ជាតិ
​ស្ទឹងត្រែង​ថយចុះ​ករណី​ជំងឺគ្រុនឈាម ដោយសារ​យុទ្ធនា​ការអប់រំ និង​ការបាញ់​ថ្នាំ​សម្លាប់​មូស​
13, Jul 2019 , 5:31 pm        
រូបភាព
រូបភាពពីមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង
រូបភាពពីមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង
​ករណី​ជំងឺគ្រុនឈាម​នៅ​ខេត្តស្ទឹងត្រែង​បាន​ថយចុះ​ជា​បន្តបន្ទាប់ ដោយ​គិត​ត្រឹម​សប្តាហ៍​ដំបូង​នៃ​ខែកក្កដា បន្ទាប់ពី​មន្ទីរ​សុខាភិបាល​ខេត្ត និង​អង្គភាព​ពាក់ព័ន្ធ បានធ្វើ​យុទ្ធនា​ការអប់រំ និង​បាញ់សម្លាប់​ថ្នាំ​សម្លាប់​មូស ដែលជា​ប្រភព​នៃ​ជំងឺ​។ នេះ​បើតាម​ការអះអាង​របស់​លោក អ៊ុង សូ​វៀត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្ទឹងត្រែង​។​

 
«​ត្រឹម​រយៈពេល​មួយ​សប្ដាហ៍​នៃ​ដើមខែ​កក្កដា ជំងឺគ្រុនឈាម​ថយចុះ​ជាង​១០០​ករណី ខណៈ​កាលពី​អំឡុង​ខែមិថុនា​កន្លងមក ជំងឺគ្រុនឈាម​បាន​ផ្ទុះឡើង​ជាង​២០០​នាក់​»​។ លោក អ៊ុង សូ​វៀត បានបញ្ជាក់​យ៉ាង​ដូច្នេះ ប្រាប់​សារព័ត៌មាន ThmeyThmey ដោយ​អះអាង​ពី​ប្រសិទ្ធភាព​នៃ​យុទ្ធនា​ការអប់រំ​ពលរ​ដ្ឋ​នៅ​មូលដ្ឋាន​។​
 
​លោក​បាន​បញ្ជាក់ថា មន្ទីរ​សុខាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ផ្សព្វផ្សាយ​និង​ទប់ស្កាត់​ការផ្ទុះ​ជំងឺគ្រុនឈាម​នេះ តាមរយៈ​ការចែក​មុង​ជ្រលក់​ថ្នាំ និង​ថ្នាំ​សម្លាប់​ដង្កូវទឹក ជាពិសេស យុទ្ធនាការ បាញ់ថ្នាំ​សម្លាប់​មូស​ជាដើម​។ ការចុះ​បាញ់ថ្នាំ​សម្លាប់​មូល​នេះ ធ្វើ​នៅតាម​មូលដ្ឋាន​សាលារៀន និង​លំនៅដ្ឋាន​ពលរដ្ឋ​។ 
 
​ប្រធាន​មន្ទីរ​សុខាភិបាល​បានលើកឡើង​ថា​៖ «​មកដល់​ដើមខែ​កក្កដា ស្ទឹងត្រែង​អ្នក​កើត​ជំងឺគ្រុនឈាម​ជិត​៥០០​នាក់ ប៉ុន្តែ​ស្ថានភាព​ករណី​ជំងឺគ្រុនឈាម​បាន​ថយចុះ​ជាង​១០០​ករណី​ហើយ​។​
 
​មន្ត្រី​ជំនាញ បាន​បន្ត​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ការពារ​កុមារ​តូចៗ ការលុបបំបាត់​ជម្រក​មូស​តាម​មូលដ្ឋាន ហើយ​ត្រូវ​បញ្ចូនទៅ​ពេទ្យ​ជាបន្ទាន់​ប្រសិន​មាន​ករណី​សង្ស័យ​កើត​ជំងឺគ្រុនឈាម​៕ 
 

Tag:
 សុខាភិបាល ស្ទឹងត្រែង​
  គ្រុនឈាម
© រក្សាសិទ្ធិដោយ thmeythmey.com