ជាតិ
សង្គមជាតិ
លោក សាយ សំអាល់៖ អ្នកអភិរក្សព្រៃឈើ អាចសុំថវិកាពីក្រសួងបរិស្ថានសម្រាប់អភិរក្ស និងអភិវឌ្ឍព្រៃឈើ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងពិធីដាំដើមឈើរបស់សមាគមអៃរាវតា នៅភូមិកាទៀង ឃុំល្បាំងពីរ ស្រុកលំផាត់ ខេត្តរតនគិរី កាលពីថ្ងៃទី៨កក្កដា ឆ្នាំ២០១៩ (ប្រភពរូប៖ AKP)
× ភ្នំពេញ៖ អ្នកអភិរក្សព្រៃឈើ ដែលជាបុគ្គល,សហគមន៍ ឬជាស្ថាប័ន អាចស្នើសុំថវិកាពីក្រសួងបរិស្ថាន ដើម្បីអភិរក្ស និងអភិវឌ្ឍព្រៃឈើនៅកម្ពុជា។ នេះជាការលើកឡើងរបស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្រោយពីលោកបានប្រកាសផ្តល់ជូនថវិកាចំនួន២ម៉ឺនដុល្លារ ដល់សមាគមអភិរក្សដំរីខ្មែរអៃរាវតា នៅក្នុងពិធីដាំដើមឈើប្រណិត ២,០០០ដើម នៅភូមិកាទៀង ឃុំល្បាំងពីរ ស្រុកលំផាត់ ខេត្តរតនគិរី កាលពីថ្ងៃទី៨ កក្កដា ឆ្នាំ២០១៩។
បើតាមលោករដ្ឋមន្ត្រី កញ្ចប់ថវិកាដែលត្រៀមផ្តល់ជូនអ្នកអភិរក្ស និងសហគមន៍ព្រៃឈើនានា និងរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាថវិកាដែលបានពីការលក់កាបូនព្រៃឈើកន្លងមក។ លោករដ្ឋមន្ត្រី បន្តថា៖«ថវិកា បានពីការលក់កាបូន តាមរយៈការអភិរក្សព្រៃឈើ យើងបានផ្ទេរថវិកាទាំងនេះ មកបម្រើនូវឧត្តមប្រយោជន៍ ក្នុងការអភិរក្សព្រៃឈើរបស់យើង។ សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់អ្នកអភិរក្ស សហគមន៍អភិរក្សព្រៃឈើ ឬក៏ស្ថាប័នផ្សេងៗ ក៏អាចស្នើសុំថវិកានេះបាន ហើយយើងខ្ញុំនឹងផ្តល់ជូនក្នុងនាមអប់រំ និងកសាងហេដ្ឋារចនាសម្ព័ន្ធ»។
នៅក្នុងពិធីដដែលនោះ លោក សាយ សំអាល់ បានឲ្យដឹងទៀតថា សហគមន៍នៃក្រសួងបរិស្ថានមានជាង១៦០ ហើយសហគមន៍ទាំងនេះ អាចស្នើសុំថវិកាបានដើម្បីចូលរួមអភិរក្សព្រៃឈើ និងការអភិរក្សផ្សេងៗជាដើម។ សហគមន៍ជលផល សហគមន៍ព្រៃឈើនៃក្រសួងកសិកម្ម និងសហគមន៍ផ្សេងៗ ក៏មានសិទ្ធស្នើសុំថវិកា ឥណទានព្រៃឈើ ពីក្រសួងបរិស្ថាន ដើម្បីអភិរក្ស ក៏ដូចជាការអភិវឌ្ឍផងដែរ។
លោក សាយ សំអាល់ បានលើកឡើងបន្តថា ថវិកាចំនួន២ម៉ឺនដុល្លារក្នុងមួយឆ្នាំ ដែលក្រសួងបរិស្ថាន ផ្តល់ឲ្យសមាគមអភិរក្សដំរីខ្មែរអៃរាវតា គឺដើម្បីលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងអភិរក្សសត្វដំរី និងការបង្កើតប្រព័ន្ធអេកូធម្មជាតិ ព្រៃឈើ និងបរិស្ថានឡើងវិញ នៅក្នុងខេត្តរតនគិរី។ សមាគមអភិរក្សដំរីខ្មែរអៃរាវតា ជាតួអង្គអភិរក្សព្រៃឈើទី៣ ដែលទទួលបានកញ្ចប់ថវិកា២ម៉ឺនដុល្លារ ប្រចាំឆ្នាំពីក្រសួងបរិស្ថាន។ កន្លងមកក្រសួងបរិស្ថាន បានបញ្ចេញមូលនិធិបរិស្ថាននេះ ទៅឱ្យគ្រួសារមួយនៅភូមិត្នោតដែលអភិរក្ស-ដាំដើមឈើ និងកសាងប្រព័ន្ធអេកូទេសចរលើទំហំផ្ទៃជិត១ម៉ឺនហិកតា និងគម្រោងមួយទៀត នៅតំបន់អភិរក្សព្រៃឈើសង្ឃរុក្ខវន្ត នៅខេត្តឧត្តរមានជ័យ។
ចាប់ពីឆ្នាំ២០១៦-២០១៩ កម្ពុជាទទួលបានថវិកាសរុប៩,៥លានដុល្លារ ពីការលក់ឥណទានកាបូនឱ្យទៅក្រុមហ៊ុនអន្តរជាតិ Disney និងShall។ ក្នុងចំណោមថវិកាសរុបនេះមាន៣,៥លានដុល្លារ បានពីការលក់កាបូនព្រៃឈើនៅដែនជម្រកសត្វព្រៃកែវសីមាក្នុងខេត្តមណ្ឌលគិរី និង៦លានដុល្លារទៀត បានពីការលក់កាបូនព្រៃឈើនៅឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងបរិស្ថានកាលពីថ្ងៃទី១០កក្កដា ឆ្នាំ២០១៩។ សម្រាប់ថវិកាដែលកម្ពុជាទទួលបានពីលក់កាបូនព្រៃឈើនេះ គឺស្ថិតនៅក្នុងកម្មវិធី«រេដបូក» (REDD+: Reducing Emission from Deforestation and Forest Degradation) ដែលជាកម្មវិធីជាតិកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ពីការបាត់បង់និងរេចរឹលព្រៃឈើ។ «រេដបូក» មានគោលបំណង ការពារព្រៃឈើឱ្យបានគង់វង្សសម្រាប់ជាផលប្រយោជន៍ជាតិ និងចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុសកល ក្នុងអនុសញ្ញាក្របខណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ៕
Tag:
ព្រៃឈើ
សហគមន៍
សាយ សំអាល់
© រក្សាសិទ្ធិដោយ thmeythmey.com