ជាតិ
បទយកការណ៍ / បទសម្ភាសន៍
យុវជន​មួយរូប គេច​ចេញពី​ការបាក់​ទឹកចិត្ត ដោយសារ​គំនូរ​៨​ផ្ទាំង​
14, Jul 2019 , 9:39 am        
រូបភាព
​ភ្នំពេញ​៖ យុវជន ស្រី វិសាល ដែលមាន​អាយុ​២៣​ឆ្នាំ ធ្លាប់​បាក់​ទឹកចិត្ត​ធ្ងន់ធ្ងរ​ព្រោះ​បញ្ហា​គ្រួសារ និង​ជំងឺ​ផ្ទាល់ខ្លួន បាន​គូរគំនូរ​សហ​សម័យ​ចំនួន​៨​ផ្ទាំង បង្ហាញ​ពី​ការបាត់បង់​ក្នុងសម័យ​ខ្មែរក្រហម​។ តួអង្គ​ក្នុង​គំនូរ​របស់ខ្លួន​ភាគច្រើន​បំផុត​រៀបរាប់​ពី​សិល្បករ​ដ៏​មាន​ទេពកោសល្យ ដែល​បាន​ស្លាប់​ក្នុងសម័យ​ប្រល័យ​ពូជ​សាស្ត្រ​។ គំនូរ​បង្ហាញ​ពី​សោកនាដកម្ម ដែល​ខ្មែរ​ភាគច្រើន​ព្យាយាម​បំភ្លេច​នេះ បានធ្វើឱ្យ​ម្ចាស់​ស្នាដៃ​រកឃើញ​ខ្លួនឯង និង​កំពុង​ដើរ​ចេញពី​ភាព​អន្តកាល​ដែល​បាន​ដក់​ជាប់​ក្នុង​ចិត្តគំនិត​អស់​ជាច្រើន​ឆ្នាំ​។​


 
​ដើម្បី​ស្វែងយល់​ពី​ការរំដោះ​ខ្លួន​ចេញពី​ភាព​បាក់​ទឹកចិត្ត​របស់​យុវជន ស្រី វិសាល តាមរយៈ​ស្នាដៃ​គំនូរ​របស់ខ្លួន តទៅ​នេះ​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖



 
​គំនូរ​សហ​សម័យ​ចំនួន​៨​ផ្ទាំង ដែល​តាំងពិព័រណ៍​នៅក្នុង​វិចិត្រ សាល​សិល្បៈ​សហ​សម័យ​នៃ​វិទ្យាស្ថាន​ស្លឹករឹត ក្រោម​ចំណងជើង​ថា​“​ភក់​” គឺជា​ស្នាដៃ​របស់​យុវជន ស្រី វិសាល​។ គំនូរ​ទាំង​៨​ផ្ទាំង​នេះ អាចឱ្យ​អ្នកទស្សនា​យល់បាន ពី​ភាព​សោកសៅ តាមរយៈ​បច្ចេកទេស​សិល្បៈ បើទោះបីជា​គេ មិនបាន​ស្ដាប់​ការពន្យល់​បន្ថែម ពី​សិល្បករ​ក៏ដោយ​។ វិសាល បាន​ព្យាយាម​ស្រាវជ្រាវ​ឯកសារ ដែល​នៅ​សេសសល់​តិចតួច​បំផុត​នៅក្នុង​ស្រុក ពី​ឯកសារ​បារាំង និង​ឯកសារ​ពី​ប្រទេស​ថៃ​ផង ដើម្បី​រក​ប្រវត្តិ​របស់​នាដក និង​នាដកា​របាំ ព្រមទាំង​ព្រះសង្ឃ ដែលមាន​គុណបំណាច់​ដ​ល់​ជាតិ សាសនា និង​វប្បធម៌ ដែល​បាន​បាត់បង់​ជីវិត​ក្នុង​របប​ខ្មែរក្រហម​។​
 
