ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ការសិក្សា​ពី​កុលាលភាជន៍​គឺ​សិក្សា​ពី​ជីវិត​រស់នៅ​របស់​មនុស្ស​បុរាណ​
13, Jul 2019 , 9:39 am        
រូបភាព
​សៀមរាប​៖ ដើម្បី​ដឹង​ពី​អារ្យធម៌​អ្វីមួយ មិនមែន​ត្រឹមតែ​សិក្សា​ពី​ប្រាង្គ​ប្រាសាទ​ឬ​សិល្បៈ​វប្បធម៌​ប៉ុណ្ណោះ​ទេ ក្នុងនោះ​ការសិក្សា​ពី​កុលាលភាជន៍​ក៏​អាច​ដឹង​ពី​រឿងរ៉ាវ​ទាំងនោះ​បានដែរ​។ សម្រាប់​អ្នកស្រាវជ្រាវ កុលាលភាជន៍​ជា​ភស្ដុតាង​ដ៏​សត្យានុម័ត​មួយ ដែល​អាចឱ្យ​យើង​ដឹង​នូវ​រឿងរ៉ាវ​នានា​ពី​អតីតកាល ដឹង​ពី​របៀប​រស់នៅ​របស់​ម​នុស្ស​បុរាណ ដឹង​ពី​អារ្យធម៌​ដ៏​រុងរឿង​ពី​អតីតកាល​។​

 
​ចង់​ជ្រាប​ច្បាស់​ពី​រឿងរ៉ាវ​ទាក់ទង​នឹង​ការសិក្សា​ពី​កុលាលភាជន៍​តើ​វា​មាន​អ្វី​ពិសេស​ខ្លះ សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​




 
​កុលាលភាជន៍​ជា​បំណែក​វត្ថុ​បុរាណ​នានា រាប់ទាំង​បំណែក​ក្អម ចាន ឆ្នាំង ក្រឡ​។​ល​។ ដែល​កប់​ក្នុង​ដី​អស់​រយៈកាល​រាប់សិប​ឆ្នាំ​។ នាពេល​បច្ចុប្បន្ននេះ ការសិក្សា​មួយផ្នែកធំ​នៃ​រឿងរ៉ាវ​ផ្សេងៗ គឺ​គេ​តែង​យក​កុលាលភាជន៍​ដែល​ប្រទះឃើញ​ក្នុង​រណ្ដៅ​កំណាយ​មក​បកស្រាយ​។ កុលាលភាជន៍​ជា​ភស្ដុតាង​ដ៏​សត្យានុម័ត​មួយ​ដែល​អ្នកស្រាវជ្រាវ​យល់ថា​មាន​ភាពត្រឹមត្រូវ​អាច​យកជាការ​ណ៍​បាន​។​
 
​បាឋកថា​ឬ​បទ​បង្ហាញ​ស្ដីពី ប្រវត្តិ​នៃ​ការស្រាវជ្រាវ​អង្គរធំ​៖ ការសិក្សា​អំពី​កុលាលភាជន៍ ត្រូវបាន​រៀបចំឡើង​នៅ​ដើមខែ​កក្កដា នា​សាលសន្និសីទ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​មាន​អ្នកចូលរួម​ប្រមាណ​២០០​នាក់​។ អ្នកចូលរួម​មាន​ទាំង​មគ្គុទ្ទេសក៍ សាស្ដ្រាចារ្យ សិស្ស​និស្សិត អ្នកស្រាវជ្រាវ មន្ត្រី​និង​បុគ្គលិក​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ផង ដែល​ពួកគេ​បង្ហាញ​ពី​ការចាប់អារម្មណ៍​ខ្លាំង​លើ​ប្រធានបទ និង​ការស្រាវជ្រាវ​ថ្មី​នៅ​តំបន់​ក្រុង​អង្គរធំ ក៏ដូចជា​កុលាលភាជន៍​នេះ​។​
 
