ជាតិ
បទយកការណ៍ / បទសម្ភាសន៍
កុមារ​ពិការភ្នែក និង​គ​ថ្លង់ កាន់តែ​ទទួលបាន​ការយកចិត្ត​ទុកដាក់​ពីរ​ដ្ឋ​
12, Jul 2019 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ វិទ្យាស្ថាន​ជាតិ​អប់រំ​ពិសេស ត្រូវបាន​បំបែក​ចេញពី​អង្គការ​គ្រួសារ​ថ្មី ដើម្បី​ផ្ដល់​ការអប់រំ​ទៅដល់​កុមារ​ពិការភ្នែក​និង​គោ​ថ្លង់ ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រដ្ឋ​។ កុមារ​ពិការភ្នែក​និង​គ​ថ្លង់​នៅក្នុង​វិទ្យាស្ថាន​ជាតិ​អប់រំ​ពិសេស ដំបូង​ឡើយ​ទទួលបាន​ការបណ្ដុះបណ្ដាល និង​គ្រប់គ្រង​ពី​អង្គការ​គ្រួសារ​ថ្មី​។ ដើម្បី​ជួយ​សម្រាល​បន្ទុក​របស់​អង្គការ​គ្រួសារ​ថ្មី និង​ដើម្បី​លើកកម្ពស់​កុមារ​ពិការ​ឱ្យស្រប​នឹង​កម្មវិធីសិក្សា​ថ្នាក់ជាតិ​ផង ទើបបានជា​រដ្ឋាភិបាល​សម្រេច បង្កើត​វិទ្យាស្ថាន​ជាតិ​អប់រំ​ពិសេស​នេះ​ឡើង​។ ជាមួយគ្នានេះ ការរំពឹងទុក​ថា កុមារ​ពិការភ្នែក​និង​គ​ថ្លង់ និង​មានឱកាស​អភិវឌ្ឍន៍​ខ្លួន​កាន់តែ​ច្រើនជាង​មុន​។​


 
​ដើម្បី​ជ្រាប​ច្បាស់​តទៅ​នេះ​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖
 
​អង្គការ​គ្រួសារ​ថ្មី គឺជា​អង្គការ​មួយ​ដែល​ធ្វើការ​លើ​ការជួយ​កុមារកំព្រា និង​ក្មេង​ដែលមាន​គ្រួសារ​ទីទាល់ក្រ ជួយ​កុមារ​ពិការភ្នែក​និង​គ​ថ្លង់ ដោយ​ឱ្យ​ពួកគេ​ទទួលបាន​ការអប់រំ និង​ជំនាញ​សិល្បៈ​ផ្សេងៗ ដើម្បី​អាច​ចិញ្ចឹមជីវិត​បាន​។ មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ភ្នំពេញ​ថ្មី ខ័​ណ្ឌ​សែន​សុខ អង្គការ​គ្រួសារ​ថ្មី​បាន​ស្រាល​បន្ទុក​របស់ខ្លួន​ប​ន្តិ​ច ដោយសារ​ផ្នែក​អប់រំ​កុមារ​ពិការភ្នែក និង​គ​ថ្លង់ បាន​ប្ដូរ​ទៅ​ស្ថិតក្រោម​ការគ្រប់គ្រង​ដោយ​រដ្ឋ​វិញ ដោយបាន​ដាក់ឈ្មោះថា​វិទ្យាស្ថាន​ជាតិ​អប់រំ​ពិសេស​។ 
 