​រូប​ពិត​ក្នុង​គំនូរ បង្ហាញ​ពី​អ្នក​ដែល​បាន​បាត់​បង់ជីវិត​ដោយ​បង្ខំ​ក៏ពិតមែន ប៉ុន្តែ​អត្ថន័យ​ដែល​បង្កប់​នៅក្នុង​នោះ ម្ចាស់​ស្នាដៃ​ឧបមា ដល់​ជីវិត​របស់​ខ្លួនគេ​ទៅវិញ​ទេ​។ យក​រឿង​ពី​អតីត​ដ៏​អាប់អួ មកជា​កម្លាំង​ជំរុញ​ទឹកចិត្ត ដើម្បី​រំដោះខ្លួន​ចេញពី​ការបាក់​ទឹកចិត្ត​ដ៏​ធ្ងន់ធ្ងរ​។​
 
​យុវជន ស្រី វិសាល ដែល​រៀន​នៅក្នុង​សាលា​ចម្រុះ​ចំប៉ី ផ្នែក​គំនូរ​បុរាណ​រូបនេះ បាន​ពន្យល់​ពី​មូលហេតុ ដែល​លោក​ដាក់​ចំណងជើង​ពិព័រណ៍​របស់ខ្លួន​ថា​”​ភក់​”​ដូច្នេះ​៖«​មូលហេតុ​ដែល​ខ្ញុំ​ដាក់ឈ្មោះថា​”​ភក់​” គឺ​ខ្ញុំ​ចង់បង្ហាញ​ពី​ការ​ជោគជាំ នៃ​ភ្លើងសង្គ្រាម​នៅ​សម័យមុន រហូតដល់​សម័យ​ប៉ុលពត​។ ខ្មែរ​បាន​បាត់បង់​សាច់ញាតិ​ជាច្រើន ក្នុងសម័យ​ប្រល័យ​ពូជ​សាស្ត្រ ប៉ុន្តែ​ក៏មាន​ខ្មែរ​មួយចំនួន បាន​ក្រោកឈរឡើង ហើយក៏​រក្សា​អ្វី​ដែលជា​ខ្មែរ​។ ប្រធានបទ “​ភក់​” គឺ​និយាយ​ពី​បញ្ហា​បាក់​ទឹកចិត្ត​របស់ខ្ញុំ​។ ខ្ញុំ​ព្យាយាម​ដើរ​លើផ្លូវ​មួយ​នេះ​។ ខ្ញុំ​ព្យាយាម​ងើប​មកវិញ ដោយ​ខ្ញុំ​គិតថា នេះ​ជា​ខ្លួន​ខ្ញុំ​»​។​


 
​គំនូរ​ទាំង​៨​ផ្ទាំង​ដែល វិសាល ដាក់តាំង​បង្ហាញ សុទ្ធសឹងតែ​មិន​បង្ហាញឱ្យឃើញ​ច្បាស់​ពី​សម្រស់​នៅលើ​ផ្ទៃមុខ ដូចជា​គំនូរ​ទូទៅ​ឡើយ​។ បុរស​ស​ស្ដើង​រូបនេះ បញ្ជាក់​ដូច្នេះ​៖«​ខ្ញុំ​បាក់​ទឹកចិត្ត​តាំងពី​ឆ្នាំ​២០០៣ បន្ទាប់មក​ខ្ញុំ​បាក់​ទឹក​ចិត្តជា​លើក​ទី​២ នៅពេលដែល​ខ្ញុំ​ខូច​ត្រចៀក​។ ខ្ញុំ​នៅតែ​ក្នុង​បន្ទប់​រយៈពេល​៣​ខែ​។ ខ្ញុំ​គូររូប​បែប​បុរាណ តែ​មិន​មានមុខ​ទេ​។ វា​ទាក់ទង​នឹង​ផ្លូវចិត្ត​របស់ខ្ញុំ​។ អ្វីដែល​ខ្ញុំ​ពិបាក​ខ្ញុំ​បាក់​ទឹកចិត្ត គឺ​នៅលើ​រូបនោះ​ទាំងអស់​។ ពេលខ្លះ​បញ្ជា​ក់លើ​ទម្រង់​ក្បាច់ ពេលខ្លះ​បញ្ជា​ក់លើ​ទម្រង់​មុខ ហើយ​ពេលខ្លះ​បញ្ជាក់​លើ​ផ្ទាំង​ក្រោយ​»​។​
 
