អត្ថបទពាណិជ្ជកម្ម
គម្រោង​ទីលាន​បាល់ទាត់​១០០ របស់ អេ អាយ អេ ខេ​ម​បូ​ឌា បានបញ្ចប់​ដោយ​ជោគជ័យ​នៅ​ខេត្តសៀមរាប​
13, Jul 2019 , 2:20 pm        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ វគ្គ​ចុងក្រោយ​នៃ​គម្រោង​ទីលាន​បាល់ទាត់​១០០ របស់​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត អេ អាយ អេ ខេ​ម​បូ​ឌា​) ឡាយ​ហ្វ៍ អ៊ិន​សួ​រេ​ន ម​.​ក (“​អេ អាយ អេ ខេ​ម​បូ​ឌា​” បានធ្វើ​ឡើង​ក្នុង​ថ្ងៃទី​១៣ កក្កដា នៅ​ខេត្តសៀមរាប​ដោយ​នាំមក​នូវ​ភាពជោគជ័យ​ក្នុងការ​បំពាក់​សម្ភា​រៈបា​ល់​ទាត់​ដល់​សាលាបឋមសិក្សា​ចំនួន​១០០​សាលា​ទូទាំងប្រទេស​កម្ពុជា ដែល​សាលា​និ​មួយៗ​ទទួលបាន បង្គោល​ទី​២ ក្តារ​អម​តារាង​៤ បាល់​១០​គ្រាប់ អាវកាក់​៣០ និង​កោណ​ហាត់​បាល់​៤០​។ 
 
​គម្រោង​នេះ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​ជួយ​ឲ្យ​កុមារ​នៅ​កម្ពុជា​ស្រឡាញ់​វិស័យ​កីឡា ដែល​ស្របគ្នា​ជាមួយនឹង​ការប្តេជ្ញា​របស់ អេ អាយ អេ ក្នុង​ការជួយ​ឲ្យ​ប្រជាជន​ទទួលបាន​សុខភាព និង​ជីវិត​កាន់តែ​ប្រសើរ​។​
 
​គម្រោង​ទីលាន​បាល់ទាត់​១០០ ត្រូវបាន​ប្រកាស​តាំងពី​ខែមករា​ដើមឆ្នាំ​២០១៩ ក្នុង​ស្មារតី​អបអរ​ខួប​១០០​ឆ្នាំ​របស់​សម្ព័ន្ធ អេ អាយ អេ ដោយមាន​គោលបំណង​បរិច្ចាគ​សម្ភារៈ​បាល់ទាត់​ដល់​សាលាបឋមសិក្សា​ចំនួន​១០០​សាលា នៅ​ទូទាំងប្រទេស​កម្ពុជា​។ អតិថិជន អេ អាយ អេ បុគ្គលិក ទីប្រឹក្សា​ផែនការ​ជីវិត និង​សាធារណៈជន​ជាច្រើន​ទៀត បាន​ចូលរួម​ការអបអរ​នោះ ក្រោម​ប្រធានបទ​«១០០​ឆ្នាំ​ដើម្បី​ការប្តេជ្ញា​១» និង​ចូលរួម​លើកកម្ពស់​ការរស់នៅ​ដោយ​សកម្ម និង​ប្រកបដោយ​សុខភាព​កាន់តែ​ល្អ​។ ចាប់តាំងពី​ថ្ងៃ​នោះមក សម្ព័ន្ធ អេ អាយ អេ ទាំងមូល បានរៀបចំ​ព្រឹត្តិការណ៍​ជាច្រើន​ផ្សេងទៀត​ទូទាំង​ទីផ្សារ​ទាំង​១៨​របស់ខ្លួន ដើម្បី​អបអរ​ដំណើរ​អាជីវកម្ម​ពេញ​១០០​ឆ្នាំ ចាប់តាំងពី​ការកកើត​យ៉ាង​សាមញ្ញ​ដំបូង​នៅ​ទីក្រុង​សៀង​ហៃ រហូត​បាន​ក្លាយជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក​។ 


