ជាតិ
សង្គមជាតិ
ជ្រូក​ងាប់​ជិត​២០០​ទៀត នៅ​ខេត្តកណ្តាល ដោយសារ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​
12, Jul 2019 , 9:59 pm        
រូបភាព
រូបភាពពី អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និង​ផលិតកម្មសត្វ​
រូបភាពពី អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និង​ផលិតកម្មសត្វ​
ដោយ:
​ភ្នំពេញ​៖ មាន​ជ្រូក​ជិត​២០០​ក្បាល​ទៀត នៅ​ខេត្តកណ្តាល ដែល​បាន​ងាប់​ដោយសារ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​។​

 
​លោក តាន់ ផាន់​ណា​រ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នៃ​ក្រសួងកសិកម្ម ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា មកដល់ពេលនេះ មាន​ជ្រូក​៦០៥​ក្បាល​ហើយ ដែល​ងាប់​ជា​បន្តៗ​បន្ទាប់ នៅ​ស្រុក​ស្អាង និង​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។ កាលពី​ថ្ងៃទី​១១ ខែកក្កដា មាន​ជ្រូក​ជិត​៤០០​ក្បាល បាន​ងាប់​ដោយសារ​ជំងឺ​នេះ​។​
 
​លោក តាន់ ផាន់​ណា​រ៉ា អះអាងថា គិត​ត្រឹម​ពាក់កណ្តាល​ឆ្នាំ​២០១៩​នេះ ខេត្ត​ដែល​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អា​ហ្រិ​ក រួមមាន រតនគិរី ត្បូងឃ្មុំ ស្វាយរៀង តាកែវ និង កណ្តាល ដែល​បណ្តាល​ឲ្យ​ងាប់​ជ្រូក​សរុប​ប្រមាណ​២៥០០​ក្បាល​។ លោក បន្តថា ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក បង្កឡើង​ដោយ​វីរុស ដោយ​មិនទាន់មាន​វ៉ាក់សាំង​ការពារ​នៅឡើយ​ទេ ប៉ុន្តែ​ជំងឺ​នេះ មិន​បង្ក​ឲ្យ​ប៉ះពាល់​ដល់​មនុស្ស​ឡើយ​។ លោក បន្ថែមថា ក្រុមការងារ​របស់លោក កំពុងតែបន្ត​ទប់ស្កាត់​ជំងឺប៉េស្ត​ជ្រូក​អា​ហ្រិ​ក​នេះ​។​
 
​បើតាម​ការពន្យល់​រប​ស់លោក ជ្រូក​ដែលមាន​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក មាន​រោគសញ្ញា​ក្តៀន ដង្ហក់ ឡើងក​ម្តៅ ឡើង​ក្រហម​អុចៗ​លើ​ស្បែក ហើយ​ជ្រូក​នោះ មិន​ស៊ី​ចំណី ក្អួត រលូត​កូន នឹង​ឆាប់​ងាប់​ក្នុង​រយៈពេល​៣ ទៅ​៧​ថ្ងៃ​ខាងមុខ​។​
 
​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នា​ថ្ងៃទី​១២ ខែកក្កដា​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែនាំ​ឲ្យ​ថ្នាក់ដឹកនាំ​ខេត្ត​នានា ចុះទៅ​ត្រួតពិនិត្យ​នៅ​កន្លែង​ដែលមាន​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ដើម្បី​ចាត់វិធានការ​ទប់ស្កាត់​ឲ្យ​ទាន់ពេលវេលា​។​
 
​គួរ​បញ្ជាក់ថា ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក បាន​ផ្ទុះឡើង​លើកដំបូង​នៅ​ឆ្នាំ​១៩០៧ នៅ​ប្រទេស​កេ​ន​ញ៉ា ហើយ​វា​បាន​ផ្ទុះ​ឡើងជា​បន្តបន្ទាប់​ទៅតាម​បណ្តា​ប្រទេស​ក្នុង​ទ្វីបអាហ្វ្រិក និង​ចុងក្រោយ ជំងឺ​នេះ​បាន​ផ្ទុះឡើង​នៅ​បណ្តា​ប្រទេស​ក្នុង​ទ្វីបអឺរ៉ុប​ក្នុង​ឆ្នាំ​២០១៨ រួច​បន្ត​រាល​ឆ្លង​ចូលក្នុង​ប្រទេស​ចិន​។ បច្ចុប្បន្ន​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ កំពុង​បន្ត​រាលដាល​តាម​បណ្តា​ខេត្ត​មួយចំនួន​នៅ​ប៉ែក​ខាងជើង និង​កណ្តាល​នៃ​ប្រទេស​វៀតណាម​។ មកដល់ពេលនេះ អាជ្ញាធរ​វៀតណាម បានសម្លាប់​ជ្រូក​ជាង​២​លាន​ក្បាល​ហើយ​៕

Tag:
 ជ្រូក​
 ​ជំងឺ​
© រក្សាសិទ្ធិដោយ thmeythmey.com