ពីនេះ ពីនោះ
«​ចាន​ក្នុង​រាវ​គង់តែ​នឹង​រណ្ដំ​គ្នា​», តើ​គេ​ត្រូវធ្វើ​ដូចម្តេច​កុំ​ឲ្យ​ចាន​បែក​?
14, Jul 2019 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ៖ ដោយ​ពិនិត្យឃើញថា​នៅក្នុង​តថភាប​សង្គម រាប់​ចាប់ពី​សង្គម​គ្រួសារ សហគមន៍ ស្ថាប័នរដ្ឋ​និង​ឯកជន ប្រទេស និង​តំបន់​នីមួយៗ​តែងតែ​កើតឡើង​នូវ​ជម្លោះ ឬ​ការប៉ះទង្គិច​គ្នា​ជារឿយៗ​ដោយ​ជៀស​មិន​រួច ទើប​បុព្វ​បរុស​ខ្មែរ​បានលើកឡើង​នូវ​គំនិត​ទស្សនវិជ្ជា​មួយ​ដែល​បង្កប់​នៅក្នុង​សុភាសិត​ខ្មែរ​មួយ​ដែល​ចែងថា​«​ចាន​ក្នុង​រាវ​គង់តែ​នឹង​រណ្ដំ​គ្នា​»​។ តើ​សុភាសិត​នេះ មាន​អត្ថន័យ​ដូចម្ដេច​? ហើយ​វា​មាន​បង្កប់​ខ្លឹមសារ​អប់រំ​អ្វីខ្លះ​?

 
​មុននឹង​បកស្រាយ​សុភាសិត​នេះ យើង​គប្បី​យល់ដឹង​នូវ​ពាក្យ​គ​ន្លឺះ​មួយចំនួន​ដូចខាងក្រោម​។ «​រាវ​» ឧបករណ៍​ឬ​ប្រដាប់​ធ្វើ​ដោយ​បន្ទោះ​ត្បាញ​ជា​ក្រឡា ឬ​ដោយ​ក្រង​បន្ទះ​រនាប​ជាដើម​(​ក្នុងសម័យ​បុរាណ​) ក្នុងសម័យ​ទំនើប រាវ​គេ​អាចធ្វើ​ពី​ប្លា​ស្ទីក ឬ​លោហៈ សម្រាប់​ផ្កាប់​ចាន ស្លាបព្រា សម ច​ង្គឹះ ជាដើម ។ «​គង់តែ​» មានន័យថា មុខតែ ប្រាកដជា មុខជា​។ «​រណ្ដំ​» មានន័យថា ដំ​គ្នា​រឿយៗ ប៉ះ​ឬ​ទង្គិច​គ្នា​ដូច​គេ​ដំ​រឿយៗ​។  
 
​ក្នុងន័យ​ត្រង់​«​ចាន​ក្នុង​រាវ​គង់តែ​នឹង​រណ្ដំ​គ្នា​» មានន័យថា ចាន​ជាច្រើន​ដែល​គេ​ដាក់​ក្នុង​រាវ​តែមួយ និង​មានការ​រើរុះ​រៀងរាល់ថ្ងៃ​គង់តែ​នឹង​ប៉ះគ្នា ឬ​ទង្គិច​គ្នា​ជា​ប្រក្រតី​ដោយ​ចៀស​មិន​រួច ដែល​វា​អាច​បង្កឱ្យមាន​ស្នាម​ប្រេះ ស្រាំ ឆែបមាត់ ឬ​បែក​ទាំង​ស្រុក ជាដើម​។ ក្នុងន័យនេះ បុព្វបុរស​ខ្មែរ​ចង់​អប់រំ​កូនចៅ​របស់ខ្លួន​ឱ្យ​ស្គាល់​ការណ៍​ពិត និង​ព្រម​ទទួលយក​ការណ៍​ពិត​ដែល​តែងតែ​កើតឡើង​នៅក្នុង​រាវចាន​។ គំនិត​នេះ ក៏​គេ​អាច​យកទៅ​ប្រើ​ចំពោះ​របស់​អ្វីមួយ ដែល​ត្រូវបាន​គេ​ដាក់ចូល​រូ​ម​គ្នាច្រើន​ដូចជា​ចាន​ដូច្នោះ​ដែរ​។ ប៉ុន្តែ ទស្សនៈ​នេះ ក៏​មិន​លើកទឹកចិត្ត​ឱ្យ​ប្រជាជន​ខ្មែរ​មាន​ភាព​ខ្ជីខ្ជា​ក្នុងការ​រៀបចំ​រាវចាន និង​ការ​រើរុះ​ចាន​យកមកប្រើ​ប្រាស់​នោះទេ​។ បុព្វបុរស​ខ្មែរ​គ្រាន់តែ​ចង់​ប្រាប់ថា ហេតុការណ៍​វា​តែងតែ​កើតឡើង​ដូច​បាន​រៀន​រាប់​ខាងលើ​ដោយ​ចៀស​ពុំរួច​។ ដូច្នេះ ក្នុងការ​រៀបចំ​រាវចាន និង​ការ​រើរុះ​ចាន​យកមកប្រើ​ប្រាស់​ត្រូវតែ​ប្រុងប្រយ័ត្ន​ខ្ពស់​តាម​ដែល​អាចធ្វើ​ទៅបាន​។ ហើយ​ប្រសិនបើ​នរណាម្នាក់​ក្នុង​គ្រួសារ​របស់ខ្លួន​បានធ្វើឱ្យ​ចាន​ឆែប ប្រេះ ស្រាំ ឬ​បែក ក៏​មិនគួរ​ប្រកាន់ទោស ដាក់​កំហុស​ធ្ងន់ បង្ក​ជា​ជម្លោះ ឬ​ហិង្សា​ដែរ​។​
 
