ភ្នំពេញ៖ ជ្រូកជាង២០០០ក្បាលហើយ ដែលត្រូវបានសម្លាប់ និងងាប់ ដោយសារការផ្ទុះរីករាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅកម្ពុជា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ តួលេខនៃចំនួនជ្រូកងាប់នេះ ក៏បង្ហាញពីការខាតបង់ថវិកាខ្ទង់ម៉ឺនដុល្លារផងដែរ។ដោយមើលឃើញពីបញ្ហានេះ ទើបប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ស្នើឲ្យរដ្ឋាភិបាលរំលែកការខាតបង់របស់កសិករចិញ្ចឹមជ្រូក៣០ភាគរយ ដើម្បីជួយទ្រទ្រង់វិស័យចិញ្ចឹមជ្រូកនៅកម្ពុជា។
មិនទាន់មានការអះអាងជាផ្លូវការពីតួលេខនៃការខាតបង់ប្រាក់ ដោយសារជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលបណ្ដាលឲ្យជ្រូកជាង២ពាន់ក្បាលងាប់នោះឡើយ។ ប៉ុន្តែគេអាចសន្និដ្ឋានជាមធ្យមថា ជ្រូកមួយក្បាលដែលងាប់នេះ គឺខាតបង់ប្រាក់២០០ដុល្លារអាមេរិក ដោយគិតលើថ្លៃចិញ្ចឹមឲ្យចំណី។ នេះជាការលើកឡើងរបស់លោក តាន់ ផាន់ណារ៉ា អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដែលបានបន្ថែមថា ជំងឺប៉េស្តជ្រូក ដែលកំពុងផ្ទុះឡើងនេះ គឺជាវីរុសប្រភេទ២ ដែលធ្វើឲ្យជ្រូកងាយឆ្លងជំងឺ និងឆាប់ងាប់ភ្លាមៗតែម្ដង។
លោក យ៉េង តៃហួរ ដែលបានជួបបញ្ហាជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅក្នុងកសិដ្ឋាននោះ បាននិយាយថា ជ្រូកលោកប្រមាណ១០០ក្បាល បានងាប់ទាំងអស់ ដែលធ្វើឲ្យលោកខាតបង់ថវិកាសរុបជិត២ម៉ឺនដុល្លារ។ ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកនៅក្នុងភូមិថ្មី ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានរៀបរាប់ដូច្នេះថា៖«ជ្រូកខ្ញុំងាប់អស់ហើយ។ ក្នុងនោះមានមេជ្រូក២៧ ខ្ញុំទិញតម្លៃ៣៥០ដុល្លារក្នុងមួយក្បាល ហើយជ្រូកសាច់២០ក្បាលដែលងាប់នោះ មានតម្លៃ២៥០ដុល្លារក្នុងមួយក្បាល។ ចំណែកជ្រូកទម្ងន់៣០ទៅ៤០គីឡូ មានចំនួន៣០ក្បាល ដែលខ្ញុំអាចលក់បានតម្លៃប្រមាណ១០០ដុល្លារក្នុងមួយក្បាលក្រោយទូទាត់ថ្លៃចំណីហើយ ហើយកូនជ្រូកតូចៗមាន៥សំបុក ចំនួន៥០ក្បាល ដោយក្នុងមួយក្បាលខ្ញុំអាចលក់បានតម្លៃ២៥ម៉ឺនរៀល។ ដូច្នេះបូកសរុបលើថ្លៃទូទាត់ទាំងអស់នេះ វាចូល២ម៉ឺនដុល្លារ»។
លោក តៃហួរ បានអះអាងថា លោកខំប្រឹងព្យាយាមទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះដែរ ប៉ុន្តែនៅតែមិនអាចទប់ជាប់ ដោយសារជំងឺនេះ វាឆ្លងសាហាវតាមរយៈសត្វមានមេរោគ ដូចជាសត្វរុយជាដើម ។ ហើយអ្វីដែលលោក តៃហួរ មិនសប្បាយនោះ គឺវិធានការទប់ស្កាត់របស់រដ្ឋាភិបាលមានភាពខ្វះចន្លោះ ក្នុងការគ្រប់គ្រងការនាំចូលជ្រូកពីក្រៅប្រទេស។
