ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សុខភាព
មន្ត្រី​សុខាភិបាល ចង់ឃើញ​ពលរដ្ឋ​ជួយ​ទប់ស្កាត់​ការប្រើប្រាស់​ឱសថ​ក្លែងក្លាយ​
13, Jul 2019 , 8:19 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកក្រសួងសុខាភិបាល
រូបភាពពីហ្វេសប៊ុកក្រសួងសុខាភិបាល
​សៀមរាប​៖ ប្រទេស​កម្ពុជា កំពុង​ប្រឈម​នឹង​ការ​ចរាចរណ៍​ឱសថ​អន់​គុណភាព ឬ​ឱសថ​ក្លែងក្លាយ​។ បញ្ហា​នេះ ក៏​កើតមាន នៅតាម​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​ផងដែរ​។ កាលពីពេល​កន្លងទៅ ក្រសួងសុខាភិបាល​កម្ពុ​ជា បាន​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​មួយ​ស្ដីពី ការទប់ស្កាត់​ឱសថ​ក្លែងក្លាយ ក្នុង​កម្រិត​ថ្នាក់​តំបន់​អាស៊ាន​។ កិច្ចប្រជុំ​នេះ ធ្វើឡើង​ដើម្បី​ចែករំលែក​បទពិសោធន៍ ការគ្រប់គ្រង និង​វិធានការ​ដោះស្រាយ ក្នុងការ​ចរាចរណ៍​ឱសថ​ក្លែងក្លាយ ពី​បណ្ដា​ប្រទេស​ជា​សមាជិក​។ មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​កម្ពុជា អះអាងថា ការងារ​ប្រយុទ្ធប្រឆាំង​ការប្រើប្រាស់​ឱសថ​ក្លែងក្លាយ​ឬ​ឱសថ​អន់​គុណភាព នេះ ត្រូវការ​ការចូលរួម​ជា​ចាំបាច់ ពី​ប្រជាពលរដ្ឋ​។​

 
 
​ដើម្បី​ជ្រាប​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី នៃ​សារព័ត៌មាន​ថ្មីៗ ពី​ខេត្តសៀមរាប​ដូចតទៅ​៖




 
​រូបភាព​ដុតបំផ្លាញ​ឱសថ​ក្លែងក្លាយ ឬ​គ្មាន​ច្បាប់​អនុញ្ញាត ត្រូវបាន​អាជ្ញាធរ​កម្ពុជា​រៀបចំ​ជាច្រើនលើក​ច្រើនសារ​មក​ហើយ ដើម្បី​បញ្ជាក់​ពី​លទ្ធផល ដែល​ខ្លួន​បាន​ចូលរួម​ក្នុងការ​ប្រយុទ្ធប្រឆាំង យ៉ាងខ្លាំង​ក្លា លើ​បញ្ហា​ដ៏រ​ស៊ើប​នេះ​។ ជា​ប្រទេស​កំពុងអភិវឌ្ឍន៍ កម្ពុ​ជាមាន​ការផលិត​ឱសថ​ក្នុងស្រុក​បាន​មួយផ្នែក​តូច​ប៉ុណ្ណោះ ហើយ​ពឹងផ្អែក​ស្ទើរតែ​ទាំងស្រុង លើ​ឱសថ​នាំចូល​ពី​បរទេស​។ មូលហេតុ​ដូច្នេះហើយ ទើប​កម្ពុជា​ក្លាយជា​គោលដៅ​មួយ សម្រាប់​ក្រុម​ឈ្មួញ​ខិលខូច ប្រើប្រាស់​កម្ពុជា ជាទី​តាំង​នាំចូល និង​ចែកចាយ​ឱសថ​ក្លែងក្លាយ ឬ​អន់​គុណភាព​។ ឱសថ​ក្លែងក្លាយ ឬ​អន់​គុណភាព​នេះ មិនបាន​ជួយ​ព្យាបាល​ជំងឺ​ប្រជាពលរដ្ឋ​នោះទេ ផ្ទុយទៅវិញ វា​បង្ក​ជា​គ្រោះថ្នាក់​ដល់​សុខភាព ក៏ដូចជា​ខាតបង់​ចំណូល ដ៏​ច្រើនសន្ធឹក​។​
 
