ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ដឹង​ឬ​អត់ថា​អាហារ​អ្វី​ខ្លះទៅ​ល្អ​ចំពោះ “​សុខភាព​បេះដូង​” ទប់ស្កាត់​ជំងឺ​?
14, Jul 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​បេះដូង ជា​សរីរាង្គ​ដ៏​សំខាន់​មួយ​ក្នុង​រាងកាយ​ដែល​ត្រូវការ​ការមើល​ថែ និង​យកចិត្តទុកដាក់​ជាពិសេស ដើម្បី​រក្សាបាន​នូវ​សុខភាព​ល្អ​ធ្វើ​ឲ្យ​អ្នកមាន​អាយុ​វែង ឬ​រស់​បានយូរ​។​ការធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ និង​ជ្រើសរើស​របប​អាហារ​បាន​ត្រឹមត្រូវ គឺ​ចាំបាច់​ណាស់​សម្រាប់​រក្សាបាន​នូវ​សុខភាព​បេះដូង​ល្អប្រសើរ​ជៀស​ផុតពី​ជំងឺ​គួរ​ឲ្យ​ព្រួយបារម្ភ​ផ្សេងៗ​ដែល​គម្រាមកំហែង​ដល់​អាយុជីវិត​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​អោយដឹងពី​ប្រភេទ​នៃ​អាហារ​ដែល​អ្នក​គួរ​ទទួលទាន​ឲ្យ​បាន​ច្រើន​ដើម្បី​រក្សាបាន​នូវ​សុខភាព​បេះដូង​ល្អប្រសើរ​ជៀសផុត​ពី​បញ្ហា​ផ្សេងៗ ៖

 
១. ផ្លែ​ទទឹម​
 
​ផ្លែឈើ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម រួមបញ្ចូល​ទាំង​សារធាតុ anthocyanins និង polyphenols ដែល​ជួយ​ការពារ​ស​សៃ​ឈាម​ពី​ការបំផ្លាញ ឬ​ខូចខាត និង​រក្សា​សុខភាព​ស​សៃ​ឈាម​បេះដូង​ល្អប្រសើរ​។ ទទឹម ក៏​ជួយ​កាត់បន្ថយ​ជាតិ​ខ្លាញ់​ដែល​ប្រមូលផ្ដុំ​នៅក្នុង​ស​សៃ​ឈាមអាកទែ​ផងដែរ​។ លើសពីនេះទៅទៀត ផ្លែ​ទ​ទឺ​ម ជម្រុញ​ការផលិត​អុកស៊ីត​នី​ទ្រិ​ក​នៅក្នុង​រាងកាយ ដើម្បី​រក្សា​ស​សៃ​ឈាម​ពី​ការស្ទះ​ធ្វើ​ឲ្យ​ឈាម​ហូរ​បាន​ស្រួល​។ ដូច្នេះ​ចូរ​ព្យាយាម​ទទួលទាន​ផ្លែ​ទ​ទឺ​ម ឬ ទឹក​ផ្លែ​ទ​ទឺ​ម​ស្រស់​ជាប្រចាំ ដើម្បី​ទប់ស្កាត់​បញ្ហា​ស្ទះ​ស​សៃ​ឈាម​។​
 
២. ប៉េងប៉ោះ​
 
​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​សារធាតុ lycopene ដែល​មិន​ត្រឹមតែ​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​ជំងឺមហារីក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​លើកកម្ពស់​សុខភាព​បេះដូង​គួរអោយកត់សម្គាល់​។ លើសពីនេះទៅទៀត ប៉េង​បោះ​ក៏មាន​ផ្ទុក​បរិមាណ​ជាតិ​ស​សៃ​ខ្ពស់​, ប៉ូ​តា​ស្យូ​ម​, niacin, folate និង​វីតាមីន B6 ដែល​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង និង​រក្សា​សុខភាព​បេះដូង​ប្រសើរ​រឹងមាំ​ផងដែរ​។​
 
៣. ឪឡឹក​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ lycopene ដែល​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ដោយ​បញ្ចុះ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​។​
 
៤. ត្រី​សាល​ម៉ុ​ន​
 
​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣, អូ​មេ​ហ្គា ៣ DHA និង EPA ដែល​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ស្ទះ​ស​សៃ​ឈាម​បេះដូង​, ជំងឺ​បេះដូង​ដទៃទៀត រួមទាំង​បញ្ហា​សម្ពាធ​ឈាម​ផងដែរ​។ ហើយ​ត្រី​សាល​ម៉ុ​ន​ស្រស់ គឺ​ប្រសើរ​ជាង​ត្រី​សាល​ម៉ុ​ន​កំប៉ុង ក៏​ព្រោះ​ភាគច្រើន​ត្រី​សាល​ម៉ុ​ន​កំប៉ុង​មាន​ផ្ទុក​សារធាតុ​គីមី​ច្រើន ក៏ដូចជា​សារធាតុ​រក្សាទុក​បានយូ​រ​ដែល​ប៉ះពាល់​ខ្លាំង​ចំពោះ​សុខភាព​។ ទោះជា​យ៉ាងណា ត្រី​ធូ​ណា ត្រី​សា​ឌី​ន ត្រី mackerel ជាដើម​ក៏​ល្អ​សម្រាប់​សុខភាព​មនុស្ស​ដែរ​។​
 
៥. គ្រាប់​ធញ្ញជាតិ​
 
​គ្រាប់​ធញ្ញជាតិ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប្រូតេអ៊ីន ជាតិ​ស​សៃ និង​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ព្រមទាំង​ជាតិ​ខ្លាញ់​ល្អៗ​ដែល​ចាំបាច់​សម្រាប់​រក្សា​សុខភាព​បេះដូង​ល្អ​រឹងមាំ​។ ទោះជា​យ៉ាងណា​អ្នក​មិនគួរ​ទទួលទាន​គ្រាប់​ធញ្ញជាតិ​លើសពី​មួយ​ក្ដាប់ដៃ​ពេញ​ក្នុង​មួយថ្ងៃ​ឡើយ​។​
 
៦. សូកូឡា​ខ្មៅ​
 
​សូកូឡា​ខ្មៅ ក៏​ជា​ប្រភេទ​នៃ​អាហារ​ដែល​ល្អ​សម្រាប់​សុខភាព​បេះដូង​ផងដែរ​។ សូកូឡា​ខ្មៅ​មាន​ផ្ទុក​នូវ​សមាសធាតុ​ម្យ៉ាង​ហៅថា flavonol ដែល​ជួយ​បង្កើន​សុខភាព​បេះដូង និង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ផ្សេងៗ​។ ប៉ុន្តែ​ត្រូវ​ប្រា​កថា​អ្នក​បានជ្រើសរើស​ទទួល​ទាន​នូវ​សូកូឡា​ដែល​ផ្សំ​ឡើង​ពី​កា​កាវ ៧០ ភាគរយ និង​មិន​ទទួលទាន​ច្រើន​លើស​ពេក​ត្រឹម ១ ឬ​២ ចំណិត​ជាប្រចាំ​បាន​ហើយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com