អន្តរជាតិ
ចិន ប្រកាស​ដាក់ទណ្ឌកម្ម​ក្រុមហ៊ុន​អាមេរិក​លក់​អាវុធ​ឲ្យ​តៃវ៉ាន់​
13, Jul 2019 , 10:41 am        
រូបភាព
រូបភាព AFP
រូបភាព AFP
​មហា​យក្ស​ចិន នៅ​ថ្ងៃទី​១២ ខែកក្កដា បានប្រកាសថា ខ្លួន​នឹងដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​អាមេរិក​ដែល​លក់​អាវុធ​ឲ្យ​តៃវ៉ាន់​។ ការប្រកាស​នេះ ធ្វើឡើង​ក្រោយ​អាមេរិក​ត្រៀម​លក់​អាវុធ​ឲ្យ​កោះ​មួយ​នេះ​ក្នុងតម្លៃ​២,២​ពាន់​លាន​ដុល្លារ​ឯណោះ ដែល​នេះ​ជា​រឿង​ដែល​ឲ្យ​ប៉េកាំង​ក្ដៅស្លឹកត្រចៀក​ខ្លាំង​។ ដ្បិត​មិនមែនជា​លើកទីមួយ​ដែល​ចិន​គំរាម​បែបនេះ ប៉ុន្តែ​វា​បាន​កើតឡើង​ក្នុង​បរិបទ​ដែល​អាមេរិក និង​ចិន​កំពុង​មិនត្រូវ​គ្នា​ដោយសារ​រឿង​ពាណិជ្ជកម្ម​ស្រាប់​ផង​។​

 
​ជាថ្មី​ម្ដងទៀត ក្រុង​ប៉េកាំង បាន​រិះគន់​ក្រុង​វ៉ាស៊ីនតោន​រឿង​គម្រោង​លក់​អាវុធ​តម្លៃ​២,២​ពាន់​លាន​ដុល្លារ​ទៅ​ឲ្យ​តៃវ៉ាន់ ដោយ​គ្មាន​ខ្លាចក្រែង​ខ្លួន​បន្តិច​សោះ​។ ការលក់​អាវុធ​ដែលមាន​រថក្រោះ និង​មី​ស៊ី​ល​នេះ ជាការ​លក់​អាវុធ​ដ៏​ធំ​មួយ​របស់​អាមេរិក​ទៅ​ឲ្យ​តៃវ៉ាន់​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​មកនេះ ស្រប​ពេលដែល​តៃវ៉ាន់ ដេក​មិន​លក់​បក់​ក៏​មិន​ល្ហើយ​ដោយសារ​ការ​កំញើញ​សាច់ដុំ​របស់​យោធា​រំដោះប្រជាជន​ចិន​ក្បែរ​ទឹកដី​របស់ខ្លួន​នោះ​។ 
 
​ក្នុង​សេចក្ដីថ្លែងការណ៍​ថ្ងៃទី​១២ ខែកក្កដា លោក Geng Shuang អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​បិ​រ​ហារ​ការលក់​អាវុធ​ឲ្យ​តៃវ៉ាន់​ពី​សំណាក់​អាមេរិក​នេះ ជាការ​បំពាន​ធ្ងន់ធ្ងរ​មូលដ្ឋាន​ច្បាប់​អន្តរជាតិ និង​ទំនាក់ទំនង​អន្តរជាតិ​។ មន្ត្រី​ដដែល​នេះ​បន្តថា​៖ «​ក្នុង​គោលដៅ​ការពារ​ផលប្រយោជន៍​ជាតិ ចិន​នឹងដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​អាមេរិក​ដែល​ពាក់ព័ន្ធ​ក្នុង​ការលក់​នេះ​។​»
 
​ក្រោម​រដ្ឋបាល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ចំណង​ការទូត​មិន​ផ្លូវការ​រវាង​អាមេរិក និង​តៃវ៉ាន់​ល្អូក​ល្អឺ​ន​ជាង​ប្រធានាធិបតី​មុនៗ ដែល​ផ្ទុយ​ពី​ទំនាក់ទំនង​អាមេរិក និង​ចិន​ដែល​យ៉ាប់យ៉ឺន​ដោយសារ​ជម្លោះ​ពាណិជ្ជកម្ម​។ ម្ដង​ហើយ​ម្ដងទៀត ចិន​បាន​ប្រាប់​អាមេរិក​កុំ​លេងសើច​ជាមួយ​រឿង​តៃវ៉ាន់​នេះ​ឲ្យ​សោះ​។ នៅ​ថ្ងៃទី​១២ ខែកក្កដា​នេះដែរ ពី​ទឹកដី​ហុង​គ្រី រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី ព្រមាន​ថា អាមេរិក​កំពុង​លេង​ជាមួយ​ភ្លើង​ហើយ​។​
 
​តាមពិតទៅ ចិន​ក៏​ធ្លាប់​គំរាម​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​អាមេរិក​ហូរហែ​មក​ដែរ​ជុំវិញ​ការលក់​អាវុធ​ឲ្យ​តៃវ៉ាន់​នេះ​។ កាលពី​ឆ្នាំ​២០១០ អាមេរិក បានអនុម័ត​គម្រោង​លក់​ប្រព័ន្ធ​ការពារ​អាកាស Patriot ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ Black Hawk និង​យុទ្ធោបករណ៍​មួយចំនួនទៀត​ឲ្យ​តៃវ៉ាន់​។ ចិន​ក៏​ក្ដៅ​ឆេវ ហើយក៏​ផ្ដាច់​ការទាក់ទង​ផ្នែក​យោធា​ជាមួយ​អាមេរិក និង​ព្រមាន​ចាត់ការ​លើ​ក្រុមហ៊ុន​អាមេរិក​ដែល​ចូល​ដៃ​ក្នុង​រឿង​ទិញ​លក់​នេះ​ទៀតផង​។​
 
​មួយរយៈ​ពេល​ចុង​ក្រោយនេះ តៃវ៉ាន់​បាន​បញ្ជា​ទិញ​អាវុធ​ទំនើបៗ​ជា​ច្រើ​ពី​អាមេរិក ដែលជា​ផ្នែក​មួយ​នៃ​ការធ្វើ​ទំនើបកម្ម​យោធា​របស់ខ្លួន​។ សព្វថ្ងៃ សព្វាវុធ​របស់​តៃវ៉ាន់ ហាក់​ហួស​សម័យ ឬក៏​មិនមាន​សមត្ថភាព​ទប់ទល់​ការ​ងើប​យ៉ាង​ឆាប់រហ័ស​នៃ​កងទ័ព​ចិន​ឡើយ​។ អាច​និយាយថា បើ​ធ្វើសង្គ្រាម តៃវ៉ាន់ មិនអាច​តស៊ូ​បានជា​មួយ​អានុភាព​ខ្លាំងក្លា​របស់​យុទ្ធោបករណ៍​ទំនើបៗ​របស់​ចិន​បានឡើយ​។ ដូចនេះ តៃវ៉ាន់​ត្រូវការ​អាវុធ​ថ្មី​ដើម្បី​ទប់ទល់​៕  
 

Tag:
 អាមេរិក​
  ចិន​
  តៃវ៉ាន់​
© រក្សាសិទ្ធិដោយ thmeythmey.com