ការផ្លាស់ប្តូរ​របៀប​រស់​នៅ​ពី​ផ្ទះ​ជាប់​ដី​មកជា​បន្ទប់​ខុន​ដូ នឹងធ្វើ​ឲ្យ​ខុន​ដូ​នៅ​កម្ពុជា​បន្ត​កើនឡើង និង​មាន​ប្រជាប្រិយភាព​នៅ​កម្ពុជា​។​
 
​ប៉ុន្តែ​លោក James យល់ថា ខុន​ដូ​ដែលជា​សំណង់​របស់​ចិន​ទំនងជា​មិនសូវ​ទាក់ទាញ​អតិថិជន​ខ្មែរ​នោះទេ​។​
 
«​ការ​រចនា និង​ការសាងសង់​ខុន​ដូរ​បស់​ជនជាតិ​ចិន ជា​ប្រភេទ​សម្រាប់​ចំណង់​ចំណូលចិត្ត​របស់​ជនជាតិ​ចិន ហើយ​ប្រហែលជា​មិនសូវ​ជា​ត្រូវចិត្ត​អ្នក​វិយោគ ឬ​អ្នករស់នៅ​ជា​ជនបរទេស​ផ្សេង​នោះទេ​»​។​


បុរសម្នាក់កំពុងជិះម៉ូតូកាត់ការដ្ឋានសាងសង់អគារមួយកន្លែងក្នុងតំបន់កោះពេជ្រ រាជធានីភ្នំពេញ កាលពីខែឧសភា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)


បណ្តុំហាងមានស្លាកយីហោចិនក្បែរស្ពានកោះពេជ្រ ជិតតំបន់កោះពេជ្រ រាជធានីភ្នំពេញ កាលពីខែឧសភា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)
 
​ទន្ទឹមនឹង​ការវិនិយោគ​យ៉ាងច្រើន​ពី​សំណាក់​អ្នកវិនិយោគ​ជនជាតិ​ចិន​ក្នុង​វិស័យ​អចលនទ្រព្យ​នេះ លោក​ង៉ែត ជូ អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច មានប្រសាសន៍ថា ជនជាតិ​ចិន​ដែល​មក​វិនិយោគ​លើ​ខុន​ដូ​នៅ​កម្ពុជា តែង​ប្រើប្រាស់​លុយ​សុទ្ធ​ដើម្បី​ទិញ​ខុន​ដូ ដែល​លោក​ថា ករណីនេះ​អាចជា​បច្ច័យ​នៃ​ការលាង​លុយ​។​
 
​លោក​បណ្ឌិត​អៀ សុផល សា​ស្រា្ត​ចា​រ្យ​ផ្នែក​ការទូត និង​កិច្ចការ​អន្តរជាតិ​នៅ​មហាវិទ្យាល័យ Occidental ទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក​មាន​កង្វល់​ដូចគ្នានេះដែរ​។​
 
«​ខ្ញុំ​គិតថា ពួកគេ​កំពុង​ព្យាយាម​លាង​លុយ​ដែល​ពួកគេ​បានទទួល​ក្នុងប្រទេស​ចិន​តាមរយៈ​មធ្យោបាយ​ដែល​មិន​ស្របច្បាប់ ហើយ​ពួកគេ​ដឹងថា នៅ​កម្ពុជា​អចលនទ្រព្យ​គឺជា​ជម្រក​នៃ​ការប្រមូល​ផល​ត្រឡប់​ទៅ​ទីក្រុង​ប៉េកាំង​វិញ​»​។​
 
​នៅ​ដើមឆ្នាំ​២០១៩​នេះ អង្គការ​ឃ្លាំមើល​ការលាង​លុយ​ទុច្ចរិត (FAFT) បានដាក់​កម្ពុជា​ក្នុង​បញ្ជី​ឃ្លាំមើល​របស់ខ្លួន ដោយសារ​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុ​ជាមាន «​អំពើពុករលួយ​ច្រើន​» ហើយ​ថា គ្មាន​ករណី​លាងលុយកខ្វក់​ណាមួយ​ធ្លាប់​ត្រូវបាន​កាត់ទោស​នៅ​កម្ពុជា​ទេ​។​
 
