អន្តរជាតិ
តើ​អ្វី​បង្កើត​ឲ្យ​មាន​«​រន្ទះ​»? តើ​ភព​ផ្សេងៗ​មាន​រន្ទះ​ដែរឬទេ​?
19, Sep 2020 , 12:59 pm        
រូបភាព
​រន្ទះ ជា​បាតុភូតធម្មជាតិ​មួយ​ដែល​កើត​ឡើងជា​រៀងរាល់ថ្ងៃ​នៅក្នុង​ពិភពលោក​។ វា​ជា​បាតុភូត​មួយ​ដែល​មនុស្ស​ជួបប្រទះ​បាន​ច្រើនជាងគេ​។ ជាមួយនឹង​សំឡេង​យ៉ាងខ្លាំង​ល្បឿន​យ៉ាង​លឿន និង​ពន្លឺ​យ៉ាង​ភ្លឺ​រន្ទះ​គឺជា​ផ្នែក​មួយ​នៃ​ធម្មជាតិ​ដែល​អាចធ្វើ​ឲ្យ​មនុស្ស​ភ័យខ្លាច តែ​ពេលខ្លះ​គួរ​ឲ្យ​គយគន់​។ តើ​លក្ខណៈពិសេស​នៃ​ធម្មជាតិ​មួយ​នេះ​កើតឡើង​មកពី​កត្តា​អ្វី​?

 
«​ចរន្តអគ្គិសនី​»​គឺជា​អ្នកទទួលបន្ទុក​ក្នុង​រឿង​ដ៏​ស្មុគស្មាញ​មួយ​នេះ​។ គេហទំព័រ​ទូរទស្សន៍ National Geographic បាន​ពន្យល់ថា​រន្ទះ​កើតឡើង​ពី​ភាពមិន​ស្មើគ្នា​រវាង​បរិមាណ​អគ្គិសនី​រវាង ពពក​និង​ផ្ទៃដី ឬ ពពក​និង​ពពក​។ ភាគច្រើន​រន្ទះ​កើតឡើង​រវាង​ពពក និង​ពពក​ខ្លួនឯង​។ នៅពេល​មេឃ​មាន​ខ្យល់​ខ្លាំង ពេល​ធ្លាក់​ព្រិល​ឬ​ធ្លាក់​ទឹកកក អង្គធាតុ​នៅក្នុង​អាកាស​ដែលមាន​ដូចជា គ្រាប់​ទឹកភ្លៀង គ្រាប់​ព្រិល ធូលី​ដី​ជាច្រើន​រាប់លាន​កកិត​គ្នា​ទៅវិញទៅមក​បង្កើត​ឲ្យ​មាន​ភាពមិន​ស្មើ​សាច់​រវាង​បន្ទុកអគ្គិសនី​នៅក្នុង​ពពក​និង​នៅលើ​ដី​។​
 
​នៅលើ​មេឃ ចរន្តអគ្គិសនី​អវិជ្ជមាន ឬ​ប៉ូល​ដក​មាន​ចំនួន​ច្រើន ចំណែកឯ​ផ្ទៃដី ដី​ដូចជា​នៅ​ដំបូល​អគារ ឬ​កំពូល​ដើមឈើ​សម្បូរ​ទៅដោយ​ចរន្តអគ្គិសនី​វិជ្ជមាន ឬ​ប៉ូល​បូក​។ នៅពេល​នេះហើយ​ទើប​ចរន្តអគ្គិសនី​ក្នុង​លក្ខណៈ​ជា​រន្ទះ​អាច​រត់​ឆ្លងកាត់​បាន ស្រដៀង​គ្នា​ទៅនឹង​ថ្មពិល​នៅក្នុង​ឧបករណ៍​អគ្គិសនី​ដែរ​។ គ្រាប់​រន្ទះ​មាន​កម្តៅ​ក្តៅ​ខ្លាំងណាស់​រហូត​ទៅដល់​៥​ដង​នៃ​កម្តៅ​របស់​ផ្ទៃ​ខាងក្រៅ​នៃ​ព្រះអាទិត្យ​។​
 
​ដោយសារតែ​កម្តៅ​ដ៏​ខ្លាំង​នេះហើយ​ទើប​ខ្យល់​នៅ​ជុំវិញ​រីក​មាឌ​ភ្លាមៗ​បង្កើត​ឲ្យ​មាន​សម្លេង​យ៉ាង​សម្បើម​។ រៀងរាល់​មួយ​វិនាទី​រន្ទះ​ប្រមាណ​១០០​គ្រាប់​ត្រូវបាន​កើតមាន ជុំវិញ​ពិភពលោក​។ វា​អាចបង្កើត​អគ្គីសនី​រហូត​ទៅដល់​១០០​លាន​វ៉ុល​ក្នុង​រយៈពេល​ដ៏​ខ្លី​នោះ​។​
 
​ផ្នែក​ចរន្ត​អវិជ្ជមាន​ធ្វើដំណើរ​ចុះមក​ខាងក្រោម​។​វា​ត្រូវបាន​គេ​ហៅថា «Stepped Streamer» ។  នៅពេលដែល​ប៉ូល​ដក ខិត​មក​ចូល​កាន់តែ​ជិត​ជាមួយនឹង​ប៉ូល​បូក​ឬ​ចរន្ត​វិជ្ជមាន «Streamer» ផ្នែក​ទាំងពីរ​នឹង​ភ្ជាប់​គ្នា​យ៉ាង​លឿន​បង្កើត​ឲ្យ​មាន​រន្ទះ​ដែល​យើង​មើលឃើញ​។ មិនមែន​ផែនដី​តែមួយ​នោះទេ​ដែលមាន​វត្តមាន​រន្ទះ​។​ភព​មួយចំនួនទៀត​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​ក៏​ទទួលរង​រន្ទះ​ដែរ ដូចជា​ភព​សុក្រ (Venus) ភព​សៅរ៍ (Saturn) និង ភព​ព្រហស្បតិ៍ (Jupiter) ជាដើម​៕

© រក្សាសិទ្ធិដោយ thmeythmey.com