​ក្នុង​បាឋកថា​នោះ លោក Phillippe Husi (​ហ្វី​លី​ព ហូ​ស៊ី​) អ្នកស្រាវជ្រាវ​នៃ​សាលា​បារាំង​ចុង​បូព៌ា បានបង្ហាញ​ជាទូទៅ​នៃ​គម្រោង​ស្រាវជ្រាវ (ModAThom) ដែលជា​គម្រោង​កិច្ចសហប្រតិបត្តិការ​រ​វាង​អប្សរា​និង​សាលា​បារាំង​ចុង​បូព៌ា នៅ​ក្រុង​អង្គរធំ​ឬ​នៅ​បរិវេណ​នៃ​អតីត​ព្រះបរមរាជវាំង​ចាស់​គឺ​ប្រាសាទភិមានអាកាស​។ សម្រាប់​អ្នកស្រាវជ្រាវ​ជាតិ​បារាំង​រូបនេះ ការស្រាវជ្រាវ​នៅ​អតីត​ព្រះបរមរាជវាំង​គឺមាន​សារសំខាន់​ណាស់​ក្នុង​ការដឹង​ពី​រៀបចំ​ក្រុង​នៅ​សម័យ​នោះ ដឹង​ពី​ដំណាក់កាល​នីមួយៗ​នៃ​ការសង់​រាជវាំង​។ សម្រាប់​លោក ហ្វី​លី​ព ការរៀបចំ​រាជធានី​របស់​ខ្មែរ គឺ​ខុសពី​ទ្រឹស្ដី​នៃ​ការរៀបចំ​រាជធានី​របស់​ឥណ្ឌា និង​ខុសពី​ប្រទេស​ចិន​ដែល​នៅក្បែរ​ខាង​កាលពី​សម័យ​នោះ​។ 


 
​ជាមួយគ្នានេះដែរ តាម​ការលើកឡើង​រប​ស់លោក ហ្វី​លី​ព ទិន្នន័យ​រួម​និង​លទ្ធផល​ជាច្រើន​ពី​ការសិក្សា​ស្រាវជ្រាវ​នេះ គឺ​បានមកពី​កុលាលភាជន៍​។ លោក​ពន្យល់ថា កុលាលភាជន៍​មាន​សារសំខាន់​ណាស់ ដ្បិត​វា​មាន​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស ជា​វត្ថុ​ដែល​នៅ​គង់វង្ស​ក្នុង​ដី​បានយូរ ពិសេស​វា​មាន​ការវិវត្ត​រហូត​តាម​សម័យកាល​និង​ការប្រើប្រាស់​របស់​មនុស្ស​។ កុលាលភាជន៍​គឺជា​ប្រភព​សំខាន់​ដើម្បីឱ្យ​ការសិក្សា​ស្រាវជ្រាវ​ទទួលបាន​កាល​បរិច្ឆេទ​ត្រឹមត្រូវ​និង​ជាក់លាក់​មួយ​។​
 
​អ្នកជំនាញ​កុលាលភាជន៍​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា លោក​បណ្ឌិត អ៊ា ដា​រិ​ទ្ធ បានឱ្យដឹងថា កុលាលភាជន៍​ខ្មែរ​មាន​២​ប្រភេទ​សំខាន់ៗ មាន​ប្រភេទ​រឹង​ដែល​ដុត​ក្នុង​ឡ និង​ប្រភេទ​ផុយ​ដែល​ដុត​កណ្ដាលវាល​។ កុលាលភាជន៍​ខ្មែរ​មាន​ចាប់​ពីស​.​វ​ទី​៩​ដល់ ស​.​វ​ទី​១៥​។ បន្ថែម​ពីនេះ ក្នុង​បទ​បង្ហាញ​របស់​អ្នកស្រាវជ្រាវ​រូបនេះ កុលាលភាជន៍​ខ្មែរ​មាន​ទំនាក់ទំនង​ច្រើន​ជាមួយ​កុលាលភាជន៍​ចិន​។ តាមរយៈ​ការធ្វើ​កំណាយ​គេ​បាន​ប្រទះ​កុលាលភាជន៍​ចិន​មាន​វត្តមាន​ច្រើន​នៅ​ក្រុង​អង្គរធំ ដ្បិត​វា​ជា​អតីត​រាជធានី​។ អ្នកស្រាវជ្រាវ​ទាញ​សេចក្ដី​សន្និដ្ឋានថា នៅ​សម័យ​នោះ​ខ្មែរ​និង​ចិន​មាន​ទំនាក់ទំនង​ផ្នែក​ពាណិជ្ជកម្ម​នឹង​គ្នា និង​តាមរយៈ​ការទូត​ជាដើម​។ កុលាលភាជន៍​ប្រទេស​ទាំង​ពីរ​នេះ​ក៏មាន​រូបរាង​ស្រដៀង​គ្នា​ដែរ តួយ៉ាង​ដូចជា​ក្បឿង ចាន ខួច ក្រឡ​។​ល​។​


