ពីនេះ ពីនោះ
«​ទំ​ព​ក់វា​ទៅ ទើប​ព្នៅ​វា​មក​», ក្នុង​ទ្រឹស្ដី​កម្មផល​៖ ធ្វើ​ល្អ​បានល្អ ធ្វើ​អាក្រក់​បាន​អាក្រក់​!
13, Jul 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ជាទូទៅ គេ​គិតថា​អ្វីៗ​តែងតែ​ប្រព្រឹត្ត​ទៅដោយ​អាស្រ័យទៅលើ​ទំនាក់ទំនង​រវាង​ហេតុ​និង​ផល ឬ​អនុលោម​តាម​ទ្រឹស្ដី​កម្មផល​។ គ្មានអ្វី​មួយ​អាច​កើតឡើង​ដោយ​គ្មាន​បុព្វហេតុ ឬ​កម្ម​ឡើយ​។ ហេតុ​ដូច្នោះ​ហើយ ទើប​បុព្វបុរស​ខ្មែរ បានលើកឡើង​នូវ​សុភាសិត​មួយ​ថា​«​ទំ​ព​ក់វា​ទៅ ទើប​ព្នៅ​វា​មក​»​។ តើ​សុភាសិត​នេះ មានន័យ​ដូចម្ដេច​? ហើយ​វា​បង្កប់​ខ្លឹមសារ​អប់រំ​យ៉ាងណាដែរ​?

 
​មុននឹង​បកស្រាយ​សុភាសិត​នេះ យើង​គប្បី​យល់ដឹង​នូវ​ពាក្យ​គន្លឹះ​មួយចំនួន​ដូចខាងក្រោម​។ ពាក្យ​«​ទំ​ពក់​» សំដៅយក​ឧបករណ៍​ដែល​ធ្វើ​ពី​ឈើ ឬ​ឫស្សី ដែលមាន​ដង​វែង​ឬ​ខ្លី​អាស្រ័យ​តាម​តម្រូវការ ដែល​ចុង​របស់​វា​មាន​រាង​កោង ឬ​ត្រូវគេ​ពុះ​ជា​ពីរ ដើម្បី​អាច​ថ្ពក់​ឬ​គាប​ផ្លែឈើ​ដែល​គេច​ង់​បេះ​នោះបាន​តាម​ប្រាថ្នា​។ «​ព្នៅ​» គឺជា​រុក្ខជាតិ​មួយ​ប្រភេទ ដែល​ស្លឹក​របស់​វា​មាន​ក្លិន​ហាង​ប្រហើរ​, ត្រួយ​ឬ​ស្លឹក​ខ្ចី​ប្រើ​ធ្វើជា​អន្លក់​ឬ​របោយ​បាន​, ផ្លែ​របស់​វា​មាន​ជ័រស្អិត​នៅ​រុំ​គ្រាប់​, កាល​នៅ​ខ្ចី​មាន​រស​ហាង លុះដល់​ទុំ​ឡើង​សម្បុរ​លឿង​មាន​ក្លិនក្រអូប​ឈ្ងុយ មាន​សាច់​ម៉ដ្ឋ រសជាតិ​ផ្អែម​, ប្រើ​ជា​ចំណី​ឬ​ជា​ថ្នាំកែរោគ​ក៏បាន ជាដើម​។ ព្នៅ មាន​ច្រើន​ប្រភេទ​ផ្សេងៗ​គ្នា ដូចជា ព្នៅពងមាន់​, ព្នៅសណ្ដាយ ជាដើម​។​
 
​ក្នុងន័យ​ត្រង់ «​ទំ​ព​ក់វា​ទៅ ទើប​ព្នៅ​វា​មក​» មានន័យថា បើ​យើង​មិន​យក​ទំ​ពក់​ទៅ​បេះ​ផ្លែ​ព្នៅ​ទេ ផ្លែ​ព្នៅ​ក៏​វា​មិន​ជ្រុះ​ដែរ​។ ក្នុងន័យនេះ​ចំពោះ​ការ​បេះ​ផ្លែឈើ​ផ្សេងៗ​ទៀត​ក៏មាន​លក្ខណៈ​ដូចគ្នា​ដែរ ទាល់តែ​យើង​ប្រើ​ទំ​ពក់​ទៅ​បេះ​វា ទើប​ផ្លែឈើ​ទាំងនោះ​វា​ធ្លា​ក់មក​។  
 
