ជាតិ
ទូតជប៉ុន នឹងរៀបចំបុណ្យផ្កាយ ជំរុញការផ្លាស់ប្តូរវប្បធម៌ជប៉ុន-កម្ពុជា និងការសន្សំសំចៃបរិស្ថាន
12, Jul 2019 , 3:40 pm        
រូបភាព
រូបភាពពី​ទំព័រហ្វេសប៊ុក​មជ្ឈមណ្ឌល​សហ​ប្រតិបត្តិការកម្ពុជា-ជប៉ុន
រូបភាពពី​ទំព័រហ្វេសប៊ុក​មជ្ឈមណ្ឌល​សហ​ប្រតិបត្តិការកម្ពុជា-ជប៉ុន
ដោយ៖ សុវណ្ណ ស្រីពេជ្រ

ភ្នំពេញ៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា សហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និងមជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន (JFAC) នឹងរៀបចំពិធីបុណ្យផ្កាយឆ្នាំ២០១៩ នៅថ្ងៃទី១៣-១៤ កក្កដា នា CJCC ។ ពិធីបុណ្យផ្កាយនេះ រៀបចំដើម្បីបន្តជំរុញការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសជប៉ុន និងកម្ពុជាបន្ថែមទៀត ជាពិសេសនឹងផ្តោតលើការសន្សំសំចៃបរិស្ថាន។

 
ពិធីបុណ្យផ្កាយ ត្រូវបានរៀបចំជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០០៤មក ក្នុងគោលបំណងបន្តជំរុញការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសជប៉ុន និងកម្ពុជា។ កម្មវិធីនេះ ចាប់ផ្ដើមនៅថ្ងៃទី១៣-១៤ កក្កដា ចាប់ពីម៉ោង១៤:៣០-១៩:០០ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។ ក្នុងកម្មវិធីបុណ្យផ្កាយនេះ នឹងមានការថ្លែងសុន្ទរកថារបស់ឯកអគ្គរាជទូតជប៉ុន និងតំណាងរាជរដ្ឋាភិបាលកម្ពុជាផងដែរ។ 
 
ពិធីបុណ្យផ្កាយនេះ មានការសម្តែងសិល្បៈវប្បធម៌កម្ពុជា, ការប្រឡងចម្រៀងណូដូជីម៉ាន់, ការប្រគំតន្រី្តមេឡូឌីខ្មែរ និងការសម្តែងដោយក្រុម TEPURA KIDZ ។ បន្ថែមលើនេះ  ក៏មានកម្មវិធីពិសេសៗជាច្រើនដូចជាសិក្ខាសាលា ការសាកល្បងស្លៀកសម្លៀកបំពាក់ប្រពៃណី«ក្បិនខ្មែរ» និង«យូកាតាជប៉ុន» ការអនុវត្តកីឡា«កេនដូ» និង«អ៊ីអៃដូ»។
 
លើសពីនេះ ក៏មានថ្នាក់រៀនបាញ់ធ្នូមរតកខ្មែរ, បទបង្ហាញពីអានីមេ ខូសផ្លេ, ការប្រកួតភាពយន្តខ្លី កម្មវិធីJENESYS, ការបញ្ចាំងខ្សែភាពយន្តជប៉ុន, ថ្នាក់រៀនចម្អិនម្ហូបជប៉ុន, សិល្បៈបត់ក្រដាស «អូរីហ្គាមី» សិល្បៈកាត់ក្រដាស«គីរីហ្គាមី» ការសរសេរអក្សរផ្ចង់«ស្យូដូ» ព្រមទាំងការតាំងពិព័រណ៍ផ្សេងៗទៀត។ 
 
ពិធីបុណ្យផ្កាយឆ្នាំ២០១៩ ដែលមានរយៈពេល២ថ្ងៃនេះ មិនត្រឹមតែចង់បង្ហាញពីប្រពៃណីទំនៀមទម្លាប់ខ្មែរ-ជប៉ុនប៉ុណ្ណោះទេ អ្វីដែលពិសេសនោះ គឺផ្ដោតសំខាន់លើការសន្សំសំចៃបរិស្ថាន ជាពិសេសគឺសំណល់ប្លាស្ទិក ។ ពិធីបុណ្យផ្កាយ  នឹងលើកទឹកចិត្តអ្នកចូលរួមទាំងអស់ ត្រូវចោលសំរាមឲ្យបានត្រឹមត្រូវទៅក្នុងធុងសំរាម ដែលបានបែងចែករួចជាស្រេច ជៀសវាងការចោលសំរាមទៅលើដី។
 
សូមបញ្ជាក់ថា ពិធីបុណ្យផ្កាយ ជាបុណ្យប្រពៃណីជប៉ុន ដែលតែងប្រារព្ធឡើងនៅថ្ងៃទី៧ ខែកក្កដា ជារៀងរាល់ឆ្នាំនៅប្រទេសជប៉ុន ដើម្បីរំឮកដល់ដំណើររឿងរបស់គូស្នេហ៍នៅលើឋានសួគ៌មួយគូ គឺនារីតម្បាញ និងបុរសគង្វាលគោ។ តាមតំណាលរឿង គូស្នេហ៍មួយគូនេះ ត្រូវបានបំបែកដោយទន្លេអាមាណុហ្កាវ៉ា ហើយអាចជួបគ្នាបានតែម្តងគត់ក្នុងមួយឆ្នាំ គឺនៅថ្ងៃទី៧ ខែកក្កដា។ ដូច្នេះនៅក្នុងថ្ងៃនោះ ប្រជាជនជប៉ុននាំគ្នាសរសេរបំណងប្រាថ្នារបស់ខ្លួន ហើយចងព្យួរទៅនឹងមែកឫស្សី ដើម្បីបួងសួងឲ្យបានសម្រេចតាមអ្វីដែលខ្លួនប៉ងប្រាថ្នា៕

Tag:
 បុណ្យផ្កាយ
  ស្ថានទូតជប៉ុន
  CJCC
  វប្បធម៌
  បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com