 
​តាម​ការសិក្សា​ស្រាវជ្រាវ​នាពេល​កន្លងមក អ្នកជំនាញ​ខ្មែរ​ក៏បាន​រកឃើញ​ឡ​ដុត​កុលាលភាជន៍​ខ្មែរ​ថា​ជា​ឡ​ដែល​ធំជាងគេ​នៅ​តំបន់​អាស៊ី​គ្នេ​យ៍​ផងដែរ​។ ឡ​នេះ​ជា​ឡ​ដែល​ស្ថិតនៅក្នុង​ដំណាក់កាល​ទី​២ ដែលមាន​ប្រវែង​ដល់​ទៅ ២១.៤៥​ម៉ែត្រ ហើយ​ចំណុច​នេះ​ក៏មាន​ការទទួលស្គាល់​ពី​ស្ថាប័ន​ស្រាវជ្រាវ​អន្ដរជាតិ​ផងដែរ​។ «​ខ្មែរ​ចាប់ផ្តើម​ផលិត​កុលាលភាជន៍​ដែល​ដុត​ក្នុង​ឡ​ចាប់​ពីស​.​វ​ទី​៩ ហើយ​ការស្រាវជ្រាវ​កន្លងមក យើង​បាន​បែងចែក​ការផលិត​ជា​២ គឺ​ដំណាក់កាល​ទី​១ ពីស​.​វ​ទី​៩​ដល់ទី​១១ គឺ​ឡ​មាន​ទំហំ​តូច​ល្មម​ដែលមាន​ប្រវែង​៨​ទៅ​៩​ម៉ែត្រ​...​ដំណាក់កាល​ទី​២ យើង​រកឃើញ​នៅតាម​ផ្លូវ​បុរាណ​ពិសេស​នៅ​ទ័ព​ជ័យ វាល​ស្វាយ​... ឡ​មាន​ប្រវែង​ដល់​២១.៤៥​ម៉ែត្រ​...​ដែលជា​ឡ​ដែលមាន​ប្រវែង​វែង​ជាងគេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​ពី​លោក​បណ្ឌិត អ៊ា ដា​រិ​ទ្ធ​។​


 
​ក្រៅពី​រកឃើញ​ឡ​ដុត​កុលាលភាជន៍​មាន​ទំហំ​វែង​ជាងគេ​ហើយ​នោះ អ្នកស្រាវជ្រាវ​ខ្មែរ​ក៏​រកឃើញ​ទៀតថា បច្ចេកទេស​ក្នុង​ការផលិត​កុលាលភាជន៍​ខ្មែរ​ក៏​ពិសេស​ជាងគេ​ទៅទៀត​នៅ​សម័យ​នោះ​។ បណ្ឌិត អ៊ា ដា​រិ​ទ្ធ ពន្យល់ថា ភាជន៍​ខ្មែរ​ពិសេស​ត្រង់​ដី​និង​ស្រទាប់​រលោង ដែល​ដូនតា​ខ្មែរ​ជំនាន់​នោះ​មិនបាន​ប្រើ​ថ្នាំ​អ្វី​ឡើយ ហើយ​ក្បាច់លម្អ​ក៏​ប្រើ​ត្រឹម​ឈើ​ឬ​ឫស្សី​សម្រាប់​គូសវាស់​ប៉ុណ្ណោះ​។​
 
