អន្តរជាតិ
ស្ថានីយ​អវកាស​អន្តរជាតិ​៖ ទីពិសោធន៍​របស់​មនុស្ស​ក្នុង​លំហ​
12, Jul 2019 , 8:59 pm        
រូបភាព
​បន្ទាប់ពី​បង្ហាញ​ឥទ្ធិពល​របស់ខ្លួន​នៅលើ​ដី ក្នុង​ទឹក និង​ក្នុង​អាកាស ជំហាន​បន្ទាប់​របស់​ម​នុស្ស​គឺ «​លំហ​» ។ លំហ គឺជា​ទីតាំង​មួយ​ដ៏​ធំធេង ពិបាក​នឹង​កំណត់ សម្បូរ​ទៅដោយ​អាថ៌កំបាំង មេរៀន និង​រឿង​អស្ចារ្យ​នឹកស្មាន​មិន​ដល់​ជាច្រើន​ទៀត​។ 

 
​បន្ទាប់ពី​ការ​ចុះចត​មនុស្ស​នៅលើ​ព្រះ​ចន្ទ​នៅក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​៦០ និង​ឆ្នាំ​៧០ ដោយ​សហរដ្ឋ​អាម៉េរិក ប្រទេសមួយ​នេះ និង​ប្រទេស​មហាអំណាច​ជាច្រើន​ផ្សេងទៀត​បាន​ចាប់ដៃគ្នា​ក្នុង​ការកសាង​ស្ថានីយ​អាវ​កាស​រួមមួយ​នៅក្នុង​លំហ​ដែលមាន​គន្លង​ទាប​ក្បែរ​ភពផែនដី ដែល​អាច​ទ្រទ្រង់​ជីវិត​មនុស្ស​ក្នុងការ​រស់នៅ និង​ធ្វើការ​។ ឈ្មោះ​ជា​ផ្លូវការ​របស់​វា​គឺ​«​ស្ថានីយ​អវកាស​អន្តរជាតិ​» ឬ «International Space Station» ហៅ​កាត់​ខ្លី​ថា «ISS»​។​
 
​គេហទំព័រ issnationallab.org និង Nat Geo បាន​ពន្យល់ថា នៅក្នុង​ឆ្នាំ​១៩៨៤ លោក​អតីត​ប្រធានាធិបតី​អាមេរិក លោក Ronald Reagan បានប្រកាស​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ស្ថាបនា​ស្ថានីយ​មួយ​នេះ​ឲ្យ​បាន​ក្នុង​រយៈពេល​រង្វង់​១០​ឆ្នាំ ក្រោយពេល​ប្រកាស​។ ក្នុង​ឆ្នាំ​១៩៩៨ ផ្នែក​នៃ​ស្ថានីយ​ដំបូង​គេ ឈ្មោះថា Zarya ត្រូវបាន​រ៉ុ​ក​កែ​ត​ដឹកជញ្ជូន​ពី​ភព​ផែន​ទៅកាន់​គន្លង​ក្នុង​លំហ ដោយ​ប្រទេស​រុស្សី​។ ក្នុង​ឆ្នាំ​ដដែល ផ្នែក​មួយទៀត​របស់​អា​មេ​រិ​ក​ឈ្មោះថា Unity បាន​ដឹកជញ្ជូន​ទៅជា​មួយ​ដែរ​។​
 
​នៅ​ចុងឆ្នាំ​២០០០ អវកាសយានិក​បី​រូប លោក Bill Shepard (​អាមេរិក​) លោក Yuri Gidzenko និង​លោក Sergei Krikalev (​រុស្សី​) បាន​ក្លាយជា​បេក្ខជន​ដំបូង​គេ​ដែល​នឹង​ស្នាក់​នៅក្នុង​ស្ថានីយ​អវកាស​អន្តរជាតិ អស់​រយៈពេល​ជាង​១៣៦​ថ្ងៃ​មុននឹង​ត្រលប់មក​ភពផែនដី​វិញ​ដោយ​យាន​ចុះចត​ពិសេស​។ 
 
​ក្នុង​ឆ្នាំ​២០០៨ សហភាព​អឺរ៉ុប​និង​ប្រទេស​ជប៉ុន​បាន​ចូលរួម​ជាមួយនឹង​កិច្ចការ​នេះហើយ​ស្ថាប័ន​ទាំង​នោះបាន​បញ្ជូន​អវកាសយានិក​របស់ខ្លួន​ទៅកាន់​ស្ថានីយ​យ៉ាង​ញឹកញាប់​។ មកទល់​ពេលបច្ចុប្បន្ន​មាន​មនុស្ស​ជាង​២២០​នាក់​បានរស់នៅ និង​កំពុង​រស់នៅក្នុង​ស្ថានីយ​មួយ​នេះ​។​អវកាសយានិក​ម្នាក់​មាន​តួនាទី​ក្នុងការ​រស់នៅក្នុង​ធ្វើការ​ក្នុង​រយៈពេល​៦​ខែ​។​
​ស្ថានីយ​មួយ​នេះ​ត្រូវមាន​មនុស្ស​ពី​៣​ទៅ​៦​នាក់​ក្នុងការ​ប្រចាំការ​ជានិច្ច ដែលមាន​គន្លង​ប្រមាណ​ជាង​៣៩០​គីឡូម៉ែត្រ​ពី​ផែនដី​។ វា​ធ្វើដំណើរ​ជុំវិញ​ផែនដី​មួយ​ជុំ​ក្នុងពេល​៩០​នាទី​ក្នុង​ល្បឿន​ក្បែរ​៨​គីឡូម៉ែត្រ​ក្នុង​មួយ​វិនាទី​។ វា​ប្រើប្រាស់​ពន្លឺព្រះអាទិត្យ​ជា​ថាមពល​និង​ចម្រាញ់​ទឹក​កខ្វក់​របស់​អ្នក​នៅលើ​នោះមក​បរិភោគ​ឡើងវិញ​។ សម្រាប់​អាហារ​ស្ថាប័ន​នានា​នៅលើ​ភពផែនដី​មាន​តួនាទី​ក្នុងការ​ផ្គត់ផ្គង់ ដែល​គេ​ហៅថា «Resupplymission»​។ ស្ថានីយ​នេះ​មាន​ទំហំ​១០៩​ម៉ែត្រ គុណ​នឹង​៧២​ម៉ែត្រ​។​
 
​គោលបំណង​នៃ​បេសកកម្ម​នេះ​គឺ​ការសិក្សា​ពី​រាងកាយ​របស់​មនុស្ស​នៅពេលដែល​ពួកគេ​រស់នៅក្នុង​លំហ​។​សុខភាព​ផ្លូវកាយ ផ្លូវចិត្ត ការគ្រប់គ្រង​អារម្មណ៍ ការដោះស្រាយ​បញ្ហា​។​ល​។​គេ​ក៏បាន​នាំយក​សត្វ រុក្ខជាតិ​ជាច្រើន​ផ្សេងៗ​ទៀត​ទៅក្នុង​លំហ​ដើម្បី​សិក្សា​ផងដែរ​។ ក្នុង​មួយឆ្នាំៗ​អង្គការ NASA ចំណាយ​ប្រាក់​ប្រមាណ​ជា​៣​ពាន់​លាន​ដុល្លារ​ក្នុងការ​គ្រប់គ្រង​នឹង​មើលថែ​។ អង្គការ NASA បានសម្រេច​បញ្ចប់​បេសកកម្ម​លំហ​មួយ​នេះ​ក្នុង​ឆ្នាំ​២០២៤​ខាងមុខ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com