ពីនេះ ពីនោះ
«​លត់​» មានន័យ​ខុសពី «​លុត​» និង​«​លុត្ត​»
14, Jul 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​វចនានុក្រម​របស់​ស​ម្តេច ជួន ណាត បាន​បញ្ជាក់ថា ពាក្យ​«​លត់​»,«​លុត​»​និង​«​លុត្ត​»​គឺជា​ពាក្យ​មានន័យ​ខុសគ្នា​។ សម្តេច ជួន ណាត ពន្យល់ថា «​លត់​» គឺ​ធ្វើ​ឲ្យ​រលត់​។ ចំពោះ​ពាក្យ «​លុត​» មានន័យថា បញ្ជច់​ជង្គង់​ចុះមក​ផ្ទៃដី​។ ចំណែក​«​លុត្ត​» គឺ​សំដៅលើ លុបចោល គឺ​ធ្វើ​ឲ្យ​បាត់​ស្នាម បាត់​រូប ឬ​បាត់ឈ្មោះ​ជាដើម​។


 
​សម្តេច ជួន ណាត បាន​ពន្យល់​ឲ្យ​លម្អិត​ថា ពាក្យ​«​លត់​» ជា​កិរិយាសព្ទ មានន័យថា ធ្វើ​ឲ្យ​រលត់​។ ពាក្យ «​លត់​»​គេ​ប្រើ​ក្នុងន័យ​ថា លត់ដែក ឬ​លត់កាំបិត គឺ​ជ្រលក់​ដែក ឬ​កាំបិត ដែល​កំពុង​ឆេះ​ទៅក្នុង​ទឹក ដោយ​ស្ទង់​ល្បត់​តាម​ត្រូវការ​។ ពាក្យ​នេះ គេ​ប្រើ​នៅក្នុង​ន័យ​មួយទៀត គឺ លត់កំហឹង ឬ​លត់​ភ្លើងទុក្ខភ្លើងកិលេស គឺ​បានន័យថា ធ្វើ​ឲ្យ​បាត់​ក្តៅ ឬ​បំបាត់ក្រោធ​។​
 
​បើ​គេ​ប្រើ​ជា​ពាក្យ​«​លុត​»​ជា​កិរិយាសព្ទ​វិញ​គឺ​សំដៅលើ​សកម្មភាព បញ្ជច់​ជង្គង់​ចុះ​ដល់​ផ្ទៃដី​។ ឧទាហរណ៍​៖ លុតជង្គង់​ក្រាប​ក្បាល​ចុះ​។ សម្រាប់​ពាក្យ​«​លុត​»​ប្រើ​ជា​នាមសព្ទ ឯណោះ​វិញ គឺ​ចង់​បញ្ជាក់​ពី ខ្សែពួរ​សម្រាប់​ទាញ​លើក ឬ​ទាញ​ដាក់​ដងក្តោង​ទូក​ធំ ឬ​សំពៅ ឬ​ខ្សែរូត​ក្តោង​តូច​។ 
 
​ចំពោះ​ពាក្យ​«​លុត្ត​» សរសេរ​ជា​បាលី និង​សំ​ស្ត្រឹ​ត លុ​ប្ត មានន័យថា លុបចោល​ហើយ គឺ​ធ្វើ​ឲ្យ​បាត់​ស្នាម​,​ឲ្យ​បាត់​គំនូស​,​ឲ្យ​បាត់​រូប​,​ឲ្យ​បាត់ឈ្មោះ​,​ឲ្យ​វិនាស​។ ពាក្យ​នេះ អាច​ប្រើ​ជា​ពាក្យ លុត្តបទ គឺ​បទ​ដែល​លុបចេញ​មិន​ឲ្យ​មាន​ទៀត​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com