​អ្នកស្រី នាង ផល្លា នាយិការ​វិទ្យាស្ថាន​ជាតិ​អប់រំ​ពិសេស បាន​បញ្ជាក់ថា​អង្គការ​គ្រួសារ​ថ្មី​នៅតែ​បន្ត​ដំណើរការ​សកម្មភាព​ផ្សេងៗ​របស់ខ្លួន​ដដែល ដោយ​គ្រាន់តែ​ផ្ទេរ​ការអប់រំ​កុមារ​ពិការភ្នែក និង​គ​ថ្លង់​ឱ្យ​ស្ថិតក្រោម​ការគ្រប់គ្រង​ដោយ​រដ្ឋ​ប៉ុណ្ណោះ​។ ទោះជា​យ៉ាងណា​ស្ថាបនិក​អង្គការ​ខាងលើ​នៅតែ​ជួយ​ជ្រោមជ្រែង​ផ្នែក​បច្ចេកទេស​ផ្សេងៗ ប្រសិនបើ​វិទ្យាស្ថាន​ជាតិ​អប់រំ​ពិសេស​ត្រូវការ ដោយ​នេះ​ជាការ​បញ្ជាក់​របស់​អ្នកស្រី នាង ផល្លា ៖«​អង្គការ​គ្រួសារ​ថ្មី​នៅតែ​ដំណើរការ​សកម្មភាពរ​បស់​ខ្លួន​ដដែល ផ្នែក​គាំពារ និង​ផ្នែក​អភិវឌ្ឍន៍​អភិរក្ស​សិល្បៈ​វប្បធម៌​ខ្មែរ បើទោះបីជា​ផ្នែក​អប់រំ​កុមារ​ពិការភ្នែក​និង​គ​ថ្លង់​ផ្ទេរ​មក​គ្រប់គ្រង​ដោយ​រដ្ឋ​ក៏ដោយ​។ ដោយមាន​ការតាំង​ចិត្ត​ពី​អគ្គ​ស្ថាបនិក​អង្គការ​គ្រួសារ​ថ្មី គាត់​និង​រួមចំណែក​ដើម្បីឱ្យ​ដំណើរការ​ផ្ទេរ​នេះ​បានល្អ ដោយ​គាត់​នឹង​ចុះមក​សហការ​ផ្នែក​បណ្ដុះបណ្ដាល​ណាមួយ​ដែល​វិទ្យាស្ថាន​ត្រូវការ​»​។


 
​យា​និ​ការ​វិទ្យាស្ថាន​រូបនេះ សង្កត់ធ្ងន់ថា កុមារ​ពិការភ្នែក និង​គ​ថ្លង់ ក៏មាន​សិទ្ធិ​ទទួលបាន​ការអប់រំ​ដូចជា​កុមារ​ទូទៅ​ដែរ​។ ហើយ​ចំពោះ​ការផ្ទេរ​ការអប់រំ​រប​ស់​កុមារ​ពិការ គឺ​ដើម្បីឱ្យ​សង្គម​ស្គាល់​ពួកគេ​កាន់តែច្រើន ៖«​កម្មវិធី​អប់រំ​កុមារ​ពិការភ្នែក​និង​គ​ថ្លង់​គឺជា​កម្មវិធី​អប់រំ​ថ្នាក់ជាតិ ដូច្នេះ​ពួកគេ​មាន​សិទ្ធិ​ទទួលបាន​ការអប់រំ​ដូច​សិស្ស​ទូទៅ​ដែរ​។ អង្គការ​គ្រួសារ​ថ្មី​តាំងចិត្ត​ធ្វើយ៉ាងណា​ឱ្យ​ការអប់រំ​នេះ​ជា​ថ្នាក់ជាតិ​។ យើង​មិន​ចង់ទុក​គាត់​ឱ្យនៅតែ​មួយកន្លែង​ដោយ​មិនមាន​មហាជន​ដឹងឮ​ទេ​»​។ 
 
​តាមពិតទៅ​តាំងពី​ឆ្នាំ​១៩៩៧ អង្គការ​គ្រួសារ​ថ្មី​បានដាក់​បញ្ចូល​ការអប់រំ​កុមារ​ពិការភ្នែក​និង​គ​ថ្លង់ ឱ្យ​រៀន​ក្នុង​សាលា​រដ្ឋ​រួចទៅហើយ គ្រាន់តែ​មិនទាន់បាន​ប​ញ្ជូ​ល​ពួកគេ​ឱ្យ​ស្ថិតក្រោម​ការគ្រប់គ្រង​ពី​ក្រសួង​អប់រំ​ប៉ុណ្ណោះ​៖«​កម្មវិធី​អប់រំ​បញ្ចូល​គ្នា​រវាង​អ្នក​ពិការ​និង​សិស្ស​ធម្មតា​យើង​ធ្វើ​តាំងពី​ឆ្នាំ​១៩៩៧ គឺ​សិស្ស​រៀន​ពេលព្រឹក​នៅ​សាលា​អប់រំ​ពិសេស ហើយ​ពេល​ថ្ងៃ​គាត់​ទៅ​រៀន​នៅ​សាលា​ជាមួយ​សិស្ស​ធម្មតា​នៅ​សាលា​រដ្ឋ​»​។ 
 