​ក្រោយ​ការចេញ​របាយការណ៍​នោះ គេ​ឃើញ​សមត្ថកិច្ច​កម្ពុជា​ចាប់ខ្លួន​ជនជាតិ​ចិន និង​ជនជាតិ​កូរ៉េ​មួយចំនួន​ពាក់ព័ន្ធ​នឹង​បទល្មើស​លាង​លុយ​នៅ​កម្ពុជា​។ ពួកគេ​បាន​ស្ពាយ​លុយ​សុទ្ធ​ជាប់​នឹង​ខ្លួន​តាម​យន្តហោះ​ចន្លោះ​ពី​១​លាន​ដល់​ជាង​៣​លាន​ដុល្លារ​អាមេរិក​។ ក្នុងចំណោម​ជនជាតិ​ចិន​ដែល​ត្រូវ​ចាប់ខ្លួន មាន​មួយចំនួន​អះអាងថា ខ្លួន​យកលុយ​ទាំង​នោះមក​ប្រទេស​កម្ពុជា​ដើម្បី​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ និង​សណ្ឋាគារ​។​
 
​នៅ​ដើមខែ​មិថុនា​កន្លងទៅនេះ លោ​កស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក៏បាន​បង្ហាញ​ក្តីបារម្ភ​អំពី​ការកើនឡើង​នូវ​សកម្មភាព​លាងលុយកខ្វក់​នៅ​កម្ពុជា និង​បាន​បញ្ជា​ឲ្យ​មាន​ចំណាត់ការ​យ៉ាង​តឹងរ៉ឹង​លើ​បញ្ហា​នេះ​។​
 
​លោក​បណ្ឌិត​អៀ សុផល សា​ស្រា្ត​ចា​រ្យ​ផ្នែក​ការទូត និង​កិច្ចការ​អន្តរជាតិ​នៅ​មហាវិទ្យាល័យ Occidental ទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក កត់សម្គាល់ថា ភាគច្រើន​អ្នក​សង់​ខុន​ដូ​ចិន​មិន​ខ្វល់​អំពី​ការរកចំណូល​ទេ​។​
 
«​ភាគច្រើន​នៃ​ខុន​ដូ​ទាំងនេះ​ត្រូវ​ទុក​ឲ្យ​ទំនេរ​ចោល​។ ពួកគេ​(​ជនជាតិ​ចិន​) មិន​ខ្វល់​ពី​រឿង​ជួល​ទេ​។ ពួកគេ​គ្រាន់តែ​ទុកដូចជា​ការវិនិយោគ​មួយ​ប៉ុណ្ណោះ​។ (​ពួកគេ​)​មិនត្រូវ​ការ​លុយ​ពី​ការជួល​នោះទេ​»​។​


កម្មករកំពុងធ្វើការនៅការដ្ឋានអគារមួយកន្លែងក្នុងតំបន់កោះពេជ្រ រាជធានីភ្នំពេញ កាលពីខែឧសភា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)
 
​ការសាងសង់​អគារ​ខ្ពស់ៗ​ភាគច្រើន​នៅក្នុង​រាជធានី​ភ្នំពេញ​និង​ក្នុង​ខេត្ត​ព្រះសីហនុ បន្ទាប់មក​គឺ​ក្នុង​ខេត្តបាត់ដំបង​។​
 
​ថ្មីៗ​នេះ​មាន​ករណីរ​លំបាក់​អគារ​កម្ពស់​៧​ជាន់​ក្នុង​ខេត្ត​ព្រះសីហនុ ដែលមាន​ម្ចាស់​ជា​ជន​ជាតិចិន បណ្តាល​ឲ្យ​មនុស្ស​២៨​នាក់​បាន​ស្លាប់​និង​២៦​នាក់​រងរបួស​។ មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា សំណង់​អគារ​នោះ​មិនមាន​ច្បាប់​អនុញ្ញាត និង​ធ្លាប់​ត្រូវបាន​អាជ្ញាធរ​ចុះ​ហាមឃាត់​ពីរដង តែ​មិនមាន​ប្រសិទ្ធភាព​។​
 
