សៀមរាប៖ ដើម្បីដឹងពីអារ្យធម៌អ្វីមួយ មិនមែនត្រឹមតែសិក្សាពីប្រាង្គប្រាសាទឬសិល្បៈវប្បធម៌ប៉ុណ្ណោះទេ ក្នុងនោះការសិក្សាពីកុលាលភាជន៍ក៏អាចដឹងពីរឿងរ៉ាវទាំងនោះបានដែរ។ សម្រាប់អ្នកស្រាវជ្រាវ កុលាលភាជន៍ជាភស្ដុតាងដ៏សត្យានុម័តមួយ ដែលអាចឱ្យយើងដឹងនូវរឿងរ៉ាវនានាពីអតីតកាល ដឹងពីរបៀបរស់នៅរបស់មនុស្សបុរាណ ដឹងពីអារ្យធម៌ដ៏រុងរឿងពីអតីតកាល។
ចង់ជ្រាបច្បាស់ពីរឿងរ៉ាវទាក់ទងនឹងការសិក្សាពីកុលាលភាជន៍តើវាមានអ្វីពិសេសខ្លះ សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកនាង អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ
កុលាលភាជន៍ជាបំណែកវត្ថុបុរាណនានា រាប់ទាំងបំណែកក្អម ចាន ឆ្នាំង ក្រឡ។ល។ ដែលកប់ក្នុងដីអស់រយៈកាលរាប់សិបឆ្នាំ។ នាពេលបច្ចុប្បន្ននេះ ការសិក្សាមួយផ្នែកធំនៃរឿងរ៉ាវផ្សេងៗ គឺគេតែងយកកុលាលភាជន៍ដែលប្រទះឃើញក្នុងរណ្ដៅកំណាយមកបកស្រាយ។ កុលាលភាជន៍ជាភស្ដុតាងដ៏សត្យានុម័តមួយដែលអ្នកស្រាវជ្រាវយល់ថាមានភាពត្រឹមត្រូវអាចយកជាការណ៍បាន។
បាឋកថាឬបទបង្ហាញស្ដីពី ប្រវត្តិនៃការស្រាវជ្រាវអង្គរធំ៖ ការសិក្សាអំពីកុលាលភាជន៍ ត្រូវបានរៀបចំឡើងនៅដើមខែកក្កដា នាសាលសន្និសីទអង្គរនៃអាជ្ញាធរជាតិអប្សរា បានមានអ្នកចូលរួមប្រមាណ២០០នាក់។ អ្នកចូលរួមមានទាំងមគ្គុទ្ទេសក៍ សាស្ដ្រាចារ្យ សិស្សនិស្សិត អ្នកស្រាវជ្រាវ មន្ត្រីនិងបុគ្គលិករបស់អាជ្ញាធរជាតិអប្សរាផង ដែលពួកគេបង្ហាញពីការចាប់អារម្មណ៍ខ្លាំងលើប្រធានបទ និងការស្រាវជ្រាវថ្មីនៅតំបន់ក្រុងអង្គរធំ ក៏ដូចជាកុលាលភាជន៍នេះ។
ក្នុងបាឋកថានោះ លោក Phillippe Husi (ហ្វីលីព ហូស៊ី) អ្នកស្រាវជ្រាវនៃសាលាបារាំងចុងបូព៌ា បានបង្ហាញជាទូទៅនៃគម្រោងស្រាវជ្រាវ (ModAThom) ដែលជាគម្រោងកិច្ចសហប្រតិបត្តិការរវាងអប្សរានិងសាលាបារាំងចុងបូព៌ា នៅក្រុងអង្គរធំឬនៅបរិវេណនៃអតីតព្រះបរមរាជវាំងចាស់គឺប្រាសាទភិមានអាកាស។ សម្រាប់អ្នកស្រាវជ្រាវជាតិបារាំងរូបនេះ ការស្រាវជ្រាវនៅអតីតព្រះបរមរាជវាំងគឺមានសារសំខាន់ណាស់ក្នុងការដឹងពីរៀបចំក្រុងនៅសម័យនោះ ដឹងពីដំណាក់កាលនីមួយៗនៃការសង់រាជវាំង។ សម្រាប់លោក ហ្វីលីព ការរៀបចំរាជធានីរបស់ខ្មែរ គឺខុសពីទ្រឹស្ដីនៃការរៀបចំរាជធានីរបស់ឥណ្ឌា និងខុសពីប្រទេសចិនដែលនៅក្បែរខាងកាលពីសម័យនោះ។