​អ្នកស្រី នាង ផល្លា ថា​ការដាក់​ប​ញ្ជូ​ល​ការអប់រំ​កុមារ​ពិការភ្នែក និង​គ​ថ្លង់​ឱ្យ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់រ​ដ្ឋ និង​ធ្វើឱ្យ​ពួកគេ​មាន​ភាពកក់ក្ដៅ ៖«​ពីមុនមក​គេ​ធ្លាប់តែ​ដឹងថា កម្មវិធី​នេះ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​អង្គការ​គ្រួសារ​ថ្មី ប៉ុន្តែ​ពេលនេះ​យើង​បាន​ផ្ទេរ​ទៅ​ក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​វិញ​។ នេះ​ជា​មោទកភាព​ខ្ពស់​សម្រាប់​ការផ្ដល់​ការអប់រំ​ដល់​កុមារ​ពិការភ្នែក​និង​គ​ថ្លង់ ដោយ​មិនមាន​ការបែងចែក គ្រាន់តែ​អ្នក​ពិការភ្នែក​យើង​ត្រូវ​បកប្រែ​ជា​អក្សរ​ស្ទាប ហើយ​អ្នក​គ​ថ្លង់​យើង​បកប្រែ​ជា​ភាសា​សញ្ញា​ជូន​គាត់​»​។ 
 
​ចំណែក​យុវ​សិស្ស សូ សៀម​សុខ​ឃីម ជា​យុវជន​ពិការភ្នែក​ទាំង​សងខាង ដែលមាន​អាយុ​២១​ឆ្នាំ និង​រៀន​ថ្នាក់​ទី​១២ យល់ឃើញថា​ការផ្ទេរ​នេះ នឹងធ្វើ​ឱ្យមាន​ការអភិវឌ្ឍ​ខួរក្បាល​កុមារ​ដែលមាន​ពិការភាព​ឱ្យ​កាន់តែ​ប្រសើរ ៖«​សម្រាប់​ការផ្ទេរ​នេះ​ខ្ញុំ​យល់ថា​វា​កាន់តែ​ប្រសើរ មានន័យថា​ភាព​រីកចម្រើន​នៃ​ការអប់រំ រួមទាំង​ការអភិវឌ្ឍ​របស់​អ្នក​ពិការភ្នែក​។ យើង​ស្ថិតនៅក្រោម​រដ្ឋ​ទាំងអស់គ្នា មាន​ភាពស្មើគ្នា​រវាង​អ្នក​ធម្មតា និង​អ្នក​ពិការ​។ ខ្ញុំ​មាន​អារម្មណ៍​ថា​រដ្ឋាភិបាល​កាន់តែ​យកចិត្តទុកដាក់​ដល់​ជនពិការ​»​។


 
​អង្គុយ​នៅក្នុង​បន្ទប់​ការិយាល័យ នាយិការ​វិទ្យាស្ថាន​ជាតិ​អប់រំ​ពិសេស ថា​ការផ្លាស់ប្ដូរ​ការគ្រប់គ្រង​នេះ មិនមាន​ការកែប្រែ​ប្រព័ន្ធ​អប់រំ​របស់​ពួកគេ​ដែលមាន​ពីមុន​ឡើយ​៖«​ពេលដែល​ផ្ទេរ​ភាគច្រើន​គេ​មិន​ទុកចិត្ត​ថា​កម្មវិធី​នេះ​នៅ​ថេរ​ទេ យ៉ាងហោចណាស់​ក៏​មានការ​ថយក្រោយ​ដែរ ក៏ប៉ុន្តែ​ដោយមាន​ការគាំទ្រ និង​មានការ​តាំងចិត្ត​ពី​សម្ដេចនាយក​រដ្ឋមន្ត្រី ព្រមទាំង​ក្រសួង​អប់រំ​យុវជន​និង​កីឡា លោក​បានរៀបចំ​ការផ្ទេ​រ​និង​ការទទួលយក គឺ​មិនមាន​ការផ្លាស់ប្ដូរ​រចនា​សម្ពន្ធ​ឡើយ​»​។​
 