​លោក​សេង ឡូត អ្នកនាំពាក្យ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ប្រាប់​VOA ថា អ្នកវិនិយោគ​ជនជាតិ​ចិន​ដែល​កើន​ជា​បន្តបន្ទាប់​ធ្វើ​ឲ្យ​មាន​ភាព​វិជ្ជមាន​ច្រើន​សម្រាប់​កម្ពុជា ហើយ​លោក​ថា រដ្ឋាភិបាល​មិនមាន​ការបារម្ភ​អំពី​កំណើន​នេះ​ទេ​។​
 
«​កាលណា​មាន​វិនិយោគ​ច្រើន​មានន័យថា សន្ទុះ​នៃ​កំណើនសេដ្ឋកិច្ច​យើង​ហ្នឹង​វា​កើន ព្រោះ​វិនិយោគ​គឺជា​ក្បាលម៉ាស៊ីន​ដែល​បង្កើត​នូវ​ធនធាន​សម្រាប់​ប្រទេសជាតិ បង្កើត​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ​។ អ៊ីចឹង​អ្វីដែល​យើង​ចង់បាន​គឺ​យើង​ចង់បាន​ការវិនិយោគ​នេះ​ច្រើន​។ ហើយ​ត​ទៅមុខទៀត យើង​ខិតខំ​បង្កើន ជំរុញ​ឲ្យ​ការវិនិយោគ​នេះ​កើន​បន្តទៀត ទោះជា​វិនិយោគ​ហ្នឹង​មកពី​ប្រទេស​ចិន​ថែមទៀត​ក៏​យើង​នៅតែ​ស្វាគមន៍ រីករាយ​ទទួល​»​។​
 
​ការចាប់ផ្តើម​ដោយ​ជន​ជាតិចិន​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ដែល​ផ្តោត​សំខាន់​លើ​អគារ​ខ្ពស់ ឬ​ខុន​ដូ​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង បាន​មកដល់​រាជធានី​ភ្នំពេញ កាលពី​ខែតុលា​ឆ្នាំ​២០១៦ ដើម្បី​ពង្រីក​ការវិនិយោគ​លើ​ក្រវ៉ាត់​ផ្លូវ​ពាណិជ្ជកម្ម​ចិន ដោយបាន​នាំយក​អ្នកវិនិយោគ​ចិន​ជាង​២០០​នាក់ មាន​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ មក​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​។​
 
​យោងតាម​របាយការណ៍​របស់​ធនាគារពិភពលោក World Bank ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃ​២៤ ខែមេសា បង្ហាញថា ជាង​ពាក់កណ្តាល​នៃ​ការហូរចូល​ទុនវិនិយោគ​ពី​ក្រៅប្រទេស មាន​ប្រភព​មកពី​ប្រទេស​ចិន ហើយ​ត្រូវបាន​តម្រង់​ទិសលើ​ការវិនិយោគ​វិស័យ​សំណង់ រួមមាន​ហេដ្ឋារចនាសម្ព័ន្ធ និង​សំណង់​អគារ​ពាណិជ្ជកម្ម និង​លំនៅដ្ឋាន វិស័យ​ទេសចរណ៍​និង​មួយផ្នែក​តូច​ទៅលើ​វិស័យ​ផលិតកម្ម និង​កសិកម្ម​។​
 
​យ៉ាងណាក៏ដោយ ធនាគារពិភពលោក​ព្រមាន​កាលពី​ខែឧសភា​ថា ដោយសារ​ប្រភព​នៃ​ទុនវិនិយោគ​នៅ​កម្ពុជា​ភាគច្រើន​បានមកពី​ប្រទេស​ចិន ការថយចុះ​នៃ​សេដ្ឋកិច្ច​របស់​ចិន​អាចធ្វើ​ឲ្យ​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​កម្ពុជា​ប្រឈម​នឹង​ហានិភ័យ​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com