​និស្សិត​ដែល​បាន​ព្យួរ​ការសិក្សា ថ្នាក់​មហាវិទ្យាល័យ នៅ​ឆ្នាំ​ទី​៣ ដោយសារ​បញ្ហា​ជីវភាព​រូបនេះ រៀបរាប់​ពី​ប្រវត្តិ​របស់​នាដកា​របាំ​បុរាណ ដែល​ខ្លួន​បាន​គួរ​ដូច្នេះ​៖«​រូបនេះ និយាយ​ពី​ព្រះ​នាង សុខុម​។ ព្រះ​នាង ជា​នាដកា​របាំ​បុរាណ នៅ​ឆ្នាំ​១៩២៣ ឬ​១៩២៤​។ ទ្រង់​ជា​អ្នក​បង្ហា​ត់រាំ បង្ហាត់​ចម្រៀង​,​ជា​អ្នកនិពន្ធ​បទ​ភ្លេង​,​ជា​អ្នក​ដំឡើង​របាំ​ធំៗ ដួច​ជា​របាំ​សុវណ្ណ​មច្ឆា​,​របាំ​ព្រះ​ជិនវង្ស និង​របាំ​សុវណ្ណ​ហង្ស ហើយ​គាត់​ជា​អ្នកបង្កើត​ក្បាច់​រាំ​។ នៅ​សម័យ​ប៉ុលពត គេ​ធ្វើ​ទារុណកម្ម​គាត់ ដោយ​ការ​ឆក់ និង​យកទៅដាក់​ក្នុង​គុក​ងងឹត​។ គំនូរ​នេះ ខ្ញុំ​ចង់​រំឭក​គាត់​មកវិញ ដើម្បី​បញ្ជាក់ថា គាត់​ជា​គ្រូ​ក្បាច់​របាំ​»​។​
 
​ពន្យល់​ព្រម​ដោយ​កាយវិការ លើកដៃ​បង្ហាញ​ផ្ទាំងគំនូរ​ដល់​ខ្ញុំ​ផង វិសាល ប្រាប់ថា​៖«​នេះ​ជា​ព្រះ​នាង​តូច​មិត្ត ជា​បុត្រី​របស់​សម្ដេច​ទុយ​។ ព្រះ​នាង​ជា​អ្នករាំ​របាំ សម្រាប់​ក្មេង ដូចជា​របាំ​បុប្ផា​លោកីយ៍ របាំ​បួងសួង របាំ​សុវណ្ណ​មច្ឆា និង​របាំ​មុនី​មេខា​លា ហើយ​គាត់​ក៏បាន​ស្លាប់​ក្នុងសម័យ​ប៉ុលពត ដោយ​ការធ្វើ​ទារុណកម្ម​ដែរ​»​។​


 
​មិនមែន​ត្រឹមតែ​សិល្បករ​នោះឡើយ ដែល​វិចិត្រករ​រូបនេះ​ស្រាវជ្រាវ យកមក​បង្ហាញ​ក្នុង​ពិព័រណ៍​របស់ខ្លួន ប៉ុន្តែ​ក៏មាន​សម្តេច​សង្ឃ ដែលមាន​ស្នាដៃ​ច្រើន​ក្នុង​ព្រះពុទ្ធសាសនា​ផងដែរ​។ «​រូបនេះ​ជា​លោកតា ញ៉ឹក ទុយ ព្រះ​អង្គជា​សម្ដេច​សង្ឃ ដែល​បកប្រែ​ភាសាបាលី និង​សំស្ក្រឹត មក​ភាសា​ខ្មែរ​។ ព្រះអង្គ ជា​អ្នក​ចា​រលើ​ស្លឹករឹត​។ ព្រះអង្គ​ចេះ​កំណាព្យ ក៏​ជា​អ្នកបកប្រែ​គម្ពីរ​ត្រៃវេទ​ដែរ​។ ប៉ុន្តែ​ឯកសារ​ដែល​ទាក់ទង​នឹង​ព្រះអង្គ ប៉ុលពត បាន​ប្រមូល​ដុតចោល​អស់​។ រូប​របស់​ព្រះអង្គ នៅ​ប្រទេស​ថៃ​គេ​គោរព​»​។​
 
