រៀបចំឡើងដោយស្ថាប័នអប់រំ IDP កម្ពុជា កម្មវិធីពិរព័ណ៍អាហារូបករណ៍ និងការសិក្សានៅអូស្ត្រាលី បាននាំស្ថាប័នអប់រំប្រមាណ៤៤ មកពីប្រទេសអូស្ត្រាលី មកកាន់ប្រទេសកម្ពុជា។ កម្មវិធីបានប្រព្រឹត្តឡើង នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៩ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ដើម្បីផ្តល់ការប្រឹក្សាផ្ទាល់ និងបង្ហាញជម្រើសសិក្សានានា នៅប្រទេសអូស្ត្រាលី ទៅកាន់ សិស្ស និស្សិតកម្ពុជា ក៏ដូចជាមាតាបិតារបស់ពួកគេផងដែរ។
IDP Education គឺជាស្ថាប័នធំជាងគេបង្អស់លើពិភពលោក ដែលបានដើរតួនាទីក្នុងការបញ្ជូនសិស្ស និស្សិត ទៅសិក្សានៅប្រទេសអូស្ត្រាលី អង់គ្លេស នូវែលសេឡង់ កាណាដា និងអាមេរិក ជាមួយនឹងការិយាល័យជាង ១០០ នៅច្រើនជាង ៣២ប្រទេស ជុំវិញពិភពលោក។
លោក ម៉ៅ ស្រេង នាយកស្ថាប័នអប់រំ IDP ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖«ជាច្រើនទសវត្សមកហើយ ដែលប្រទេសអូស្ត្រាលី ជាទិសដៅសិក្សាមួយ ដែលមានប្រជាប្រិយភាពសម្រាប់សិស្ស និស្សិត និងអាណាព្យាបាលកម្ពុជា ដើម្បីឲ្យពួកគេជ្រើសរើស ទៅបំពេញក្តីស្រមៃការសិក្សា និងត្រួសត្រាយផ្លូវ ឆ្ពោះទៅរកអាជីពដែលពួកគេប្រាថ្នា នៅពេលពួកគេត្រឡប់មកប្រទេសកម្ពុជាវិញ។ ប្រទេសអូស្ត្រាលី ផ្តល់ឲ្យសិស្ស និស្សិត នូវការអប់រំប្រកបដោយស្តង់ដារពិភពលោក គ្រប់កម្រិត និងត្រូវបានគេទទួលស្គាល់ជាអន្តរជាតិ»។
បានមាន
ក្នុងពិធីបើកសម្ពោធកម្មវិធីពិព័រណ៍អាហារូបករណ៍ និងការសិក្សានៅប្រទេសអូស្ត្រាលីនេះ
លោកស្រី Angela Corcoran ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖«សិស្ស និស្សិតខ្មែរ មានបំណងទៅសិក្សានៅប្រទេសអូស្ត្រាលី ពីព្រោះ ពួកគេបានដឹង និងជឿជាក់លើគុណភាព ដែលពួកយើងបានផ្តល់ឲ្យ ដែលមានស្តង់ដារលំដាប់ពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះ គុណភាពសិក្សានេះ ត្រូវបានផ្តល់ឲ្យជាមួយ នឹងទីក្រុងដែលមានភាពសម្បូរបែប ទីតាំងដែលមានទេសភាពគួរឲ្យទស្សនា និងវប្បធម៌ចម្រុះ ជាច្រើនសណ្ឋាន»។
កម្មវិធីពិព័រណ៍អាហារូបករណ៍ និងការសិក្សានៅអូស្ត្រាលី ជាវេទិកាការសិក្សាដ៏ធំមួយប្រចាំឆ្នាំ នៅប្រទេសកម្ពុជា ដែលមានការចូលរួមពីស្ថាប័នអប់រំអូស្ត្រាលីជាច្រើន និងមានសិស្សនិស្សិត និងអាណាព្យាបាល ច្រើនជាង៨០០ នាក់ បានមកជួបពិភាក្សាផ្ទាល់ ជាមួយស្ថាប័នអប់រំអូស្ត្រាលី ដើម្បីស្វែងយល់ព័ត៌មានពីជម្រើសសិក្សាគ្រប់កម្រិត ចាប់ពីថ្នាក់វិទ្យាល័យ ថា្នក់អប់រំវិជ្ជាជីវៈវគ្គខ្លី និងកម្មវិធីសិក្សាថ្នាក់សាកលវិទ្យាល័យ ក៏ដូចជាព័ត៌មានពីអាហារូបករណ៍ ដែលពាក់ព័ន្ធ និងតម្រូវការទិដ្ឋាការផ្សេងៗ។ ការផ្តល់ប្រឹក្សាទៅសិក្សានៅបរទេស របស់ស្ថាប័ន IDP គឺមិនតម្រូវឲ្យបង់ប្រាក់ទេ។
