ជាតិ
សិល្បះ
លោក ឯល ប៊ុនណា ទទួលបានសិទ្ធិគ្រប់គ្រងបទចម្រៀង៣០បទជាផ្លូវការ
× ភ្នំពេញ៖ លោក ឯល ប៊ុនណា ដែលអ្នកនិពន្ធ និងជាតន្ត្រីករឯកទេសឧបរណ៍ផ្លុំ បានទទួលសិទ្ធិពេញលេញក្នុងការគ្រប់គ្រងបទចម្រៀង៣០បទ ជាផ្លូវការហើយ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី១១ខែកក្កដា ឆ្នាំ២០១៩។
បទចម្រៀងទាំង៣០បទ ដែលលោក ឯល ប៊ុនណា ទទួលសិទ្ធិគ្រប់គ្រងនោះ មាន២៨បទ ជាការតែងនិពន្ធបទភ្លេង និងទំនុកច្រៀង ដោយលោកផ្ទាល់។ ចំណែកចម្រៀង២បទទៀត គឺបទ «ម្លប់ពោធិ៍បាក់ខែង» គឺជាសហកម្មសិទ្ធិអ្នកនិពន្ធ ឬសហអ្នកនិពន្ធ ដោយនិពន្ធបទភ្លេងដោយលោក ឯល ប៊ុនណា ចំណែកទំនុកច្រៀងដោយ លោក ថាច់ ប៊ុនរឿន ហើយបទ«ចម្រៀងស្នេហា» គឺជាសហកម្មសិទ្ធិអ្នកនិពន្ធ ឬសហអ្នកនិពន្ធ ដែលនិពន្ធបទភ្លេងដោយលោក ឯល ប៊ុនណា និងទំនុកច្រៀងដោយលោក អ៊ុំ ដរ៉ា។ ចម្រៀងទាំង២បទនេះ បានផ្ទេរសិទ្ធិជូនលោក ឯល ប៊ុនណា ជាតំណាង។
ស្ថិតក្នុងវ័យ៦៩ឆ្នាំនេះ លោក ឯល ប៊ុនណា បានទទួលសិទ្ធិគ្រប់គ្រងបទចម្រៀង៣០បទ មានដូចជា«អូនកូនលោកណា» «ណារីនឹមនួន» «ផ្កាអើយផ្កា» ដែលច្រៀងដោយលោក ស៊ីន ស៊ីសាមុត។ បទ«កុំនឹកអូនអី» ច្រៀងដោយអ្នកស្រី រស់ សេរីសុទ្ធា។ បទ«ស្រណោះភ្លៀង» ច្រៀងដោយលោក អ៊ឹង ណារី។ បទ«ច្រឡំហើយបង» ច្រៀងដោយអ្នកស្រី ប៉ែន រ៉ន ជាដើម។
ក្នុងករណីមានការប្ដឹងជំទាស់ ដោយមានភស្តុតាងផ្ទុយ ពីភាគីពាក់ព័ន្ធផ្សេងៗ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងពិនិត្យដោយសម្របសម្រួល លើការគ្រប់គ្រងសិទ្ធិគ្រប់គ្រងបទចម្រៀងទាំង៣០បទឡើងវិញ។
សូមបញ្ជាក់ថា មកទល់នឹងពេលនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រគល់សិទ្ធិគ្រប់គ្រងបទចម្រៀង មិនមានអ្នកទទួលមរតក ឬមិនមានមរតកសាសន៍ ជូនដល់ទាយាទអ្នកនិពន្ធ និងអ្នកនិពន្ធជំនាន់ដើម បានចំនួន ២០៣បទ រួចមកហើយ។ ក្រសួងវប្បធម៌ ក៏បានសំណូមពរដល់បណ្ដាទាយាទដទៃទៀត ដែលមានបំណងស្នើសុំគ្រប់គ្រងសិទ្ធិ បទចម្រៀងមិនមានអ្នកទទួលមរតក ឬមិនមានមរតកសាសន៍ បន្តខិតខំស្វែងរកភស្ដុតាង និងឯកសារពាក់ព័ន្ធផ្សេងៗ ដើម្បីស្នើសុំសិទ្ធិគ្រប់គ្រង ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕
Tag:
ឯល ប៊ុនណា
កម្មសិទ្ធិបញ្ញា
ចម្រៀង
តន្ត្រី
សិល្បៈ
ក្រសួងវប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com