​យុវជន​ដែល​ស្ថិតក្នុង​គ្រួសារ​កសិករ​រូបនេះ ចង់បង្ហាញ​ពី​ការវិនាស​អន្តរាយ​គ្រប់​វិស័យ នៅ​ពេញ​ផ្ទៃ​ប្រទេស ហើយ​អ្នកចេះដឹង មានសំណាង​បាន​រួច​រស់​ជីវិត​តិចតួច​បំផុត​។ «​មាន​សង្គ្រាម​ប្រទេស​នីមួយៗ ត្រូវ​វិនាស​ទាំងអស់ ទាំង​សិល្បករ ទាំង​អ្នកប្រាជ្ញ គឺ​បាន​បាត់បង់ ក្នុងសម័យ​នោះ​ទាំងអស់​។ បក​មក​និយាយ​ពី​លោកយាយ ធា​យ គាត់​ជា​អ្នករក្សា​ក្បាច់​របាំ ចង្វាក់ភ្លេង សៀវភៅ​ភ្លេង ដូចជា​បទ​សកវាទ៍ ដែល​ច្រៀង​ពេល​អុំទូក និង​ពេល​ចូលឆ្នាំថ្មី​»​។​
 
​ការស្រាវជ្រាវរ​កឯក​សារ ដែល​ទាក់ទង​នឹង​គំនូរ​៨​ផ្ទាំង ដែល​បាន​ដាក់តាំង​បង្ហាញ​នេះ វិសាល បាន​ព្យាយាម​ស្វែងរក​គ្រប់​មធ្យោបាយ ហើយ​ឯកសារ​ពាក់ព័ន្ធ​ដែល​នៅ​សេសសល់​ភាគច្រើន វិសាល រកបាន​ពី​ប្រទេស​ថៃ​មកវិញ​។ «​ឯកសារ គឺ​ខ្ញុំ​សួរ​តាម​គ្រូរបាំ ហើយ​ខ្ញុំ​ស្ដាប់​ច្រើន​គ្រូ​។ បន្ទាប់មក​ខ្ញុំ​ស្រាវជ្រាវ​តាម google តាម​បណ្ណាល័យ​ជាតិ បណ្ណាល័យ​បារាំង នៅ​សាលា​រចនា និង​បណ្ណាល័យ​ផ្សេងទៀត​។ ឯកសារ​ខ្លះ​ស្រួល​រក ហើយ​ខ្លះទៀត​ពិបាក​រក​។ ពេលខ្លះ​ភាសា​បារាំង និង​ភាសា​ថៃ​ច្រើន​។ ខ្ញុំ​ពិបាក​ដែរ ខ្ញុំ​ត្រូវ​ពឹង​មិត្ត​ដែល​ចេះ​ភាសា​ទាំងនោះ ជួយ​បក​ឱ្យ​ខ្ញុំ​»​។​
 
