ជាតិ
សង្គមជាតិ
លោក គួច ចំរើន ស្នើ​ស្ថានទូត​ចិន ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​នៅ​ខេត្ត​ព្រះសីហនុ​
12, Jul 2019 , 10:19 pm        
រូបភាព
​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​ថ្មី បានស្នើ​សុំ​ឲ្យ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា ជួយ​ដោះស្រាយ​បញ្ហា​នានា​ដែល​កំពុង​កើតមាន​ក្នុង​ខេត្ត​មាត់សមុទ្រ​មួយ​នេះ​។ ជាការ​ឆ្លើយតប​ទៅនឹង​លោក គួច ចំរើន លោក​ទូត​ចិន​បានបង្ហាញ​ជំហរ​ថា នឹង​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​នៅ​ខេត្ត​មួយ​នេះ តាមរយៈ គម្រោង «​កម្មវិធី​ខេត្ត​ព្រះសីហនុ មាន​សុវត្ថិភាព​»​។

 
​លោក គួច ចំរើន បានលើកឡើង បញ្ហា​ប្រឈម​ដែល​ខេត្ត​ព្រះសីហនុ​កំពុង​ជួបប្រទះ មានដូចជា បញ្ហា​ការគ្រប់គ្រង​សំណង់​អគារ ផ្លូវ​ខូច​, លូ​, ប្រព័ន្ធ​ទឹកស្អាត និង​បញ្ហា​ផ្សេងៗ​ទៀត ខណៈ​ខេត្ត​មាត់សមុទ្រ​មួយ​នេះ មាន​សន្ទុះ​អភិវឌ្ឍ​យ៉ាងខ្លាំង ក្នុង​រយៈពេល​២​ឆ្នាំ​ចុងក្រោយ​។ ការលើកឡើង​នេះ ធ្វើឡើង​នៅ​ចំពោះមុខ លោក Wang Wentian ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៩​។ 
 
​ដើម្បី​សម្រេច​កិច្ចការ​នេះ លោក​បានស្នើ​ដល់ លោក Wang Wentian ឲ្យ​ជួយ​គាំទ្រ និង​ដោះស្រាយ​លើ​បញ្ហា​ទាំងនោះ​។ លើសពីនេះ​លោក​ក៏​ស្នើ​ឲ្យ​ឯកអគ្គរដ្ឋទូត​ចិន ជួយ​គាំទ្រ​ការបើក​ទីតាំង សមាគម​សារព័ត៌មាន​ចិន និង​បើក​ស្ថាន​កុងស៊ុល នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ផ្សព្វផ្សាយ ដល់​ប្រជាជន​ចិន ដែលមាន​គម្រោង​មក​វិនិយោគ និង​កំពុង​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​។​
 
​ជាការ​ឆ្លើយតប ឯកអគ្គរដ្ឋទូត​ចិន​រូបនេះ បាន​សន្យាថា នឹង​ជួយ​គាំទ្រ និង​ដោះស្រាយ​បញ្ហា​ប្រឈម​កើត​មាននៅ​ខេត្ត​ព្រះសីហនុ តាមរយៈ​គម្រោង «​កម្មវិធី​ខេត្ត​ព្រះសីហនុ មាន​សុវត្ថិភាព​» ដែលមាន​បញ្ចូល​ទាំង​ការ បណ្តុះបណ្តាល ការប្រើប្រាស់​សម្ភារ បច្ចេកទេស និង​សណ្តាប់ធ្នាប់​ជាដើម​៕

© រក្សាសិទ្ធិដោយ thmeythmey.com