​បើទោះបីជា​យុវ​សិស្ស សៀម​សុខ​ឃីម ជិត​បញ្ជ​ប់​ការសិក្សា​នៅ​ថ្នាក់​វិទ្យាល័យ ដោយ​មិន​ចាំ​បាត់​ព្រួយបារម្ភ​ពី​ការប្ដូរ​ការគ្រប់គ្រង​នេះ​ក៏ពិតមែន ប៉ុន្តែ​លោក​ក៏បាន​ដឹង​ពី​កង្វល់​របស់​សិស្ស​ប្អូន​ជំវិញ​បញ្ហា​នេះដែរ​។ តែ​បុរស​ដែល​បាន​ចូលមក​រៀន​នៅក្នុង​អង្គការ​គ្រួសារ​ថ្មី​តាំងពី​ឆ្នាំ​២០០៦​រូបនេះ បាន​ពន្យល់​ទៅ​សិស្ស​ប្អូន​ដូច្នេះ ៖«​ខ្ញុំ​ធ្លាប់​ឮ​ក្មេងៗ​សួរ​ខ្ញុំ​ដែរ ប៉ុន្តែ​ខ្ញុំ​បាន​ឆ្លើយ​ទៅវិញ​ថា ភារកិច្ច​ក្នុងនាម​យើង​ជា​សិស្ស​យើង​មិនត្រូវ​ខ្វល់​ពី​កិច្ចការ​នេះ​ទេ​។ មានន័យថា​ការអប់រំ​កាន់តែ​វិវត្តន៍​ទៅមុខ ដោយសារតែ​បរិបទ​សង្គម និង​ពិភពលោក ហើយ​យើង​ខ្លួនឯង​រៀន​ដើម្បី​ប្រកួតប្រជែង​ជាមួយ​ខ្លួនឯង​ផង និង​ជាមួយ​អ្នកដទៃ​ផង​»​។​
 
​ជាការ​សង្កេត​របស់​អ្នកស្រី នាង ផល្លា ដែល​បាន​បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មី ជនពិការ​នាពេល​បច្ចុប្បន្ន​មាន​ការវិវឌ្ឍ​ជា​វិជ្ជមាន​ច្រើន បើ​ប្រៀប​ទៅ​ឆ្នាំ​ដំបូង​នៃ​ការបង្កើត​អង្គការ​គ្រួសារ​ថ្មី ៖«​យើង​ក្រឡេក​មើលទៅ​កាលពី​ឆ្នាំ​១៩៩១ រហូតមកដល់​បច្ចុប្បន្ន​គឺ​ខុសគ្នា​ឆ្ងាយ​ណាស់ ហើយ​ជនពិការ​ក៏មាន​សិទ្ធិ​ច្រើន​ដែរ មាន​សិទ្ធិ​ទទួលបាន​ការអប់រំ ទទួលបាន​សិទ្ធិ​គ្រប់យ៉ាង​»​។​
 
​ស្របទៅនឹង​សម្ដី​របស់​អ្នកស្រី ផល្លា យុវ​សិស្ស​ពិការភ្នែក ដោយសារ​ឧ​ប​តិ​វ​ហេតុ សៀម​សុខ​ឃីម ថា​ក្រោយពី​លោក​បានមក​រៀន​ក្នុង​អង្គការ​គ្រួសារ​ថ្មី គាត់​ចេះ​ជួយ​ខ្លួនឯងបាន​ច្រើន​៖«​អ្វីដែល​អង្គការ​គ្រួសារ​ថ្មី​ផ្ដល់ឱ្យ​ខ្ញុំ​គឺ​ចំណេះដឹង​ទូទៅ​។ ពេលដែល​ខ្ញុំ​នៅផ្ទះ​ខ្ញុំ​មិនសូវ​ចេះ​ធ្វើ​អ្វី​ទេ​។ ព្រោះតែ​ខ្ញុំ​ជា​កូន​ពិការ​ដូច្នេះ​ម្ដាយ​ឪពុក​មិនឱ្យ​ខ្ញុំ​ធ្វើ​អ្វី​ទេ តែ​ពេលដែល​ខ្ញុំ​មក​អង្គការ​គ្រួសារ​ថ្មី ខ្ញុំ​ជួយ​ខ្លួនឯងបាន​ច្រើន ដូចជា​ការសម្អាត​ថ្នាក់ និង​ធ្វើ​អ្វី​ផ្សេងទៀត​ក្រៅពី​ចំណេះដឹង​ទូទៅ​។ ការលើកទឹកចិត្ត​ការ​ផ្ដល់ឱកាស ធ្វើឱ្យ​ខ្ញុំ​មើលឃើញ​បាន​ឆ្ងាយ បាន​ជ្រៅ​ជាង​មុន​ពីមួយ​ពេល​ទៅមួយ​ពេល​»​។​
 