​គំនូរ​អរូបី ដែលជា​ស្នាដៃ​របស់​វិចិត្រករ​វ័យក្មេង ប្រឹងប្រែង​សម្រិតសម្រាំង​អស់ពី​ចិត្ត​ពី​ថ្លើម​នេះ ធ្វើឱ្យ​វិសាល កាន់តែ​បាក់​ទឹកចិត្ត ក្រោយពី​វិចិត្រសាល​ជាច្រើន បដិសេធ​ការតាំង​បង្ហាញ​។ ដំណោះស្រាយ​របស់​យុវជន​ដែល​មិនមាន​ខ្លួន​ជាទី​ពឹង​រូបនេះ បានត្រឹមតែ​ឈរ​យំ​តែប៉ុណ្ណោះ​។ វិសាល បញ្ជាក់​ទាំង​រលីងរលោង​ទឹកភ្នែក​៖«​មុន​បានមក​ដាក់​ក្នុង​វិចិត្រសាល​នេះ ខ្ញុំ​បាន​ទៅ​វិចិត្រសាល​ផ្សេងៗ គេ​មិន​យក​ទេ គេ​ថា​ខ្ញុំ​កាន់​ប្រធានបទ​ខុសគេ​។ គេ​ថាឱ្យ​ខ្ញុំ​អាក្រក់​ខ្លាំងណាស់​។ ខ្ញុំ​បាក់​ទឹកចិត្ត​ហើយ ខ្ញុំ​ត្រូវ​រង​សម្ពាធ​ទៀត​។ ខ្ញុំ​ឈរ​យំ​នៅ​នឹង​មុខ​គេ ហើយ​ជម្រាបលា​គេ ដើរ​ចេញមក​ផ្ទះ​វិញ ទាំង​ភាព​បាក់​ទឹកចិត្ត​»​។​
 
​វិសាល ពន្យល់​បន្ថែម​ពី​បញ្ហា​គ្រួសារ​៖«​គ្រួសារ​របស់ខ្ញុំ​ឡើងមក​ភ្នំពេញ គឺ​មិន​មានផ្ទះ​ស្នាក់​នៅទេ​។ ម្ដាយ​ឪពុក​របស់ខ្ញុំ គឺជា​អ្នកស្រែ​ក្រីក្រ សូម្បី​ផ្ទះ​នៅ​ស្រុក ក៏​មិនមាន​ដែរ​។ ដូច្នេះ​តាំងពី​ខ្ញុំ​ធំ​ដល់​ប៉ុណ្ណេះ ខ្ញុំ​មិនដែល​ឃើញ​ឪពុកម្ដាយ​ខ្ញុំ សប្បាយចិត្ត​ទេ​។ រហូតមកដល់​ឆ្នាំ​២០១៤ ខ្ញុំ​ចាប់ផ្ដើម​ខូច​ត្រចៀក ដូច្នេះ​ការបាក់​ទឹកចិត្ត​របស់ខ្ញុំ មាន​ជា​លើ​ទី​២​។ ពេលដែល​បាក់​ទឹកចិត្ត​នោះ ចំពេល​ដែល​ខ្ញុំ​ប្រឡង​ធ្លាក់​ទី​១២​ទៀត តែ​ខ្ញុំ​ខំព្យាយាម​»​។​
 
​ទោះជា​យ៉ាងណាក៏ដោយ បុរស​កូនពៅ​រូបនេះ នៅតែ​បន្ត​ក្ដីសង្ឃឹម​ក្នុង​ជីវិត​ដោយ​ត្រដាបត្រដួស​៖«​ភាសា​ក៏​ខ្ញុំ​មិនចេះ​។ ខ្ញុំ​រៀន ក៏​មិន​ពូកែ​។ ខ្ញុំ​ធ្លាក់​ទី​១២ ដល់​ទៅ​៤​ឆ្នាំ​។ ការបាក់​ទឹកចិត្ត​របស់ខ្ញុំ មិនមែន​តែមួយ​រឿង​ទេ គឺ​ច្រើន​រឿង  ប៉ុន្តែ​ខ្ញុំ​នៅតែ​ងើប​រហូត​។ ខ្ញុំ​គិតថា ផ្លូវ​ងងឹត​មួយ​នេះ គង់​មាន​ថ្ងៃ​ណា​មាន​ពន្លឺ​ទេ​។ ព​ន្ទឺ​គង់តែ​ភ្លឺ មកលើ​ខ្ញុំ​។ ទោះ​ឧបសគ្គ​ធំ​យ៉ាងណា ខ្ញុំ​ត្រូវតែដើរ​។ ទោះ​ឈឺចាប់​ប៉ុណ្ណា ក៏​ខ្ញុំ​ត្រូវតែ​ទ្រាំ ដើម្បី​ម្ដាយ​ឪពុក​ខ្ញុំ ព្រោះ​ពួកគាត់​ចាស់ៗ​ហើយ​។ ខ្ញុំ​មិន​ចង់ឱ្យ​គាត់​ពិបាក ដោយសារ​ខ្ញុំ​ទៀត​ទេ​»​។​


