អន្តរជាតិ
តេ​ឡេ​ក្រា​ហ្វ​៖ ប្រព័ន្ធ​ទំនាក់ទំនង​ឆ្លង​ទ្វីប​សម្រាប់​មនុស្ស​នា​ឆ្នាំ​១៨០០
13, Jul 2019 , 7:39 pm        
រូបភាព
រូបភាព៖ History.com
រូបភាព៖ History.com
​ក្នុងពេល​សម័យ​បច្ចេកវិទ្យា​កាន់តែ​ទំនើប ការឆ្លើយ​ឆ្លង ចែកចាយ និង​ការផ្ទុក​ទិន្នន័យ​ត្រូវបាន​គេ​ធ្វើឡើង​យ៉ាង​ឆាប់រ​ហ័យ​តាមរយៈ​ខ្សែ​អ៊ីនធឺណិត​ក្រោម​សមុទ្រ ឬ​ប្រព័ន្ធ​ផ្កាយរណប​ជាដើម​។ ប៉ុន្តែ​កាលពី​ជិត ២០០​ឆ្នាំមុន គេ​ក៏​អាច​ទំនាក់ទំនង​គ្នា​ឆ្លង​ទ្វីប​បាន​ដូចគ្នា​ដែរ តាមរយៈ​ប្រព័ន្ធ​តេ​ឡេ​ក្រា​ហ្វ​។

 
 
​គេហទំព័រ history.com បាន​ពន្យល់ថា លោក Samuel Morse (១៧៩១-១៨៧២) និង​អ្នកវិទ្យាសាស្ត្រ​ស្រាវជ្រាវ​ជាច្រើន​នាក់​ទៀត​បាន​បង្កើត​ប្រព័ន្ធ​តេ​ឡេ​ក្រា​ហ្វ (Telegraph) ដើម្បី​បម្រើការ​ទាក់ទង​គ្នា​ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ និង​ប្រើ​ពេលវេលា​ខ្លី​។ 
 
​លោក​បាន​ប្រើប្រាស់​ប្រព័ន្ធ​ខ្សែកាប ដែល​រត់​ដោយ​ចរន្ត​អគ្គីសនី​។ ភាសា «Morse Code» ក៏ត្រូវ​បាន​គេ​បង្កើតឡើង​សម្រាប់​ការទាក់ទង​តាម​ខ្សែកាប​នេះដែរ​។ Morse Code ជា​ភាសា​បច្ចេកទេស​មួយ​ដែល​ប្រើប្រាស់​សញ្ញា​ចំនួន​ពីរ​គឺ សញ្ញា​ចុច (.) និង​សញ្ញា​ត្រេ (-)​។ ដោយ​ផ្គុំ​ឲ្យ​នៅ​ទីតាំង​ខុសៗ​គ្នា គេ​អាច​ប្រើ​សញ្ញា​ទាំងពីរ​នេះ​ក្នុងការ​តំណាង​ឲ្យ​តួរ​អក្សរ​នីមួយៗ​បាន​។ 
 
​គេ​ប្រើ​សញ្ញា​ទាំងនេះ​ដោយ​បកប្រែ​មកជា​ភាសា​ធម្មតា​វិញ​។ ក្នុង​១៨៤៤ លោក Samuel Morse បាន​ផ្ញើ​អក្សរ​តាម​តេ​លេ​ក្រា​ហ្វ​ដំបូង​គេ​ពី​ទីក្រុង វ៉ាស៊ីនតោន ទៅកាន់​ទីក្រុង​បាល់​ទី​ម័​រ​នៃ​រដ្ឋ​ម៉ា​រី​លេន​។ ដោយ​ឃើញ​ពី​ភាព​អស្ចារ្យ​របស់​វា អ្នកវិនិយោគ​ជាច្រើន​បាន​ចាប់អារម្មណ៍ ហើយក៏​វិនិយោគ​លើ​បច្ចេកវិទ្យា​ថ្មី​មួយ​នេះ​។​
 
នៅ​ឆ្នាំ​១៨៦៦ ខ្សែកាប​តេ​ឡេ​ក្រា​ហ្វ​ដំបូង​គេ​ដែល​ឆ្លងកាត់​មហាសមុទ្រ​អា​ត្ល​ង់​ទិច​ត្រូវបាន​គេ​ដាក់​ឲ្យ​ដំណើរការ​រវាង​ឆ្នេរ​ខាងកើត​របស់​ទ្វីបអាមេរិក​ខាងជើង និង​ប្រទេស​ក្នុង​ទ្វីបអឺរ៉ុប​ខាងលិច​។ ដូចនេះ ការផ្ញើ​ទិន្នន័យ​ប្រើប្រាស់​ពេលវេលា​យ៉ាងខ្លី ជាង​ពេលមុន​ដែល​គេ​ត្រូវ​ផ្ញើ​សំបុត្រ​តាម​
​កប៉ាល់​អស់​រយៈពេល​ជាច្រើន​សប្តាហ៍​។ 
 
​ចាប់ពី​ឆ្នាំ​១៨៦៦ មកដល់​ឆ្នាំ​១៩៤០ មាន​ខ្សែកាប​តេ​ឡេ​ក្រា​ហ្វ​ប្រមាណ​សរុប​៤០​ខ្សែ​ដែល​គេ​បាន​បំពាក់​នៅក្រោម​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​។ 
​លោក Samuel Morse ដែលជា​អ្នកមាន​កិត្តិនាម​ក្នុងការ​ផលិត​ប្រព័ន្ធ​ទំនាក់ទំនង​ដំបូង​មួយ​នេះ​បាន​ស្លាប់​ក្នុង​ឆ្នាំ​១៨៧២ ក្នុង​អាយុ​៨០​ឆ្នាំ ឯ​ទីក្រុង​ញ៉ូ​យក​។ 
 
​ចំណែក ប្រព័ន្ធ​តេ​ឡេ​ក្រា​ហ្វ​កាន់តែ​ចុះថយ​ប្រជាប្រិយភាព​បន្តិច​ម្តងៗ ដោយសារ​បច្ចេកវិទ្យា​ថ្មីៗ​ជាច្រើន​ទៀត​បាន​បង្ហាញខ្លួន​ឡើង​នៅក្នុង​ទីផ្សារ​ពិភពលោក ចាប់ពី​សង្គ្រាមលោកលើកទី​ពីរ​បិទ​បញ្ចប់ទៅ​ឆ្នាំ ១៩៤៥៕

Tag:
 ប្រព័ន្ធ​ទំនាក់ទំនង​
  តេ​ឡេ​ក្រា​ហ្វ​
© រក្សាសិទ្ធិដោយ thmeythmey.com