​ក្នុង​ន័យធៀប «​ទំ​ព​ក់វា​ទៅ ទើប​ព្នៅ​វា​មក​» អាច​សំដៅយក​ន័យ​ជាច្រើន និង​ក្នុង​វិស័យ​ជាច្រើន ដូចជា ក្នុង​អន្តរ​កម្ម​សង្គម បើ​យើង​មិន​ទៅរក​រឿង​គេ គេ​ក៏​មិន​មករ​ករឿង​យើង​វិញ​ដែរ​។ បើ​យើង​មិន​ជេរ​គេ គេ​ក៏​មិន​ជេរ​យើង​វិញ​ដែរ​។ បើ​យើង​មិន​ប្រើ​ហិង្សា​លើ​គេ គេ​ក៏​មិន​ប្រើ​ហិង្សា​លើ​យើង​វិញ​ដែរ​។ បើ​យើង​មិន​ប្រើល្បិច​អាក្រក់​ដាក់​គេ គេ​ក៏​មិន​ប្រើល្បិច​អាក្រក់​ត្រឡប់​មកលើ​យើង​វិញ​ដែរ​។ បើ​យើង​មិន​ទាក់ទង​គេ គេ​ក៏​មិនមាន​ទំនាក់ទំនង​ជាមួយ​យើង​ដែរ​។ បើ​យើង​មិន​ធ្វើ​ល្អជា​មួយ​គេ គេ​ក៏​មិន​ធ្វើ​ល្អជា​មួយ​យើង​វិញ​ដែរ​...​។​
 
​ក្នុង​ទំនាក់ទំនង​ស្នេហា បើ​យើង​មិន​លួងលោម​គេ គេ​ក៏​មិន​បាក់ចិត្ត​ស្រឡាញ់​យើង​ដែរ​។ បើ​យើង​មិន​បើកដៃ​ឱ្យគេ ក៏​គេ​មិន​ហ៊ាន​ដែរ​។ ក្នុង​វិស័យ​ព្រះពុទ្ធសាសនា សុភាសិត​នេះ មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅនឹង​ជ្រុង​មួយ​នៃ​«​ទ្រឹស្ដី​កម្មផល ៖ ធ្វើ​ល្អ​បានល្អ ធ្វើ​អាក្រក់​បាន​អាក្រក់​»​។ ក្រៅពីនេះ គេ​ក៏​អាច​ប្រើ​វា​បាន​នៅក្នុង​វិស័យ​ជាច្រើន​ទៀត រួមទាំង​ទំនាក់ទំនង​អន្តរជាតិ​ផងដែរ​។ ជាក់ស្ដែង ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ពីរ ឬ​តំបន់​ពីរ តែងតែ​ប្រព្រឹត្ត​ទៅជា​អន្តរ​កម្ម​រវាង​ប្រទេស ឬ​តំបន់​នោះ ដែល​មានបំណង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ទំនាក់ទំនង​ខាង​នយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គម និង​វប្បធម៌ ជាដើម​។​
  
​ផ្ទុយទៅវិញ បើ​យោងតាម​ធម្មជាតិ​របស់​ផ្លែ​ព្នៅ ទោះបីជា​គ្មាន​អ្នកណាម្នាក់​យក​ទំ​ពក់​ទៅ​បេះ​វា​ក៏ដោយ ក៏​ផ្លែ​របស់​វា​អាច​ជ្រុះ​បានដែរ ប្រសិនបើ​ផ្លែ​ព្នៅ​នោះ​ទុំ​។ ដូចគ្នា​ដែរ នៅក្នុង​សង្គម ក៏មាន​ករណី​ជាច្រើន​ដែល​ជនរងគ្រោះ មិនដែល​បានធ្វើ​អំពើអាក្រក់​ទៅលើ​ចោរ ឬ​ជនខិលខូច​ទេ ប៉ុន្តែ ជារឿយៗ​ពួកគេ​បែរជា​រងគ្រោះ​ដោយ​អំពើ​លួច ប្លន់ កេង​ប្រ​វញ្ច ចាប់ជំរិត រំលោភ​ផ្លូវភេទ ជាដើម ពី​ក្រុមចោរ ឬ​ពួក​ជនខិលខូច​ទាំងនោះ​។​
 
​ទាក់ទង​នឹង​រឿង​ស្នេហា​វិញ ករណីខ្លះ ក៏មាន​ការចាប់ផ្ដើម ឬ​ការបាក់​ចិត្ត​ស្រឡាញ់​ជា​ឯកតោភាគី​ដែរ ដោយ​ភាគី​បុរស ឬ​ស្ត្រី​ដែល​ត្រូវគេ​លួច​ស្រឡាញ់​នោះ​មិន​ទាំង​ដឹងខ្លួន​ផង​។ ចំពោះ​រឿង​នយោបាយ ឬ​សង្គ្រាម​វិញ នៅក្នុង​ពិភពលោក​នេះ ក៏មាន​ប្រទេស​តូចតាច​មួយចំនួន​បានទទួល​រងគ្រោះ​ដោយ​ការឈ្លានពាន​របស់​ប្រទេស​ធំៗ​ពី​ព្រោះតែ​មហិច្ឆតា​របស់​ប្រទេស​ទាំងនោះ ប៉ុន្តែ តាមពិត ប្រទេស​តូច​ទាំងនោះ​មិនដែល​បានធ្វើ​អ្វី​មិនល្អ​ទៅលើ​ប្រទេស​ធំៗ ឬ​ប្រទេស​មហាអំណាច​ទាំង​នោះទេ​។   
 