ការអប់រំរបស់ប្រទេសអូស្ត្រាលី មិនធ្លាប់មានសក្តានុពលនៅប្រទេសកម្ពុជាខ្លាំងយ៉ាងនេះ ពីមុនមកនោះទេ ប៉ុន្តែប្រទេសអូស្ត្រាលី នៅតែជាទិសដៅសម្រាប់បន្តការសិក្សា ដ៏មាន ប្រជាប្រិយភាព របស់សិស្ស និស្សិតខ្មែរ។ នេះជាប្រសាសន៍របស់លោកស្រីឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពជា។ ក្នុងកំឡុងឆ្នាំហិរញ្ញវត្ថុ ២០១៧-២០១៨ ទិដ្ឋាការសិស្ស និស្សិតចំនួន ៤២២,៩៥៩នាក់ បានផ្តល់ជូនឲ្យសិស្ស និស្សិតកម្ពុជា ដោយក្រសួងមហាផ្ទៃប្រចាំស្ថានទូតអូស្ត្រាលី ច្រើនជាង ១១.៣ ភាគរយ បើធៀបនឹងឆ្នាំមុន។
«ខ្ញុំពិតជាមានសេចក្តីសប្បាយរីករាយណាស់ ដែលបានមកចូលរួមកម្មវិធីពិព័រណ៍អាហារូបករណ៍ និងការសិក្សានៅអូស្ត្រាលីក្នុងថ្ងៃនេះ។ ខ្ញុំបានជួបជាមួយអ្នកតំណាងសាកលវិទ្យាល័យ និងស្ថាប័នអប់រំ មកពីប្រទេសអូស្ត្រាលីជាច្រើន និងបានទទួលនូវការប្រឹក្សាយ៉ាងក្បោះក្បាយទៅលើចម្ងល់របស់ខ្ញុំទៀតផង»។ នេះជាសម្តីរបស់សិស្សម្នាក់ ដែលមកពីសាលាមួយក្នុងទីក្រុងភ្នំពេញ។
ដោយឡែក មជ្ឈមណ្ឌលអូស្រា្តលីសំរាប់ការបណ្តុះបណ្តាល (ACE) ក៏មានវត្តមាន ក្នុងកម្មវិធីនេះដែរ និងបានផ្តល់នូវព័ត៌មាន ទាក់ទងនឹងការសិក្សាភាសាអង់គ្លេស ដើម្បីត្រៀមខ្លួនបំពេញលក្ខខណ្ឌ របស់ស្ថាប័នអប់រំអូស្ត្រាលី។ មន្ត្រីមណ្ឌលប្រលង IELTS ប្រចាំប្រទេសកម្ពុជា ក៏បានចូលរួម ផ្តល់ប្រឹក្សាពីតេស្ត IELTS និងបានដាក់ឲ្យប្រើប្រាស់សាកល្បង ប្រព័ន្ធតេស្ត IELTS តាមកុំព្យូទ័រ ដល់សិស្ស និស្សិត ដែលមានចង់សាកល្បងផងដែរ។
ជាមួយនឹងប្រព័ន្ធថ្មីនេះ សាធារណជន អាចជ្រើសរើសធ្វើតេស្ត IELTS តាមប្រព័ន្ធកុំព្យូទ័រ (Computer-delivered IELTS)។ តេស្ត IELTS តាមប្រព័ន្ធកុំព្យូទ័នេះ ត្រូវបានគេរំពឹងទុកថា នឹងក្លាយជាជម្រើសតេស្តងាយស្រួល ដែលធ្វើឲ្យតម្រូវការតេស្ត IELTS កើនឡើងជុំវិញពិភពលោក ក៏ដូចជាធ្វើឲ្យបេក្ខជនប្រលង មានសមត្ថភាពប្រើប្រាស់បចេ្ចកវិទ្យា ដែលកំពុងរីកចម្រើន។ ក្នុងនាមជាមជ្ឈមណ្ឌលតេស្តអន្តរជាតិ IELTS តែមួយគត់នៅកម្ពុជា ស្ថាប័នអប់រំ IDP មានក្តីរំភើបរីករាយ ដែលអាចផ្តល់បទពិសោធថ្មីនេះ ដល់សាធារណជននៅក្នុងប្រទេសកម្ពុជា ដែលមានបំណង ប្រលងតេស្ត IELTS សម្រាប់ការសិក្សា ការងារ និងចំណាកស្រុក។
នៅប្រទេសកម្ពុជា សិស្ស និស្សិត និងអាណាព្យាបាល អាចស្វែងរកការិយាល័យផ្តល់ ព័ត៌មានទៅសិក្សានៅបរទេស របស់ស្ថាប័ន IDP នៅគ្រប់សាខា នៃមជ្ឈមណ្ឌលអូស្ត្រាលីសំរាប់ការបណ្តុះបណ្តាល ដែលហៅកាត់ថា ACE នៅទីក្រុងភ្នំពេញ និងខេត្តសៀមរាប ដើម្បីទទួលបានការប្រឹក្សាដោយឥតគិតថ្លៃ។
លេខទូរស័ព្ទទំនាក់ទំនង៖ 023 222 325
(អត្ថបទពាណិជ្ជកម្ម)