សុខភាព
អន្តរជាតិ
ការសិក្សា​នៅ​បារាំង​៖ ការបរិភោគ​ភេសជ្ជ​ជាតិ​ស្ករ មាន​ហានិភ័យ​ខ្ពស់​នឹង​កើត​មហារីក
14, Jul 2019 , 8:59 am        
រូបភាព
ដោយ:
​ការ​ទទួលទាន​ភេសជ្ជ​មាន​ជាតិ​ស្ករ​ច្រើន ដូចជា ទឹក​សូ​ដា និង​ទឹក​ផ្លែឈើ​ច្របាច់ មាន​ហានិភ័យ​ខ្ពស់​នឹង​បង្ក​ទៅជា​ជំងឺមហារីក​ប្រភេទ​ច្បាស់លាស់​។ នេះ​បើតាម​ការសិក្សា​មួយ​នៅ​បារាំង ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែកក្កដា ឆ្នាំ​២០១៩ ។

 
​ការបរិភោគ​ភេសជ្ជ​មាន​ជាតិ​ស្ករ មាន​ភាព​ពេញនិយម​ជាខ្លាំង​នៅ​ទូទាំង​ពិភពលោក ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ ហើយ​ភេសជ្ជ​ដែលមាន​កម្រិត​កាឡូរី​ខ្ពស់ កន្លងទៅ ធ្លាប់​ត្រូវបាន​អ្នកស្រាវជ្រាវ​រកឃើញថា មាន​ហានិភ័យ​ខ្ពស់​នឹង​បង្ក​ទៅជា​ការ​ធាត់​ជ្រុល ដែល​ត្រូវបាន​ទទួលស្គាល់ថា​ជា​កត្តា​ចម្បង​មួយ​នៃ​ការ​ឈានដល់​ការកើត​ជំងឺមហារីក​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP អ្នកស្រាវជ្រាវ​មួយក្រុម​ក្នុងប្រទេស​បារាំង មានបំណង​វាយតម្លៃ​លើ​ភាពទាក់ទង​គ្នា​រវាង ការ​ទទួលទាន​ភេសជ្ជ​មាន​ជាតិ​ស្ករ និង​ហានិភ័យ​នៃ​ជំងឺមហារីក​ជារួម ក៏ដូចជា ប្រភេទ​នៃ​ជំងឺមហារីក រួមមាន មហារីក​សុដន់ ប្រូ​ស្តា​ត និង​ពោះវៀន​ជាដើម​។ 
 
​ក្រុម​អ្នកស្រាវជ្រាវ​ទាំងនោះ បាន​ស្ទង់​មតិ​លើ​មនុស្សពេញវ័យ​ច្រើនជាង ១០​ម៉ឺន​នាក់ ដែលមាន​អាយុ​ជា​មធ្យម ៤២​ឆ្នាំ ហើយ​៤២,៧៩​ភាគរយ​នៃ​ពួកគេ គឺជា​មនុស្ស​ស្រី​។ អ្នកចូលរួម​ទាំងអស់​នោះ ដែល​ត្រូវបាន​គេ​តាមដាន​រយៈពេល ៩ ឆ្នាំ បានបញ្ចប់​ការសាកសួរ​ទាក់ទង​នឹង​របប​អាហារ​ប្រចាំថ្ងៃ​តាម​ប្រព័ន្ធ​អន​ឡាញ ដែលមាន​រយៈពេល​២៤​ម៉ោង យ៉ាងហោចណាស់​ចំនួន ២​លើក​ដែល​គណនា​លើ​ការ​ទទួលទាន​ប្រចាំថ្ងៃ​របស់​ពួកគេ​ចំពោះ​ភេសជ្ជ​មាន​ជាតិ​ស្ករ​ក៏ដូចជា​ទឹក​ផ្លែឈើ​ច្របាច់ ១០០​ភាគរយ​ផងដែរ​។ 
 
​ក្រោយពី​វាយតម្លៃ​រួចរាល់ ក្រុម​អ្នកស្រាវជ្រាវ បាន​រកឃើញថា ការបរិភោគ​ភេសជ្ជ​មាន​ជាតិ​ស្ករ​ត្រឹម​បរិមាណ ១០០ មី​លី​លីត្រ​ក្នុង​មួយថ្ងៃ បង្កើន​ហានិភ័យ​នៃ​ការបង្ក​ទៅជា​ជំងឺមហារីក​ដល់​ទៅ ១៨​ភាគរយ និង​២២​ភាគរយ​សម្រាប់​ជំងឺមហារីក​សុដន់​។ ទាំង​ភេសជ្ជ​មាន​ជាតិ​ស្ករ​ច្រើន និង​ទឹក​ផ្លែឈើ​ច្របាច់ សុទ្ធ​តែមាន​ហានិភ័យ​ខ្ពស់​ស្រដៀង​គ្នា ក្នុងការ​បង្ក​ទៅជា​ជំងឺមហារីក​។​
 
​ក្នុងអំឡុងពេល​ការអង្កេត​លើ​មនុ​ស្សទាំង​១០​ម៉ឺន​នាក់​ក្នុង​រយៈ​៩​ឆ្នាំនេះ ក្រុម​អ្នកស្រាវជ្រាវ បាន​រកឃើញថា ជំងឺមហារីក​ចំនួន ២១៩៣ ករណី បានកើត​ឡើង ហើយ​អាយុ​ជា​មធ្យម​នៃ​ការកើត​ជំងឺ​នេះ គឺ​ស្ថិតក្នុង​វ័យ ៥៩​ឆ្នាំ​។​
 
​ដោយឡែក ក្នុងការ​ពិសោធ​មួយ​ដោយ​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia លើ​ភេសជ្ជ​មាន​ជាតិ​ស្ករ​បរិមាណ ៥០០​មី​លី​លីត្រ ភេសជ្ជ​ដែល​កំពុង​ពេញនិយម​ក្នុងចំណោម​មនុស្សពេញវ័យ ក៏មាន​កម្រិត​ជាតិ​ស្ករ​ខ្ពស់​ដែរ​។ តែ​បៃតង Jasmine ផ្លែឈើ​ស្រស់ មាន​ផ្ទុក​ជាតិ​ស្ករ ៨,៥ ស្លាបព្រា​កាហ្វេ ឬ​ស្មើនឹង ៤២​ក្រាម​, តែ​បៃតង ផ្លែឈើ Passion មាន​ផ្ទុក​ជាតិ​ស្ករ ៨,៥ ស្លាបព្រា​កាហ្វេ ឬ​ស្មើ​នឹ​ឹ​ង ៤៣​ក្រាម​, តែ​ទឹក​ត្រឡាច មាន​ផ្ទុក​ជាតិ​ស្ករ ១៦ ស្លាបព្រា​កាហ្វេ ឬ​ស្មើនឹង ៨០​ក្រាម​, តែ​ទឹកដោះគោ មាន​ផ្ទុក​ជាតិ​ស្ករ ១៨,៥ ស្លាបព្រា​កាហ្វេ ឬ​ស្មើ​នឹង ៩២,៥​ក្រាម និង​តែ​គុជ​ទឹកដោះគោ មាន​ផ្ទុក​ជាតិ​ស្ករ ២០,៥ ស្លាបព្រា​កាហ្វេ ឬ​ស្មើនឹង ១០២,៥​ក្រាម​៕
 

Tag:
 បារាំង
 ​ការសិក្សា​
  ជាតិ​ស្ករ​
  មហារីក​
© រក្សាសិទ្ធិដោយ thmeythmey.com