កីឡាជាតិ
ជាតិ
ទ័ព ស្វាគមន៍ណាហ្គា ក្រោយវិសាខាទៅជួបគីរីវង់ ខណៈអាស៊ីអឺរ៉ុបប៉ះប៉ូលិស កីឡាករ សឿយ វិសាល (អាវក្រហម)ប្រជែងដណ្តើមបាល់ជាមួយកីឡាករ រ៉ឹង ប៊ុនហៀង ពេលប៉ះគ្នានៅឆ្នាំ២០១៨
× ការប្រកួតបាល់ទាត់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគសប្តាហ៍ទី១៥នៅថ្ងៃសៅរ៍ ទី១៣ កក្កដានេះ មានការប្រកួតចំនួន៣គូ ដែលរៀបចំនៅទីលានផ្សេងៗគ្នា។ ក្រុមក្រសួងការពារជាតិ(ទ័ព)ត្រូវការពារជ័យជម្នះជាមួយណាហ្គាវើល ក្រោយវិសាខាទៅជួបគីរីវង់សុខសែនជ័យនៅខេត្តតាកែវ ខណៈអាស៊ីអឺរ៉ុបស្វាគមន៍អគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស)។
ក្រសួងការពារជាតិ ប៉ះ ណាហ្គាវើល វេលាម៉ោង៦ល្ងាចនៅកីឡដ្ឋានស្តាតចាស់
នេះជាជំនួបដ៏ជកចិត្តនិងទាក់ទាញបំផុតប្រចាំថ្ងៃសៅរ៍នេះ ព្រោះក្រុមទាំងពីរមានសមត្ថភាពខ្លាំងនិងសម្បូរធនធានកីឡាករមានសមត្ថភាពប្រហាក់ប្រហែលគ្នា។ ការប៉ះគ្នានៅជើងទី២ វាជាឱកាសសងសឹកសម្រាប់ណាហ្គាវើល ដែលពួកគេបានចាញ់ក្រសួងការពារជាតិ ៤-២ នៅជើងទី១ ហើយណាហ្គាក៏ត្រូវការឈ្នះ ដើម្បីពង្រឹងទីតាំងលេខ២ ដែលខ្លួនកំពុងឈរជាមួយ៣១ពិន្ទុ និងបង្កើនឱកាសក្នុងការប្រជែងដណ្តើមកំពូលតារាងផងដែរ។ ចំណែកក្រសួងការពារជាតិ ដែសស្ថិតនៅលេខរៀងទី៦មាន២៣ពិន្ទុ ក៏ត្រូវការឈ្នះផងដែរ ដើម្បីស្តារមុខមាត់ ដែលពួកគេបានចាញ់អង្គរថាយហ្គឹរ ៣-១ នៅសប្តាហ៍មុន។
អាស៊ីអឺរ៉ុប ប៉ះ អគ្គស្នងការដ្ឋាននគរបាលជាតិ វេលាម៉ោង៣:៣០នាទីនៅកីឡដ្ឋាន AEU Sport Park
ក្រោយយកឈ្នះវិសាខា ៣-១ នៅសប្តាហ៍ទី១១ ក្រុមអាស៊ីអឺរ៉ុបមិនទាន់អាចស្វែងរកជ័យជម្នះបានឡើយពីការប្រកួតបីលើកចុងក្រោយរបស់គេ។ ផ្ទុយទៅវិញ ពួកគេបានរងបរាជ័យទាំង៣ប្រកួត ដោយចាញ់ព្រះខ័នរាជស្វាយរៀង ២-០ ក្រសួងការពារជាតិ ៤-១ និងណាហ្គាវើល ៦-១។ ក្រុមស្ថិតនៅលេខរៀងទី៩មាន១៦ពិន្ទុមួយនេះ រំពឹងប្រើភាពមានប្រៀបក្នុងនាមម្ចាស់ផ្ទះនៅថ្ងៃនេះ យកឈ្នះប៉ូលិស ដើម្បីប្រជាប្រិយភាពឡើងវិញ ក៏ដូចជាសងសឹកក្រុមនេះ ដែលបានយកឈ្នះពួកគេ ៣-២ នៅជើងទី១។ ចំណែកក្រុមស្ថិតនៅលេខរៀងទី១១មាន១៣ពិន្ទុប៉ូលិស ក៏ទាមទារឈ្នះផងដែរ បន្ទាប់ពីពួកគេបានរងបរាជ័យពីរប្រកួតជាប់គ្នា ក្រោមថ្វីជើងវិសាខា ៣-១ និងព្រះខ័នរាជស្វាយរៀង ២-០។
គីរីវង់សុខសែនជ័យ ប៉ះ វិសាខា វេលាម៉ោង៣:៣០នាទីនៅកីឡដ្ឋានគីរីវង់សុខសែនជ័យ
ក្រោយឈ្នះកំពង់ចាម ១២-០ ក្រុមស្ថិតនៅលេខរៀងទី១០មាន១៥ពិន្ទុគីរីវង់សុខសែនជ័យ បានចាញ់បឹងកេត ២-១ និងឈ្នះយុវជនអាយុក្រោម១៨ឆ្នាំបាទី ១-០។ ក្រុមមានមូលដ្ឋាននៅខេត្តតាកែវមួយនេះ រំពឹងអាចប្រើភាពមានប្រៀបក្នុងនាមម្ចាស់ផ្ទះ ដើម្បីសងសឹកវិសាខា ដែលពួកគេបានចាញ់ ២-០ នាជំនួបជើងទី១នៅកីឡដ្ឋានវិសាខា។ តែយ៉ាងណា វាមិនមែនជារឿងងាយស្រួលក្នុងការយកឈ្នះសម្រាប់ក្រុមទើបនាំចូលកីឡាករបរទេសថ្មីពីររូបនេះឡើយ ព្រោះវិសាខា ជាក្រុមខ្លាំងសម្បូរធនធានមានសមត្ថភាព។
ក្រោយចាញ់អាស៊ីអឺរ៉ុប ៣-១ ក្រុមសិ្ថតនៅលេខរៀងទី៤មាន២៨ពិន្ទុមួយនេះបានយកឈ្នះគូប្រកួត៣លើកជាប់គ្នាជាបន្តបន្ទាប់ក្នុងនោះយកឈ្នះណាហ្គាវើល ៣-២ ប៉ូលិស ៣-១ និងសូលទីឡូអង្គរ ៣-២។ បច្ចុប្បន្នវិសាខាមានគម្លាត៨ពិន្ទុពីក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង៕
Tag:
Cambodian League 2019
ទ័ព
វិសាខា
ណាហ្គាវើល
© រក្សាសិទ្ធិដោយ thmeythmey.com