ជាមួយគ្នានេះដែរ តាមការលើកឡើងរបស់លោក ហ្វីលីព ទិន្នន័យរួមនិងលទ្ធផលជាច្រើនពីការសិក្សាស្រាវជ្រាវនេះ គឺបានមកពីកុលាលភាជន៍។ លោកពន្យល់ថា កុលាលភាជន៍មានសារសំខាន់ណាស់ ដ្បិតវាមានទំនាក់ទំនងជាមួយមនុស្ស ជាវត្ថុដែលនៅគង់វង្សក្នុងដីបានយូរ ពិសេសវាមានការវិវត្តរហូតតាមសម័យកាលនិងការប្រើប្រាស់របស់មនុស្ស។ កុលាលភាជន៍គឺជាប្រភពសំខាន់ដើម្បីឱ្យការសិក្សាស្រាវជ្រាវទទួលបានកាលបរិច្ឆេទត្រឹមត្រូវនិងជាក់លាក់មួយ។
អ្នកជំនាញកុលាលភាជន៍របស់អាជ្ញាធរជាតិអប្សរា លោកបណ្ឌិត អ៊ា ដារិទ្ធ បានឱ្យដឹងថា កុលាលភាជន៍ខ្មែរមាន២ប្រភេទសំខាន់ៗ មានប្រភេទរឹងដែលដុតក្នុងឡ និងប្រភេទផុយដែលដុតកណ្ដាលវាល។ កុលាលភាជន៍ខ្មែរមានចាប់ពីស.វទី៩ដល់ ស.វទី១៥។ បន្ថែមពីនេះ ក្នុងបទបង្ហាញរបស់អ្នកស្រាវជ្រាវរូបនេះ កុលាលភាជន៍ខ្មែរមានទំនាក់ទំនងច្រើនជាមួយកុលាលភាជន៍ចិន។ តាមរយៈការធ្វើកំណាយគេបានប្រទះកុលាលភាជន៍ចិនមានវត្តមានច្រើននៅក្រុងអង្គរធំ ដ្បិតវាជាអតីតរាជធានី។ អ្នកស្រាវជ្រាវទាញសេចក្ដីសន្និដ្ឋានថា នៅសម័យនោះខ្មែរនិងចិនមានទំនាក់ទំនងផ្នែកពាណិជ្ជកម្មនឹងគ្នា និងតាមរយៈការទូតជាដើម។ កុលាលភាជន៍ប្រទេសទាំងពីរនេះក៏មានរូបរាងស្រដៀងគ្នាដែរ តួយ៉ាងដូចជាក្បឿង ចាន ខួច ក្រឡ។ល។
តាមការសិក្សាស្រាវជ្រាវនាពេលកន្លងមក អ្នកជំនាញខ្មែរក៏បានរកឃើញឡដុតកុលាលភាជន៍ខ្មែរថាជាឡដែលធំជាងគេនៅតំបន់អាស៊ីគ្នេយ៍ផងដែរ។ ឡនេះជាឡដែលស្ថិតនៅក្នុងដំណាក់កាលទី២ ដែលមានប្រវែងដល់ទៅ ២១.៤៥ម៉ែត្រ ហើយចំណុចនេះក៏មានការទទួលស្គាល់ពីស្ថាប័នស្រាវជ្រាវអន្ដរជាតិផងដែរ។ «ខ្មែរចាប់ផ្តើមផលិតកុលាលភាជន៍ដែលដុតក្នុងឡចាប់ពីស.វទី៩ ហើយការស្រាវជ្រាវកន្លងមក យើងបានបែងចែកការផលិតជា២ គឺដំណាក់កាលទី១ ពីស.វទី៩ដល់ទី១១ គឺឡមានទំហំតូចល្មមដែលមានប្រវែង៨ទៅ៩ម៉ែត្រ...ដំណាក់កាលទី២ យើងរកឃើញនៅតាមផ្លូវបុរាណពិសេសនៅទ័ពជ័យ វាលស្វាយ... ឡមានប្រវែងដល់២១.៤៥ម៉ែត្រ...ដែលជាឡដែលមានប្រវែងវែងជាងគេនៅតំបន់អាស៊ីអាគ្នេយ៍»។ នេះជាការបញ្ជាក់បន្ថែមពីលោកបណ្ឌិត អ៊ា ដារិទ្ធ។
