ជាតិ
សង្គមជាតិ
សម្តេច ស ខេង​៖ អ្នកជិះ​អត់​មួកសុវត្ថិភាព ត្រូវ​ឃាត់​ម៉ូតូ​ទុក​រហូត​ទាល់តែ​រក​មួកសុវត្ថិភាព​បាន​
13, Jul 2019 , 9:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ថ្លែង​នា​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ​នៅ​វត្ត​មួយ​ក្នុង​ខេត្តព្រៃវែង កាលពី​ថ្ងៃទី​១៣ ខែកក្កដា សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានលើកឡើង​ពី​វិធានការ​ពង្រឹង​ច្បាប់​ចរាចរណ៍ ជាពិសេស​ពាក់ព័ន្ធ​នឹង​ការពាក់​មួកសុវត្ថិភាព​។

 
«​បើ​អ្នកជិះ​ម៉ូតូ ហើយ​មិន​ពាក់មួក គឺ​ប៉ូលិស​មាន​ភារកិច្ច​ឃាត់​អ្នក​មិន​ឲ្យ​ធ្វើដំណើរ​តទៅទៀត សូម​ឲ្យ​អ្នក​ទាក់ទង​របៀប​ណា ឬ វិធី​ណាក៏ដោយ យក​មួក​មក​ពាក់​សិន […] បាន​ឲ្យ​ទៅទៀត​»​។ នេះ​ជាការ​ព្រមាន​របស់​សម្តេច ស ខេង ទៅកាន់​អ្នកបើកបរ​ម៉ូតូ​ដែល​មិន​ចូលចិត្ត​ពាក់មួក​សុវត្ថិភាព​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ សម្តេច​ឧបនាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា នេះ​ជា​គ្រាន់តែ​ជាការ​ផ្អាក​ដំណើរ​បណ្តោះអាសន្ន​ប៉ុណ្ណោះ ដោយ​ប៉ូលិស​ចរាចរណ៍​នឹងមិន​យក​ម៉ូតូ​ទុក​នោះឡើយ​។ ប៉ូលិស​រង់ចាំ​ម្ចាស់​ម៉ូតូ​ដោះស្រាយ​តាម​មធ្យោបាយ​ណាមួយ​ដើម្បី​រក​ឲ្យ​បាន​មួកសុវត្ថិភាព មុននឹង​បន្តដំណើរ​ទៅមុខ​។ 
 
​សម្តេច​បាន​លើកឡើងថា វិធានការ​នេះ មិន​ធ្ងន់ធ្ងរ​នោះឡើយ​សម្រាប់​អ្នកបើកបរ​ទោចក្រយានយន្ត ព្រោះ​វា​ជា​គោលដៅ​សំខាន់​ក្នុង​ការការពារ​អាយុជីវិត​របស់​ពួកគេ​។ ក្នុងករណី​ពួកគេ​មាន​មួកសុវត្ថិភាព​រួចទៅហើយ​នោះ សមត្ថកិច្ច​ក៏​គ្មាន​រឿង​អ្វី​ត្រូវ​ចាប់​ឃាត់​ពួកគេ​នោះដែរ​។​
 
​បើតាម​សម្តេច ស ខេង អត្រា​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ដ៏​គួរ​ឲ្យ​កត់សម្គាល់​លើ​ពួក​បើកបរ​ដោយ​មិន​ពាក់មួក​សុវត្ថិភាព​ដែលមាន​រហូតដល់​ទៅ​៨០​ភាគរយ​៕
 

Tag:
 មួកសុវត្ថិភាព​
 ​ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com