ជាតិ
លុតជង្គង់សុំទោសជីដូន ក្រោយសមត្ថកិច្ចចាប់ខ្លួនពីបទឆក់ទូរសព្ទដៃ ប៉ុន្តែហួសពេលហើយ!
× ជនសង្ស័យ២នាក់ ត្រូវបានបញ្ជូនទៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១២ ខែកក្កដា ពោលគឺរយៈពេល៤ថ្ងៃ ក្រោយពីពួកគេបានធ្វើសកម្មភាពឆក់ទូរសព្ទដៃនារីម្នាក់នៅតាមផ្លូវក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបរាប់សំណុំរឿងនេះ នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដែលក្នុងនោះ មានរូបថតមួយសន្លឹកដែលជនសង្ស័យម្នាក់លុតជង្គង់សុំទោសជីដូនរបស់ខ្លួន។
ជនសង្ស័យ២នាក់ ដែលម្នាក់អាយុ១៨ឆ្នាំ មុខរបរជាសន្តិសុខ និងម្នាក់ទៀតអាយុ១៩ឆ្នាំ ដែលមានមុខរបរមិនពិតប្រាកដ បានធ្វើសកម្មភាពឆក់ទូរសព្ទដៃនារីម្នាក់ កាលពីថ្ងៃទី៨ ខែកក្កដា នៅពេលដែលជនរងគ្រោះ ឈប់ម៉ូតូ ហើយទទួលការហៅចូលទូរសព្ទពីស្វាមីខ្លួន។
កងរាជអាវុធហត្ថបានរៀបរាប់ថា ភ្លាមៗនោះ ជនសង្ស័យទាំងពីររូបដែលជិះម៉ូតូតាមពីក្រោយ បានធ្វើសកម្មភាពឆក់ ប៉ុន្តែក្រោយមកត្រូវរាជអាវុធហត្ថខណ្ឌដង្កោ ប្រដេញតាម ហើយចាប់ខ្លួនបានទាំងពីរនាក់។
ជនសង្ស័យទាំងពីរត្រូវបានបញ្ជូនទៅពន្ធនាគារ ហើយអ្វីដែលសោកសៅបំផុតនោះ ជនសង្ស័យម្នាក់ដែលខោអាវប្រឡាក់ទៅដោយឈាម បានលុតជង្គង់សុំទោសជីដូនរបស់ខ្លួន។ ជីដូនទ្រហោយំ ហើយបានត្រឹមតែសោកស្តាយប៉ុណ្ណោះ ខណៈចៅប្រុសមិនអាចរួចផុតពីសំណាញ់ច្បាប់បាននោះឡើយ។ បើតាមកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យដែលមានមុខមាត់ស្អាតបាតរូបនោះ មានជីដូនអាណាព្យាបាល ដោយសារឪពុកម្តាយបានទទួលមរណភាព៕
© រក្សាសិទ្ធិដោយ thmeythmey.com