​ជារួម បុព្វបុរស​ខ្មែរ​ចង់​អប់រំ​កូនចៅ​របស់ខ្លួន​ឱ្យ​យល់ថា មាន​អ្វីៗ​ជាច្រើន​ប្រព្រឹត្ត​ទៅដោយ​ផ្អែកលើ​ទំនាក់ទំនង​ហេតុ​និង​ផល ឬ​អនុលោម​ទៅតាម​ទ្រឹស្ដី​កម្មផល សម​ដូច​សុភាសិត​ថា «​ទំ​ព​ក់វា​ទៅ ទើប​ព្នៅ​វា​មក​»​។ ក៏ប៉ុន្តែ នៅក្នុង​តថភាព​ធម្មជាតិ និង​ថត​ភាព​សង្គម​មួយចំនួន ក៏មាន​រឿងរ៉ាវ​ខ្លះ​ហាក់ដូចជា​មិនបាន​ប្រព្រឹត្ត​ទៅដោយ​អនុលោម​តាម​គោលការណ៍​នេះ​ទេ ដូចដែល​បានបង្ហាញ​ជូន​ខាងលើ​រួចហើយ​។ ចំណុច​នេះ អាច​បញ្ជាក់បាន​ថា នៅក្នុង​លោក​នេះ គ្មាន​ទ្រឹស្ដី ទស្សនៈ គោលការណ៍ ឬ​រូបមន្ត​ណាមួយ​ដែលមាន​ភាពត្រឹមត្រូវ​មួយរយ​ភាគរយ និង​អាច​ប្រើប្រាស់​បាន​គ្រប់​កាលៈទេសៈ​ដោយ​មិនបាច់​ត្រួតពិនិត្យ កែសម្រួល និង​ពិចារណា​ហ្មត់ចត់​នោះទេ​។ 
 
​ហេតុនេះ អ្នក​ស្លូតត្រង់​ទាំងឡាយ និង​ប្រទេស​តូចតាច​ទាំងអស់ មិនត្រូវ​គិតថា ខ្លួន​គឺជា​មនុស្ស​ឬ​ប្រទេស​ស្លូតត្រង់ គោរព​សីលធម៌ គោរព​សិទ្ធិមនុស្ស គោរព​ច្បាប់ អាច​គេច​ផុតពី​អំពើ​លួច​ប្លន់ អំពើ​អសីលធម៌ ការ​កេង​ប្រ​វញ្ច និង​ការឈ្លានពាន​របស់​ជន​ខិលខូច ឬ​ប្រទេស​ធំ​ដោយ​ស្វ័យប្រវត្តិ​ឡើយ​។ ដូច្នេះ អ្នក​ល្លូត​ត្រង់ និង​ប្រទេស​តូចតាច​ទាំងអស់ ត្រូវតែ​ចេះ​ការពារ​ខ្លួន​គ្រប់ពេល កុំ​សន្តិភាព​និយម​ពី​ព្រោះតែ​អំពើ​សុច​រឹត និង​គុណធម៌​របស់ខ្លួន ពីព្រោះ​អំពើ ហេតុការណ៍ ព្រឹត្តិការណ៍ ឬ​ផល​ដែល​យើង​ទួលបាន​មួយចំនួន មិនមែន​សុទ្ធតែ​អនុលោម​ទៅតាម​សុភាសិត​«​ទំ​ព​ក់វា​ទៅ ទើប​ព្នៅ​វា​មក​» ឬ​ទំនាក់ទំនង​ហេតុ​និង​ផល ឬ​កម្មផល​ទាំងស្រុង​នោះទេ ទោះបីជា​យ៉ាងណាក៏ដោយ ក៏​ការអះអាង​បែបនេះ​អាចមាន​ការជំទាស់​ពី​មនុស្ស​មួយចំនួន​៕ 
 
​ដោយ​សាស្ត្រាចារ្យ ឈ​ត ប៊ុន​ថង​
 

Tag:
 សុភាសិត
© រក្សាសិទ្ធិដោយ thmeythmey.com