ជាតិ
សង្គមជាតិ
អភិបាលខេត្តព្រះសីហនុ ផ្តើមចលនាប្រមូលសំរាមតាមឆ្នេរ និងទីសាធារណៈ
× ភ្នំពេញ៖ មនុស្សប្រមាណ៥០០០នាក់បានចូលរួមក្នុងចលនាប្រមូលសំរាមនៅតាមឆ្នេរ និងទីសាធារណៈ ក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកក្កដា នេះ។ យុទ្ធនាការប្រមូលសំរាមនេះ មានការដឹកនាំដោយផ្ទាល់ពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។ នេះបើតាមការបញ្ជាក់ពីលោក ឯម ភាព នាយករដ្ឋបាលខេត្តព្រះសីហនុ។
យុទ្ធនាការសំអាតបរិស្ថាននេះ មានការចូលរួមពីយុវជន សិស្សានុសិស្ស ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំផ្សេងៗផងដែរ។ បើតាមលោក ឯម ភាព ការរៀបចំឲ្យមានយុទ្ធនាការសំអាតបរិស្ថាននេះ គឺដើម្បីបំផុសស្មារតីប្រជាពលរដ្ឋស្រឡាញ់បរិស្ថាន ចូលរួមការពារបរិស្ថាន និងរៀបចំទុកដាក់ និងវេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវនៅតាមលំនៅឋាន ទីសាធារណៈ និងរមណីយដ្ឋាននានា។
នាយករដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា៖«មិនត្រឹមបណ្តុះស្មារតីឲ្យពួកគាត់សំអាតបរិស្ថាននោះទេ កម្មវិធីនេះក៏ជួយឲ្យភ្ញៀវទេសចរមានទំនុកចិត្តលើអនាម័យបរិស្ថាននៅខេត្តព្រះសីហនុ និងដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនាខេត្តនេះឲ្យកាន់តែច្រើនបន្ថែមទៀតផងដែរ»។
ដើម្បីសម្រេចបាននូវបរិស្ថានល្អនោះ គឺត្រូវមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ម្ចាស់រមណីយដ្ឋាននានា ទើបអាចឲ្យបរិស្ថាននៅខេត្តព្រះសីហនុប្រកបដោយខ្យល់អាកាសល្អបរិសុទ្ធ។ នេះបើតាមការបញ្ជាក់របស់លោក ឯម ភាព៕
© រក្សាសិទ្ធិដោយ thmeythmey.com