​ចំណែក​កញ្ញា វែង ស្រី​ហេង ជា​សិស្ស​ទីទាល់ក្រ​ដែលមាន​ម្ដាយ​ចែក​ឋាន និង​រស់នៅ​យ៉ាង​លំបាក​តោកយ៉ាក​ជាមួយ​ឪពុក ទទួលបាន​ការបណ្ដុះបណ្ដាល​ពី​អង្គការ​គ្រួសារ​ថ្មី​ទាំង​ចំណេះដឹង​ទូទៅ និង​ផ្នែក​សិល្បៈ​។ មាន​កាយ​សប្ប​ទា​គ្រប់គ្រាន់ ស្រី​ហេង ដែល​រៀន​ថ្នាក់​ទី​៩​រូបនេះ ថា​គេ​មិនគួ​រើសអើង​ជនពិការ​ឡើយ ព្រោះ​ធ្វើឱ្យ​ពួកគេ​កាន់តែ​បាក់​ទឹកចិត្ត​៖«​គាត់​ពិការ​មើលមិនឃើញ បើ​យើង​រើសអើង​គាត់ វា​ដូចជា​យើង​បំបាក់ទឹកចិត្ត​គាត់​ដែរ​»​។


 
​មិន​ខុសគ្នា​ប៉ុន្មាន​ឡើង អ្នកស្រី នាង ផល្លា ថា​អ្នកមាន​ពិការភាព​ខ្លះ​មាន​សមត្ថភាព​ពិសេស​លើសពី​មនុស្ស​ធម្មតា​។ ប៉ុន្តែ​មនុស្ស​មួយចំនួន​នឹងមិន​ឱ្យ​តម្លៃ​ជនពិការ​ប្រសិនបើ​អ្នកមាន​ពិការភាព​ខ្លួនឯង​មិនបាន​ប្រើប្រាស់​សិទ្ធិ​របស់ខ្លួន​ឱ្យអស់​លទ្ធភាព ៖«​បើ​គេ​រើសអើង​ជនពិការ​គឺ​មកពី​ខ្លួន​គាត់​ដែរ អ្នកខ្លះ​គាត់​មិន​ប្រើ​សិទ្ធិ​របស់ខ្លួន​គាត់​»​។  
 
​ជា​ចុង​បញ្ជ​ប់​អ្នកស្រី នាង ផល្លា នាយិការ​វិទ្យាស្ថាន​ជាតិ​អប់រំ​ពិសេស កោតសរសើរ​ចំពោះ​អង្គការ​គ្រួសារ​ថ្មី​ដែល​កន្លងមក​បាន​ប្រឹងប្រែង​ដើម្បី​កុមារ​ពិការ​និង​ទីទាល់ក្រ​។ អ្នកស្រី​មាន​សុទិដ្ឋិនិយម​ថា ការអប់រំ​កុមារ​ពិការភ្នែក​និង​គ​ថ្លង់ ដែល​ផ្ទេរ​ពី​អង្គការ​គ្រួសារ​ថ្មី​ទៅ​ក្រោម​ការគ្រប់គ្រង​ដោយ​រដ្ឋ​វិញ​នោះ នឹងធ្វើ​ឱ្យ​កុមារ​កាន់តែ​មានការ​អភិវឌ្ឍ​។ អ្នកស្រី​បន្ថែម ៖«​អង្គការ​គ្រួសារ​ថ្មី​គាត់​មាន​បន្ទុក​ធ្ងន់​មែនទែន ក្នុងការ​បណ្ដុះបណ្ដាល​ដ​ល់​កុមារ​ពិការភ្នែក​។ គាត់​ត្រូវការ​ថវិកា​ច្រើនណាស់​ដើម្បី​ដំណើរការ​កម្មវិធី​បណ្ដុះ​បណ្ដាល​នេះ​។ មួយផ្នែក​ទៀត​គឺ​ធនធានមនុស្ស បើសិនជា​លោកគ្រូ​អ្នកគ្រូ ឬ​អ្នកធ្វើការ​នៅ​ទីនោះ​មិនមាន​ការតាំង​ចិត្ត​ទេ គេ​មិន​អាចមក​ធ្វើការ​ជា​មូ​យ​អ្នក​ពិការ​បានឡើយ​»៕



Tag:
 អប់រំ​
  កុមារ​
  ជនពិការ​
  ក្រសួង​អប់រំ​
  អង្គការ​គ្រួសារ​ថ្មី​
 ​អង្គការ​
© រក្សាសិទ្ធិដោយ thmeythmey.com