«ខ្ញុំមានការខកចិត្តត្រង់ថា រដ្ឋាភិបាលហាក់ដូចជាធូរបន្តិចលើការនាំចូលជ្រូក។ ចំណុចនេះ ខ្ញុំអន់ចិត្តបន្តិច។ ខ្ញុំទទួលស្គាល់ថា រដ្ឋាភិបាលក៏បានជួយយើងច្រើនហើយ ប៉ុន្តែចំណុចការនាំចូលជ្រូកមួយរយៈពេលចុងក្រោយនេះ បិទមិនជិតសោះ បើគាត់បិទជិតខ្ញុំគិតថាវាអាចទប់ស្កាត់»។ នេះជាការលើកឡើងរបស់កសិករចិញ្ចឹមជ្រូកនៅខេត្តកំពង់ចាមរូបនេះ ដែលបានបន្ថែមថា លោកនឹងផ្អាកចិញ្ចឹមជ្រូកមួយរយៈពេល ដោយរង់ចាំជំងឺប៉េស្តជ្រូកនេះ ទប់ស្កាត់បាន១០០ភាគរយ ទើបលោកចិញ្ចឹមឡើងវិញ។
ចំណែកអ្នកស្រី លឹម អេង ដែលជាកសិករចិញ្ចឹមជ្រូកម្នាក់ដែរ ស្នើឲ្យរដ្ឋាភិបាលផ្ដល់ថវិកាខ្លះ ដល់កសិកររងគ្រោះ ដើម្បីជួយដោះស្រាយការខាតបង់របស់ពលរដ្ឋ ដែលជួបបញ្ហាជំងឺប៉េស្តជ្រូកនេះ។ ដ្បិតការជួយជាថវិកាមិនបានដល់១០០ភាគរយក្តី ប៉ុន្តែរដ្ឋាភិបាលអាចជួយដោះស្រាយនៅក្នុងកម្រិតណាមួយ ដែលសមស្របសម្រាប់ពលរដ្ឋ ដើម្បីឲ្យពួកគេអាចមានលទ្ធភាពទូទាត់សងធនាគារ ដែលគេខ្ចីមកធ្វើទុនពង្រីកការរកស៊ីចិញ្ចឹមជ្រូកនេះ។ នេះជាការលើកឡើងរបស់អ្នកស្រី លឹម អេង ។
ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូករូបនេះ បានលើកឡើងដូច្នេះថា៖«រដ្ឋាភិបាលត្រូវជួយដោះស្រាយបញ្ហាពលរដ្ឋរងគ្រោះ ព្រោះការរងគ្រោះនេះ មិនមែនដោយសារពួកគាត់ជាអ្នកបង្កើតទេ ប៉ុន្តែដោយសារតែក្រសួងពាក់ព័ន្ធបើកឲ្យជ្រូកវៀតណាមចេញ-ចូលមក ដែលបង្កជាវិនាសកម្មនៅក្នុងស្រុក។ ដូច្នេះរដ្ឋាភិបាលគួរជួយជាថវិកា ដើម្បីដោះស្រាយការខាតបង់ទាំងអស់ហ្នឹង ព្រោះអ្វីម្នាក់ៗរកស៊ីរបរចិញ្ចឹមជ្រូកនេះ គឺសុទ្ធតែជំពាក់ធនាគារ»។
ទាំងលោក យ៉េង តៃហួរ និងអ្នកស្រី លឹម អេង សុទ្ធតែយល់ឃើញថា វិធានការទប់ស្កាត់របស់រដ្ឋាភិបាលលើបញ្ហាជំងឺប៉េស្តជ្រូកអាហ្វ្រិក ហាក់ដូចជាយឺតយ៉ាវបន្ដិច ដូចពាក្យលើកឡើងថា «ទឹកដល់ច្រមុះ ទើបដោះស្រាយ»។
ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បាននិយាយថា សមាជិកនៃសមាគមលោកមួយចំនួន ស្ថិតនៅក្នុងភូមិទាំង១៩ នៃឃុំក្រាំងយ៉ូវ ខេត្តកណ្ដាលនោះ បានខាតបង់ថវិកាធ្ងន់ធ្ងរ ដោយសារជ្រូកនៅតាមកសិដ្ឋាននីមួយៗសរុបបញ្ចូលគ្នា មានចំនួនជិត៦០០ក្បាល ក្នុងចំណោមជាង១០០០ក្បាល បានងាប់ដោយជំងឺប៉េស្តជ្រូក។ ត្រង់ចំណុចនេះ ទើបលោកស្នើឲ្យរដ្ឋាភិបាល បញ្ចេញកញ្ចប់ថវិកា ជួយដោះស្រាយបញ្ហាកសិករចិញ្ចឹមជ្រូកឲ្យបានត្រឹម៣០ភាគរយ នៃការខាតបង់របស់ពួកគេ ដើម្បីជួយសម្រួលផលលំបាកខ្លះ។ ជាពិសេសជួយទ្រទ្រង់កសិករចិញ្ចឹមជ្រូកខ្នាតតូចនៅកម្ពុជាផងដែរ។
«បើសិនជាអាចខាងរដ្ឋាភិបាល អាចជួយត្រឹម២០ ទៅ៣០ភាគរយ គឺពលរដ្ឋចិញ្ចឹមជ្រូកអាចទទួលយកបានហើយ ព្រោះជ្រូកមួយក្បាលពលរដ្ឋអាចលក់បាន២០០ដុល្លារនោះ ដូច្នេះបើសិនជារដ្ឋាភិបាលអាចជួយពួកគាត់ ត្រឹមតែផ្ដល់ថវិការំលែកការខាតបង់ខ្លះ ឲ្យពួកគាត់៣០ទៅ៤០ដុល្លារ លើតម្លៃជ្រូកមួយក្បាលនោះ គឺពួកគាត់សប្បាយចិត្តហើយ»។ នេះជាការលើកឡើងរបស់លោក ស្រ៊ុន ពៅ។
