អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
តម្លៃ​ដី​សង្កាត់ ៣ ក្រុងព្រះសីហនុ​កើនឡើង​ជិត ១០០ % ត្រឹម​ឆមាស​ទី​១ ឆ្នាំ​២០១៩
12, Jul 2019 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​គិតតែ​ត្រឹម​រយៈពេល​៦​ខែ​ដំបូង ឆ្នាំ​២០១៩​នេះ តម្លៃ​ដី​ខេត្ត​ព្រះសីហនុ បាន​ហក់​ឡើង​ខ្ពស់់ គួរ​ឲ្យ​កត់សម្គាល់ ដែល​តំបន់​មួយចំនួន កើនឡើង​ស្ទើរតែ​គុណ​នឹង​ពីរ ធៀប​នឹង​ឆមាស​ទី​២ ឆ្នាំ​២០១៨​។
 
​យោងតាម​របាយការណ៍​តម្លៃ​ដី ចេញផ្សាយ​ថ្មីៗ​នេះ ដោយ​ក្រុមហ៊ុន ឃី រៀល អ៊ី​ស្ទេ​ត  តម្លៃ​ដី​នៅក្នុង​ក្រុងព្រះសីហនុ កំពុង​បន្ត​កើនឡើង​ខ្ពស់​។ ក្នុងចំណោម​សង្កាត់ ចំនួន​៤ សង្កាត់​មួយ​មានតម្លៃ​ដី​កើនឡើង រហូត​ជាង ៦០% និង​សង្កាត់​៣ មានតម្លៃ​ដី​កើនឡើង​ជាង ៩០%​។ 
 
​របាយការណ៍​ដដែល​ប​ង្ហា​ញ​ថា ក្នុង​រយៈ ៦​ខែ​ដំបូង ក្នុង​ឆ្នាំ​២០១៩​នេះ តម្លៃ​ដី​នៅ​សង្កាត់​បី កើនឡើង​ដល់​ជាង ១,៧០០ ដុល្លារ​/​ម៉ែត្រការ៉េ ធៀប​ទៅនឹង​ឆមាស​ទី​២ កាលពី​ឆ្នាំមុន ដែល​តម្លៃ​ដី​ជា​មធ្យម ៨០០ ដុល្លារ​/​ម៉ែត្រការ៉េ​។ រីឯ​សង្កាត់​មួយ ក៏មាន​ការកើនឡើង​ខ្ពស់ គួរ​ឲ្យ​កត់សម្គាល់​ដែរ ដែល​ពី​តម្លៃ​ដី​ជា​មធ្យម​ខ្ទង់ ៣០០ ដុល្លារ​/​ម៉ែត្រការ៉េ រហូតដល់​ត្រីមាស​ទី​១ ឆ្នាំនេះ កើន​ដល់ ៥០០ ដុល្លារ​/​ម៉ែត្រការ៉េ​។ 
 
​លោក ស៊ន សៀ​ប ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​របស់ ក្រុមហ៊ុន ឃី រៀល អ៊ី​ស្ទេ​ត បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​តម្លៃ​ដី​នៅ​សង្កាត់ ៣ កើនឡើង​ខ្ពស់​ជាងគេ ដោយសារតែ​តំបន់​នេះ ស្ថិតនៅ​ជាប់មាត់​សមុទ្រ និង​មាន​សក្តានុពល​បំផុត សម្រាប់​គម្រោង​អភិវឌ្ឍន៍​ធំៗ និង​ជា​អគារ​ខ្ពស់ៗ បែប​លំនៅដ្ឋាន ពាណិជ្ជកម្ម និង​សណ្ឋាគារ​លំដាប់​ផ្កាយ​។ លោក​ថា បច្ចុប្បន្ន​គម្រោង​ធំៗ ដូចជា​គម្រោង Blue Bay និង​គម្រោង Treasure Bay ជាដើម កំពុង​សាងសង់​នៅក្នុង​តំបន់​នេះ​។ មើល​លម្អិត​ពី​គម្រោង Blue Bay ចុច​នៅទីនេះ​! 
 