​ក្នុង​ន័យធៀប «​រាវចាន​» អាច​ប្រដូច​ទៅនឹង​គ្រួសារ ក្រុមមនុស្ស សហគមន៍ ស្ថាប័ន ឬ​រដ្ឋ​មួយ​។ ក្នុងន័យនេះ «​ចាន​ក្នុង​រាវ​គង់តែ​នឹង​រណ្ដំ​គ្នា​» មានន័យថា ក្នុង​ការរស់នៅ​ជាមួយគ្នា ការប្រាស្រ័យ​ទាក់ទង​គ្នា ការបំពេញ​ការងារ​ជាមួយគ្នា ឬ​ក្នុង​អន្តរ​កម្ម​សង្គម​ទូទៅ តែងតែ​កើតឡើង​នូវ​ការខ្វែងគំនិត​គ្នា ជំនា​ស់ ឬ​ការប៉ះទង្គិច​គ្នា​តិច​ឬ​ច្រើន​ដែល​ស្ទើរតែ​ចៀស​ពុំរួច​។ ហេតុនេះ មនុស្ស​ទាំងអស់ ទាំង​កម្រិត​គ្រួសារ ក្រុម សហគមន៍ សង្គម និង​រដ្ឋ ត្រូវតែ​យល់ដឹង​និង​ទទួលយក​នូវ​សច្ចភាព​នៃ​តថភាព​នេះ​។              
 
​គោលបំណង​ក្នុងន័យនេះ មិនមែន​លើកទឹកចិត្ត​ឱ្យ​យើង​ត្រូវតែ​ប្រឆាំង​គ្នា ឈ្លោះ​គ្នា ឬ​ប្រទូសរ៉ាយ​គ្នា​នោះទេ ប៉ុន្តែ ចង់ឱ្យ​មនុស្ស​ម្នាក់ៗ​ទទួលស្គាល់​ការណ៍​ពិត​ដែលថា ក្នុង​ការរស់នៅ​ជាមួយគ្នា ការប្រាស្រ័យ​ទាក់ទង​គ្នា ការបំពេញ​ការងារ​ជាមួយគ្នា ឬ​ក្នុង​អន្តរ​កម្ម​សង្គម​ទូទៅ មិនអាច​គេចផុត​ពី​ការខ្វែងគំនិត​គ្នា ជំនា​ស់ ឬ​ការប៉ះទង្គិច​គ្នា​បានឡើយ​។ ហេតុនេះ យើង​មិនត្រូវ​គិតថា ការខ្វែងគំនិត​គ្នា ជំនា​ស់ ឬ​ការប៉ះទង្គិច​គ្នា គឺ​រឿង​ដែល​អាច​ទប់​បាន​១០០% និង​ជា​រឿង​ចម្លែក ដែល​ត្រូវ​ប្រើ​ហិង្សា​ដើម្បី​បង្ក្រាប ឬ​ដោះស្រាយ​នោះទេ​។​
 
​វិធី​ដែល​ល្អ គឺ​យើង​ត្រូវតែ​ទទួលយក​ការណ៍​ពិត​នោះ ព្យាយាម​កាត់បន្ថយ​ការខ្វែងគំនិត​គ្នា ជំនា​ស់ ឬ​ការប៉ះទង្គិច​គ្នា​ឱ្យនៅ​តិច​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន និង​រួមគ្នា​ត្រូវ​ដោះស្រាយ​ដោយ​សន្តិវិធី ដោយ​ផ្អែកលើ​គោលការណ៍​សីលធម៌ ច្បាប់ និង​គតិបណ្ឌិត ទាំង​ជម្លោះ​ក្នុង​គ្រួសារ ជម្លោះដីធ្លី ជម្លោះ​ពាណិជ្ជកម្ម និង​ជម្លោះ​នយោបាយ ជាដើម​។ ប្រសិនបើ​យើង​អាចធ្វើ​បែបនេះ​បាន នោះ​សង្គម​របស់​យើង​នឹង​រស់នៅ​ដោយ​សន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ យុត្តិធម៌ ការអភិវឌ្ឍ និង​សុខដុមភាព​៕       
 
​ដោយ​សាស្ត្រាចារ្យ ឈ​ត ប៊ុន​ថង​
 
 

Tag:
 សុភាសិត
© រក្សាសិទ្ធិដោយ thmeythmey.com