 
​លោកស្រី ខៀវ វរៈ​ច័ន្ទ នាយិកា​ផ្នែក​ទីផ្សារ​របស់ អេ អាយ អេ ខេ​ម​បូ​ឌា ដែល​ទទួលបន្ទុក​លើ​ដំណើរការ​គម្រោង​ទីលាន​បាល់ទាត់​១០០ បាន​មានប្រសាសន៍ថា «​ខួប​១០០​ឆ្នាំ​របស់​យើង មិន​ត្រឹមតែ​ប្រារព្ធ​ឡើង​ដើម្បី​ក្រឡេកមើល​លើ​ប្រវត្តិសាស្ត្រ​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ដើម្បី​សម្លឹង​ឆ្ពោះទៅរក​អនាគត ហើយ​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​យើង​ក្នុង​ការជួយ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​មានជីវិត​កាន់តែ​ប្រសើរឡើង​។ ដោយសារតែ​គំនិត​ផ្តួចផ្តើម​នៃ​គម្រោង​នេះ កុមារ​រាប់ពាន់នាក់​នៅ​ទូទាំង​កម្ពុជា​ទទួលបាន និង​អាច​ប្រើប្រាស់​សម្ភារៈ​បាល់ទាត់ ដែល​ធ្វើ​ឲ្យ​ខ្ញុំ និង​ក្រុមការងារ​ទាំងអស់​មាន​មោទនភាព​យ៉ាងខ្លាំង​»​។​
 
​ពិធី​ចែក​សម្ភារៈ​បាល់ទាត់​នៃ​គម្រោង​ទីលាន​បាល់ទាត់​១០០ ដ៏​ធំ និង​ចុង​ក្រោយនេះ ទទួលបាន​ការចូលរួម​ពី​អ្នកតំណាង​នៃ មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តសៀមរាប ព្រមទាំង​សិស្សានុសិស្ស អ្នកគ្រូ លោកគ្រូ នាយក នាយិកា​ជាច្រើន​នាក់​ដែល​ពីសា​លា​ចំនួន​១៤ នៅ​ខេត្តសៀមរាប និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ទីប្រឹក្សា​ផែនការ​ជីវិត អេ អាយ អេ  ថ្នាក់​គ្រប់គ្រង និង​បុគ្គលិក​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អម្រឹត ព្រមទាំង​សមាជិក​ក្រុម​អ្នកគាំទ្រ​នៅ​កម្ពុជា​ជា​ផ្លូវការ​សម្រាប់​ក្លិប​បាល់ទាត់ Tottenham Hotspur  ដែលជា​ដៃគូ​សកល​របស់ អេ អាយ អេ​។​
 
​លោកស្រី Pauline Teoh ថ្នាក់ដឹកនាំ​របស់ អេ អាយ អេ ខេ​ម​បូ​ឌា បាន​មានប្រសាសន៍ថា «​វា​ជា​ថ្ងៃ​ដ៏​រីករាយ​សម្រាប់​អ្នក​ទាំងអស់គ្នា​នៅ អេ អាយ អេ ខេ​ម​បូ​ឌា ដែល​យើង​បានសម្រេច​ដោយ​ជោគជ័យ​នូវ​គម្រោង​ទីលាន​បាល់ទាត់​១០០ ក្នុង​ខេត្តសៀមរាប​នេះ​។ ក្រុមការងារ​ទាំងអស់​របស់​យើង បាន​ខិតខំ​ធ្វើការ​រួមគ្នា​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​ធ្វើ​ឲ្យ​គម្រោង​នេះ​ក្លាយជា​ការពិត​។ ការជួយ​ផ្សព្វផ្សាយ​សារ​ដ៏​មាន​សារៈសំខាន់​សម្រាប់​ការ​រ​ស់​នៅ​ដោយមាន​សុខភាព​ល្អ និង​អំពី​ការចូលរួម​ក្នុង​វិស័យ​កីឡា គឺជា​ការងារ​ចម្បង​នៃ​បេសកកម្ម​របស់ អេ អាយ អេ​។ ដូច្នេះ​យើង​សង្ឃឹមថា​គម្រោង​នេះ នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​កុមារ​កម្ពុជា​តទៅ​មុខជា​ច្រើន​ឆ្នាំ​បន្ថែមទៀត​»​។​
 
​គម្រោង​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​កុមារ​រាប់ពាន់នាក់​នៅក្នុង​សាលាបឋមសិក្សា និង​សហគមន៍​របស់​ពួកគេ​នៅ​ទូទាំងប្រទេស ដែល​នេះ​បន្ត​ជំរុញ​ឲ្យ អេ អាយ អេ ខេ​ម​បូ​ឌា នៅតែ​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​ការជួយ​យុវជន​កម្ពុជា​ឲ្យ​ចាប់យក​បែបផែន​រស់នៅ​ប្រកបដោយ​សុខភាព និង​ជីវិត​កាន់តែ​ប្រសើរ​៕ 






 
​(អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 MSA
© រក្សាសិទ្ធិដោយ thmeythmey.com