តែយ៉ាងណារដ្ឋាភិបាលគ្មានគោលនយោបាយចំណាយថវិកាដោះស្រាយជំងឺប៉េស្តជ្រូកអាហ្វ្រិកទេ ពោលគឺវាអាស្រ័យលើការសម្រេចចិត្តសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុណ្ណោះ។ នេះជាការបញ្ជាក់របស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល។
ថ្លែងនៅក្នុងសន្និសីទកាសែតជុំវិញបញ្ហាប៉េស្តជ្រូកអាហ្វ្រិកនៅកម្ពុជា កាលពីថ្ងៃទី ១១ កក្កដា លោក ផៃ ស៊ីផាន បាននិយាយថា អ្វីដែលរដ្ឋាភិបាល អាចធ្វើបាននៅពេលនេះ គឺអំពាវនាវដល់ឈ្មួញ កុំឆ្លៀតឱកាសដំឡើងថ្លៃជ្រូក ក្រៅពីវិធានការរឹតបន្តឹងការនាំចូលជ្រូក ដើម្បីទប់ស្កាត់បញ្ហាជំងឺប៉េស្តជ្រូកនេះ។
«ដំណាក់កាលយើង មិនទាន់មានគម្រោងនូវការជួយចែករំលែកការបង់ខាតរបស់អ្នកចិញ្ចឹញនៅក្នុងគ្រួសារនោះទេ។ ប៉ុន្តែមិនមែនបានសេចក្តីថា ដាច់ណាត់យើងមិនធ្វើនោះទេ ព្រោះវាជាការសម្រេចចិត្តនៅក្នុងនយោបាយទៅវិញ។ ខ្ញុំមិនដឹងទេ ពីការសម្រេចចិត្តផ្នែកនយោបាយ ប៉ុន្តែបើតាមច្បាប់ តាមគោលការណ៍យើងអត់មានចែករំលែក នៅក្នុងការខូចខាតនេះទេ»។ នេះជាការបញ្ជាក់របស់លោក ផៃ ស៊ីផាន ដែលបានបន្ថែមថា ករណីកម្ទេចសត្វជ្រូកដែលជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ គឺជាការព្រមព្រៀងរវាងពលរដ្ឋអ្នកជំងឺជ្រូក ជាមួយខាងអាជ្ញាធរជំនាញរបស់រដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់ជំងឺនេះប៉ុណ្ណោះ។
បច្ចុប្បន្ននេះមានជ្រូក៧៩៨ក្បាលត្រូវបានសម្លាប់ចោល ហើយមានជ្រូកជាង ១ពាន់ក្បាលផ្សេងទៀតងាប់ដោយសារជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ។ នេះជាការបញ្ជាក់របស់លោក តាន់ ផាន់ណារ៉ា អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដែលបានសង្កត់ធ្ងន់ថា ករណីផ្ទុះជំងឺប៉េស្តជ្រូកនេះ មិនមែនជារឿងធូរស្រាលសម្រាប់កម្ពុជានោះទេ។
មកដល់ពេលនេះ ករណីផ្ទុះរីករាលដាលជំងឺប៉េស្តជ្រូកនេះ បានកើតឡើងនៅក្នុងខេត្តចំនួន៥ហើយ ដោយក្នុងនោះរួមមាន ខេត្តរតនគិរី ត្បូងឃ្មុំ ស្វាយរៀង តាកែវ និងកណ្ដាល។ ដោយសារបញ្ហាផ្ទុះជំងឺប៉េស្តជ្រូកនេះហើយ ទើបក្រុមហ៊ុនផ្គត់ផ្គង់ជ្រូកក្នុងស្រុក ពិបាកលក់ និងធ្លាក់ចុះការផ្គត់ផ្គង់ផងដែរ។ លោក ហេង សីហា តំណាងក្រុមហ៊ុនBetogro បាននិយាយថា ក្រុមហ៊ុនលោក ធ្លាក់ចុះការផ្គត់ផ្គង់ជ្រូក៣០ភាគរយ ពោលគឺធ្លាប់លក់ជ្រូកបាន១០០ក្បាលក្នុងមួយថ្ងៃ ប៉ុន្តែឥឡូវនេះលក់បានតែ៧០ប៉ុណ្ណោះ។ ការធ្លាក់ចុះនេះ ត្រូវបានលោក ហេង សីហា អះអាងថា វាបណ្ដាលមកពីឈ្មួញ និងអាជីករកាត់បន្ថយការបញ្ជារទិញ ខណៈអ្នកបរិភោគ កំពុងរអាការញាំសាច់ជ្រូក។ បើតាមលោក សីហា តម្លៃជ្រូកមួយរយៈពេលនេះ ក៏ធ្លាក់ចុះផងដែរ ពោលគឺតម្លៃក្រុមហ៊ុនលក់ចេញ តម្លៃ៩៧០០រៀលក្នុងមួយគីឡូក្រាម ខណៈពលរដ្ឋលក់តាមភូមិ ត្រឹមតែ៧០០០រៀលប៉ុណ្ណោះ៕