 
​ឧបមា​ជីវិត​របស់ខ្លួន ទៅនឹង​គំនូរ​ដែល​បង្ហាញ​ពី​ការបាត់បង់ និង​ភាព​ខ្ទេចខ្ទាំ​ក្នុង​ភ្លើងសង្គ្រាម ប៉ុន្តែ​កម្ពុជា បាន​បន្តជីវិត​មកដល់​សម័យ​សន្តិភាព ព្រម​ដោយ​ការរីកចម្រើន​នេះ វិសាល មាន​ក្ដីសង្ឃឹម ក្នុងការ​ផ្លាស់ប្ដូរ​ផ្នត់គំនិត​របស់ខ្លួន​៖«​ដ្បិត​គំនូរ​ទាំងនេះ និយាយ​ពី​ការបាក់​ទឹកចិត្ត​មែន ប៉ុន្តែ​ក៏​ជា​គំនូរ​មួយ ដែល​អប់រំ​ខ្មែរ ឱ្យ​ស្គាល់​អ្វី​ដែលជា​ខ្មែរ​ដែរ​។ ខ្ញុំ​ចង់ឱ្យ​ប្រជាជន​ខ្មែរ​ទាំងអស់​វិល​មករក​អ្វី ដែលជា​ខ្មែរ​។ អ្វីដែល​សំខាន់ គឺ​ក្មេងជំនាន់ក្រោយ ដែលមាន​ជំងឺ​បាក់​ទឹកចិត្ត យើង​ត្រូវតែ​រក​អ្វី​មូ​យ ដែលជា​ក្ដី​ស្រមៃ​របស់​យើង ហើយ​ធ្វើ​វាពី​ចំណុចសូន្យ ដល់​១០០»​។​
 
​វិចិត្រករ​វ័យក្មេង ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​អារម្មណ៍​របស់​ខ្លួនឯង​រូបនេះ ពន្យល់​បន្ថែម ៖«​សារ​ដែល​ខ្ញុំ​ចង់ឱ្យ​អ្នក​មើលឃើញ​នោះ ខ្ញុំ​ចង់ឱ្យ​ខ្មែរ​ទាំងអស់ យល់​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​។ គោលបំណង​របស់ខ្ញុំ គឺ​ចង់​សើរើ​ប្រវត្តិសាស្ត្រ​ខ្មែរ​ត្រឡប់មកវិញ ដាក់​ក្នុង​គំនូរ​សហ​សម័យ​របស់​ខ្ញុំ​។ សារ​មួយទៀត ខ្ញុំ​ចង់ឱ្យ​អ្នក​ដែលមាន​ជំងឺ​បាក់​ទឹកចិត្ត កុំ​ចុះចាញ់​នឹង​អ្វីដែល​ខ្លួន​បាក់​ទឹកចិត្ត​។ ថ្ងៃ​ណាមួយ យើង​នឹង​ឃើញ​ក្ដី​ស្រមៃ​របស់​យើង ហើយ​យើង​នឹង​ដើរ​ដល់​គោលដៅ ដែល​យើង​ចង់បាន​»៕
 

Tag:
 គំនូរ​
  សិល្បៈ​
  យុវជន​
  សហ​សម័យ​
  ស្រី វិសាល
© រក្សាសិទ្ធិដោយ thmeythmey.com