​ទាក់ទង​នឹង​ការកើនឡើង​នៅ​សង្កាត់​មួយ​វិញ លោក សៀ​ប ពន្យល់ថា​ដោយសារតែ​តម្លៃ​ដី​នៅក្នុង​តំបន់ មាន​លក្ខណៈ​ទាប​ស្រាប់ ដែល​ធ្វើ​ឲ្យ​ការកើនឡើង មាន​កម្រិត​ខ្ពស់​។ ម្យ៉ាងវិញទៀត ការទិញ​លក់​នៅ​តំបន់​ក្រៅ​ក្រុង ចាប់ផ្តើម​មាន​ប្រតិបត្តិការ​ច្រើន ដោយហេតុថា​ភាគច្រើន អ្នក​ក្នុង​ក្រុង បាន​លក់​ដី​របស់ខ្លួន ក្នុងតម្លៃ​ថ្លៃ រួចមក​ទិញ ដី​នៅ​ផ្នែក​ខាងក្រៅ​វិញ​។ 
​លោក​សៀ​ប បញ្ជាក់ថា ដី​សង្កាត់​មួយពេល​នេះ ត្រូវប៉ាន់​សម្រាប់​ការទិញ ដើម្បី​ធ្វើ​លំនៅដ្ឋាន និង​ផ្ទះជួល​។ 
 
​ចំណែក​សង្កាត់​ពីរ ដែលមាន​តម្លៃ​ដី​ខ្ពស់​ជាងគេ​ស្រាប់ គឺមាន​កំណើន​ប្រមាណ​តែ ១៥.២% ប៉ុណ្ណោះ ដោយសារតែ​ការអភិវឌ្ឍ​នៅក្នុង​សង្កាត់​នេះ មានការ​លូតលាស់​រួច​ស្រេច​ទៅហើយ​។ បច្ចុប្បន្ន ទីនេះ​មានតម្លៃ​ជា​មធ្យម គឺ​ជិត ២, ០០០ ដុល្លារ​/​ម៉ែត្រការ៉េ​។ 
 
​ផ្ទុយ​ពី​សង្កាត់​ទាំង ៣ ខាងលើ សង្កាត់​បួន ជា​សង្កាត់​ដែលមាន​តម្លៃ​ដី​កើនឡើង តិចជាងគេ ត្រឹមតែ​ប្រមាណ​ជិត ៦%​។ ការកើនឡើង​តិចតួច​នេះ ត្រូវបាន​លោក សៀ​ប បញ្ជាក់ថា ដោយសារ​ការកើនឡើង​យ៉ាងគំហុក នៅក្នុង​ឆមាស​ទី​១ និង​ឆមាស​ទី​២ នៃ​ឆ្នាំ​២០១៨ រួចមកហើយ​។ ម្យ៉ាងវិញទៀត ដី​នៅក្នុង​សង្កាត់​បួន​ភាគច្រើន ជា​ដី​ធំៗ ដែល​ធ្វើ​ឲ្យ​មានការ​ទិញដូរ​តិចតួច​។ ទោះយ៉ាងណា​នេះ​ក្តី តំបន់​នេះ​មានតម្លៃ​ដី​ខ្ពស់​គួរសម​រួចទៅហើយ​។ បើតាម​របាយការណ៍ ដី​ពីមុន តម្លៃ​ជា​មធ្យម ១,២០០ ក្នុង​មួយ​ម៉ែត្រការ៉េ ឥឡូវនេះ កើន​ដល់ ១,៥០០ ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ​។ 
 
​ទិដ្ឋភាព​ទូទៅ​នៃ​ការអភិវឌ្ឍ​នៅក្នុង​ក្រុងព្រះសីហនុ​
 
​ត្រង់ចំណុច​នេះ លោក សៀ​ប បាន​ឲ្យ​ដឹងថា ការសាងសង់​កំពុង​ធ្វើឡើង​យ៉ាង​មមាញឹក នៅក្នុង ក្រុងព្រះសីហនុ ដែល​នេះ​មានន័យថា គម្រោង​ភាគច្រើន មិនទាន់បាន​បញ្ចប់​នៅឡើយ ។ ហើយ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​តម្លៃ​ជួល​កើនឡើង​ខ្ពស់​។ លោក​សៀ​ប បន្តទៀតថា បច្ចុប្បន្ន ទីនេះ ហាក់​មាន​បញ្ហា​មួយចំនួន​ដែល​ធ្វើ​ឲ្យ​ក្រុងព្រះសីហនុ មិនទាន់​ជា​កន្លែង​ដែល​អាច​ទាក់ទាញ​អ្នកទេសចរ​ច្រើន​នោះទេ​។ ប៉ុន្តែ​លោក​ព្យាករណ៍​ថា នៅពេលដែល​ការសាងសង់​បញ្ចប់ ខេត្ត​ព្រះសីហនុ នឹងមាន​ដំណើរ​ការល្អ​ឡើងវិញ សម្រាប់​វិស័យ​ទេ​សចណ៍​។ ចំណែក​តម្រូវ​ការជួល និង​ស្នាក់នៅ នឹងមាន​កាន់តែច្រើន​ថែមទៀត​។ 
 
​លោក សៀ​ប ជឿជាក់ថា ការវិនិយោគ​នៅក្នុង​ខេត្ត​ព្រះសីហនុ នឹង​ទទួលបាន​ឱកាស​ចំណេញ នៅពេល​ខាងមុខ​៕
​(អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com