ក្រៅពីរកឃើញឡដុតកុលាលភាជន៍មានទំហំវែងជាងគេហើយនោះ អ្នកស្រាវជ្រាវខ្មែរក៏រកឃើញទៀតថា បច្ចេកទេសក្នុងការផលិតកុលាលភាជន៍ខ្មែរក៏ពិសេសជាងគេទៅទៀតនៅសម័យនោះ។ បណ្ឌិត អ៊ា ដារិទ្ធ ពន្យល់ថា ភាជន៍ខ្មែរពិសេសត្រង់ដីនិងស្រទាប់រលោង ដែលដូនតាខ្មែរជំនាន់នោះមិនបានប្រើថ្នាំអ្វីឡើយ ហើយក្បាច់លម្អក៏ប្រើត្រឹមឈើឬឫស្សីសម្រាប់គូសវាស់ប៉ុណ្ណោះ។
យុវជនក្នុងគម្រោងអប់រំបេតិកភណ្ឌ យុវជន ចាន់ សុភី ដែលបានចូលរួមស្ដាប់បាឋកថានៅពេលនោះដែរ យល់ថា ជារឿងដ៏ល្អដែលបានសិក្សាពីកុលាលភាជន៍ព្រោះដើម្បីដឹងពីប្រវត្តិខ្លួនឯងក៏ដូចជាប្រវត្តិនៃអារ្យធម៌ពីជំនាន់មួយទៅជំនាន់មួយ។ សុភី ចាប់អារម្មណ៍ទៅនឹងបច្ចេកទេសផលិតភាជន៍របស់ខ្មែរ ក៏ដូចជាការបង្កើតឡដែលមានទំហំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍។
មិនខុសពីយុវជន សុភី ដែរ រិទ្ធីក៏យល់ថាបាឋកថានេះសំខាន់ផងដែរ។ កន្លងមក រិទ្ធី ធ្លាប់បានសិក្សាច្រើនពីផ្នែកបេតិកភណ្ឌតែមិនធ្លាប់បានដឹងពីព័ត៌មានឬសារសំខាន់នៃកុលាលភាជន៍នេះទេ។ ដូច្នេះវាដូចជាមេរៀនថ្មីសម្រាប់យុវជនក្នុងគម្រោងអប់រំបេតិកភណ្ឌរូបនះ។ យុវជនរូបនេះយល់ថា ជារឿងដែលល្អបំផុតដែលយើងបានដឹងពីប្រវត្តិសាស្ដ្រខ្លួនឯង និងងាយស្រួលឆ្លើយតបនឹងសំណួរដែលគេចោទសួរពីប្រវត្តិសាស្ដ្រខ្មែរជាដើម។
ចំណែកសាស្ដ្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ លោក យ៉ាដា ក៏បានចូលរួមស្ដាប់បាឋកថានេះដែរក្នុងបំណងដើម្បីក្រេបចំណេះដឹងថ្មីៗបន្ថែមទៀតទាក់ទងនឹងកុលាលភាជន៍នេះ។ លោកគ្រូ យ៉ាដា លើកឡើងថា បាឋកថានេះហាក់ថ្មីបន្ដិចសម្រាប់លោក ព្រោះបាននិយាយយ៉ាងលម្អិតពីកុលាលភាជន៍។
សរុបមកវិញ ការសិក្សាពីកុលាលភាជន៍ពិតជាមានសារសំខាន់ណាស់ ដើម្បីដឹងពីជីវិតប្រចាំថ្ងៃរបស់មនុស្សសម័យបុរាណ ក៏ដូចជាប្រភេទនៃកុលាលភាជន៍ដែលគេប្រើប្រាស់។ សម្រាប់អ្នកសិក្សាស្រាវជ្រាវ ជាអ្វីដែលមនុស្សជំនាន់ក្រោយត្រូវធ្វើនោះ គឺគួរសិក្សាអំពីកុលាលភាជន៍ដែលប្រើប្រាស់នៅក្នុងសម័យបុរាណដើម្បីស្វែងយល់ពីអារ្យធម៌មួយឱ្យកាន់តែជ្រាលជ្រៅបន្ថែមទៀត៕