​យុវជន​ក្នុង​គម្រោង​អប់រំ​បេតិកភណ្ឌ យុវជន ចាន់ សុ​ភី ដែល​បាន​ចូលរួម​ស្ដាប់​បាឋកថា​នៅពេល​នោះដែរ យល់ថា ជា​រឿង​ដ៏​ល្អ​ដែល​បាន​សិក្សា​ពី​កុលាលភាជន៍​ព្រោះ​ដើម្បី​ដឹង​ពី​ប្រវត្តិ​ខ្លួនឯង​ក៏ដូចជា​ប្រវត្តិ​នៃ​អារ្យធម៌​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​។ សុ​ភី ចាប់អារម្មណ៍​ទៅនឹង​បច្ចេកទេស​ផលិត​ភាជន៍​របស់​ខ្មែរ ក៏ដូចជា​ការបង្កើត​ឡ​ដែលមាន​ទំហំ​ជាងគេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​។​
 
​មិន​ខុសពី​យុវជន សុ​ភី ដែរ រិទ្ធី​ក៏​យល់ថា​បាឋកថា​នេះ​សំខាន់​ផងដែរ​។ កន្លងមក រិទ្ធី ធ្លាប់បាន​សិក្សា​ច្រើន​ពី​ផ្នែក​បេតិកភណ្ឌ​តែ​មិន​ធ្លាប់​បានដឹង​ពី​ព័ត៌មាន​ឬ​សារសំខាន់​នៃ​កុលាលភាជន៍​នេះ​ទេ​។ ដូច្នេះ​វា​ដូចជា​មេរៀន​ថ្មី​សម្រាប់​យុវជន​ក្នុង​គម្រោង​អប់រំ​បេតិកភណ្ឌ​រូប​នះ​។ យុវជន​រូបនេះ​យល់ថា ជា​រឿង​ដែល​ល្អ​បំផុត​ដែល​យើង​បានដឹង​ពី​ប្រវត្តិសាស្ដ្រ​ខ្លួនឯង និង​ងាយស្រួល​ឆ្លើយតប​នឹង​សំណួរ​ដែល​គេ​ចោទសួរ​ពី​ប្រវត្តិសាស្ដ្រ​ខ្មែរ​ជាដើម​។​
 
​ចំណែក​សាស្ដ្រាចារ្យ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ លោក យ៉ា​ដា ក៏បាន​ចូលរួម​ស្ដាប់​បាឋកថា​នេះដែរ​ក្នុង​បំណង​ដើម្បី​ក្រេប​ចំណេះដឹង​ថ្មីៗ​បន្ថែមទៀត​ទាក់ទង​នឹង​កុលាលភាជន៍​នេះ​។ លោកគ្រូ យ៉ា​ដា លើកឡើងថា បាឋកថា​នេះ​ហាក់​ថ្មី​បន្ដិច​សម្រាប់​លោក ព្រោះ​បាន​និយាយ​យ៉ាង​លម្អិត​ពី​កុលាលភាជន៍​។​
 
​សរុប​មកវិញ ការសិក្សា​ពី​កុលាលភាជន៍​ពិតជា​មាន​សារសំខាន់​ណាស់ ដើម្បី​ដឹង​ពី​ជីវិត​ប្រចាំថ្ងៃ​របស់​មនុស្ស​សម័យ​បុរាណ ក៏ដូចជា​ប្រភេទ​នៃ​កុលាលភាជន៍​ដែល​គេ​ប្រើប្រាស់​។ សម្រាប់​អ្នកសិក្សា​ស្រាវជ្រាវ ជា​អ្វីដែល​មនុស្ស​ជំនាន់​ក្រោយ​ត្រូវធ្វើ​នោះ គឺ​គួរ​សិក្សា​អំពី​កុលាលភាជន៍​ដែល​ប្រើប្រាស់​នៅក្នុង​សម័យបុរាណ​ដើម្បី​ស្វែងយល់​ពី​អារ្យធម៌​មួយ​ឱ្យ​កាន់តែ​ជ្រាលជ្រៅ​បន្ថែមទៀត​៕
 




 

Tag:
 កុលាលភាជន៍​
  សាលា​បារាំង​ចុង​បូព៌ា​
  អ៊ា ដា​រិ​ទ្ធ​
  អាជ្ញាធរ​ជាតិ​អប្សរា​
© រក្សាសិទ្ធិដោយ thmeythmey.com