​កាលពីដើម​ខែកក្កដា ឆ្នាំ​២០១៩ ក្រសួងសុខាភិបាល​កម្ពុ​ជា បាន​ធ្វើជា​ម្ចាស់ផ្ទះ ក្នុង​កិច្ចប្រជុំ​ថ្នាក់​អាស៊ាន ស្ដីពី​ការទប់ស្កាត់​ឱសថ​ក្លែងក្លាយ ដែល​រៀបចំ​នៅ​ខេត្តសៀមរាប​។ មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​កម្ពុជា បាន​ទទួលស្គាល់ថា មានការ​ចរាចរណ៍​ឱសថ​ក្លែងក្លាយ​នៅ​កម្ពុជា ប៉ុន្តែ​មន្ត្រី​ដដែល បាន​ការពារ​ខ្លួន​ភ្លាម​ថា បញ្ហា​នេះ ក៏​កើតមាន​ដូចគ្នា​នៅ​ប្រទេស​សមាជិក​អាស៊ាន​ដទៃទៀត​ដែរ​។​
 
​លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លើកឡើងថា បញ្ហា​ឱសថ​ក្លែងក្លាយ​នេះ មិនមែនជា​កង្វល់​សម្រាប់​តែ​កម្ពុជា​នោះទេ តែ​ជា​កង្វល់​រួម​សម្រាប់​ប្រទេស​អាស៊ាន​ទាំងមូល និង​ប្រទេស​៣​ទៀត​មាន​ចិន កូរ៉េ និង​ជប៉ុន​ផងដែរ​។ លោកស្រី​បន្តថា បំណង​សំខាន់​នៃ​ជំនួប​នេះ គឺ​ដើម្បី​ចែករំលែក​បទពិសោធន៍ ការជជែក​គ្នា ស្វែងរក​ចំណុចរួម​សំខាន់ៗ ដើម្បី​លើក​ជា​សេចក្ដីថ្លែងការណ៍​រួម ដាក់​ទៅ​អង្គប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន លើ​បញ្ហា​ឱសថ​ក្លែងក្លាយ​នេះ ដែល​កិច្ចប្រជុំ​គ្រោង​ធ្វើ​នៅ​ចុងខែ សីហា ខាងមុខ ហើយ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ ជាមួយគ្នានេះដែរ កិច្ចប្រជុំ​នេះ នឹង​រិះរក​គំនិត​រួមមួយ ដើម្បី​ធ្វើការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក លើ​ការប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ​នេះ​ផងដែរ​។​
 
​សម្រាប់​ការងារ​ប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ​នេះ តាម​ការបញ្ជាក់ ពី​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល មន្ត្រី​ពាក់ព័ន្ធ​បានធ្វើការ​យ៉ាងសកម្ម និង​ដុតដៃដុតជើង ហើយ​ជា​លទ្ធផល​ក្រសួង បាន​ចុះបញ្ជី​កា នូវ​ឱសថ​ប្រើប្រាស់​ជាង ២​ម៉ឺន​មុខ និង​ប្រភេទ​គ្រឿងសំអាង ជាង​១​ម៉ឺន​មុខ រួម​នឹង​សម្ភារ បរិក្ខារ​ជាច្រើន​ទៀត​។ ដ្បិតថា ការងារ​នេះ ទទួលបាន​លទ្ធផល​ច្រើនយ៉ាង​ណាក៏ដោយ ក្នុងនោះ​ក៏​នៅមាន​ជនខិលខូច​មួយចំនួន លួចលាក់​ចរាចរណ៍​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​នេះ​នៅ​កម្ពុជា​។ យ៉ាងណាក៏ដោយ តាមរយៈ​គណៈកម្មាធិកា​រ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ លោកស្រី ឱ វណ្ណឌី​ន  ជឿជាក់ថា នឹង​ជួយ​ទប់ស្កាត់​ការ​ចរាចរណ៍​នេះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។​
 
​លោកស្រី ឱ វណ្ណឌី​ន លើកឡើងថា​ការងារ​ទប់ស្កាត់​បញ្ហា​ឱសថ​ក្លែងក្លាយ ជា​កិច្ចការ​មួយ​ដែល​ពិបាក ព្រោះ​តម្រូវឱ្យមាន​ការចូលរួម​ពី​ផ្នែក​ពាក់ព័ន្ធ​ច្រើន ទាំង​ផ្នែក​ច្បាប់ តម្រូវការ​នៃ​ការអនុវត្ត​នៃ​នីតិវិធី​ច្បាប់ ពង្រឹង​ការយល់ដឹង​និង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ពីអ្វី​ទៅជា​ឱសថ​ក្លែងក្លាយ​និង​អន់​គុណភាព​។ ការចូលរួម​របស់​ប្រជាពលរដ្ឋ​គឺជា​កត្តា​សំខាន់បំផុត​។ ការផ្សព្វផ្សាយ​ផលិតផល​តាម​ប្រព័ន្ធ​អន​ឡាញ ក៏​រិត​តែ​ពិបាក​ទៀត​សម្រាប់​អ្នក​អនុវត្តន៍​ច្បាប់ ព្រោះ​វា​មាន​ភាព​សុំា​ញុំ​ា និង​ពិបាក​រក​ប្រភព​របស់​វា​។ លោកស្រី ឱ វណ្ណឌី​ន  គាំទ្រ​ចំពោះ​ច្បាប់​គ្រប់គ្រង​ប្រព័ន្ធ​អ៊ីនធឺណិត នៅ​កម្ពុជា ព្រោះ​ច្បាប់​នេះ អាចឱ្យ​រឹតបន្ដឹង​ការផ្សព្វផ្សាយ​នេះ​បាន​។​
 
​មាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​នៅ​ខេត្តសៀមរាប​ដែរ តំណាង​អង្គការ​សុខភាព​ពិភពលោក ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ខាងលិច លោកស្រី សូ​កូ​រ៉ូ អេ​ស្ដា​លេន​តេ បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចប្រជុំ​ដ៏​មាន​សារសំខាន់​នេះ​។ លោកស្រី​ថា ការនាំគ្នា​ប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព ជា​រឿង​ដ៏​ត្រឹមត្រូវ​មួយ ព្រោះ​ឱសថ​ទាំងនេះ បង្ក​ជា​មហន្តរាយ​ធ្ងន់ធ្ងរ ដល់​មនុស្សជាតិ​។ ក្រៅពី​មិន​ជួយ​ព្យាបាល​ជំងឺ​ហើយ ឱសថ​ប្រភេទ​នេះ ប៉ះពាល់​ទាំង​សុខភាព​អ្នកប្រើប្រាស់​ធ្ងន់ធ្ងរ ហើយ​ធ្វើ​ឲ្យ​ខាតបង់​ថវិកា​ជាច្រើន​ផងដែរ​។ 
 
​ក្នុង​ការងារ​ជួយ​ប្រទេស​ជា​សមាជិក​អាស៊ាន ប្រយុទ្ធ​ប្រឆាំងនឹង​ការងារ​ទាំងនេះ អង្គការ​សុខភាព​ពិភពលោក បាន​បង្កើត​យន្តការ​រួម​មួយ ក្នុងនោះ ប្រទេស​ទាំងអស់ ត្រូវ​រាយការណ៍​ពី​វត្តមាន ឬ​ការសង្ស័យ​ណាមួយ ទៅលើ​ឱសថ​ក្លែងក្លាយ​។ បន្ទាប់មក​អង្គការ​នេះ នឹង​រាយការណ៍​តាម​ប្រព័ន្ធ​អន​ឡាញ​មួយ ទៅកាន់​បណ្ដា​ប្រទេស​នានា​ជុំវិញ​ពិភពលោក​។ តាម​ការបញ្ជាក់​ពី​លោកស្រី សូ​កូ​រ៉ អេ​ស្ដា​លេន​តេ អង្គការ​សុខភាព​ពិភពលោក នឹង​បន្ត​ជួយ​ប្រទេស​អាស៊ាន ក្នុង​ការរៀបចំ​នីតិវិធី​ច្បាប់​ដើម្បី​អនុវត្តន៍​ឱ្យ​ខ្លាំងក្លា ប្រយុទ្ធ​ប្រឆាំងនឹង​ឱសថ​ក្លែងក្លាយ​នេះ​។ បច្ចុប្បន្ន មាន​ប្រទេស​មួយចំនួន​បាន​ដំណើរ​ការច្ចាប់​ប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ​នេះ​ជា​បណ្ដើរៗ​ហើយ​ដែរ​។​
 
​ដើម្បី​ទប់ស្កាត់​ការប្រើប្រាស់​ឱសថ​ក្លែងក្លាយ​ឱ្យមាន​ប្រសិទ្ធភាព អ្នកនាំពាក្យ​ក្រសួងសុខាភិបាល យល់ថា មានតែ​ប្រជាពលរដ្ឋ​ទេ​ដែល​ចាំបាច់​ត្រូវ​ចូលរួម ដូចជា​ប្រឆាំង​ក្នុងការ​ប្រើប្រាស់​ឱសថ​ទាំងនោះ​ជាដើម​។ ចំណែក​ជនខិលខូច ដែល​កំពុង​ចរាចរណ៍​លក់​ឱសថ​ទាំងនេះ មន្ត្រី​ក្រសួងសុខាភិបាល​លើកទឹកចិត្ត​ឱ្យទៅ​ចុះបញ្ជី​កា​ត្រឹមត្រូវ​ស្របតាម​ផ្លូវច្បាប់ ជៀសវាង​មានការ​ដាក់ទណ្ឌកម្ម​ណា​មួយ​៕
 

Tag:
 ឱសថ​ក្លែងក្លាយ​
 ​ឱសថ​
 ​ឱ វណ្ណឌី​ន​
 ​សុខាភិបាល​
© រក្សាសិទ្ធិដោយ thmeythmey.com