អន្តរជាតិ
ស្វែងយល់​ពី​ជីវិត​របស់​សត្វ​ឃ្មុំ និង​ទឹកឃ្មុំ​
14, Jul 2019 , 10:48 am        
រូបភាព
​គេ​និយាយថា ក្រៅពី​មនុស្ស គ្មាន​សត្វ​ណា​ដែល​អាចបង្កើត និង​គ្រប់គ្រង​សម្បុក​ដ៏​អស្ចារ្យ​ដូច​ពពួកសត្វ​ឃ្មុំ​បាន​នោះទេ​។ សម្បុក​ឃ្មុំ មាន​មុខងារ​ដូចជា​រោងចក្រ​ឧស្សាហកម្ម​មួយ​ដែរ ហើយ​ឃ្មុំ​នីមួយៗ​មាន​ជំនាញ និង​តួនាទី​ពិសេស​រៀងៗ​ខ្លួន​។

 
​គេហទំព័រ honeybee.org.au របស់​ប្រទេស​អូស្ត្រាលី បាន​ពន្យល់ថា ឃ្មុំ​ត្រូវការ​ចំណី​ពីរ​ប្រភេទ ក្នុងនោះ ទីមួយ​គឺ​សារធាតុ​តំណក់ទឹក​ស្ករ​នៅក្នុង​ផ្កា និង​ទី​ពីរ គឺ​លំអង​របស់​ផ្កា​។ នៅពេលដែល​ឃ្មុំ​ទៅរក​ចំណី​របស់​វា​បាន​ហើយ វា​នឹង​រក្សាទុក​ចំណី​របស់​វា​ភាគច្រើន​នៅក្នុង​ពោះ ហើយ​ខ្លះទៀត ត្រូវបាន​វា​ស៊ី​សម្រាប់​បង្កើត​ថាមពល​ផ្ទាល់ខ្លួន​។ 
 
​សត្វ​ឃ្មុំ គឺជា​សត្វ​ហោះហើរ​មួយ​ដែល​អស្ចារ្យ​ណាស់ ដោយសារ​វា​អាច​ផ្ទុក​អាហារ​នៅក្នុង​ពោះ​របស់​វា សឹងតែ​ស្មើ​ជាមួយនឹង​ទម្ងន់​របស់ខ្លួន​វា​ផ្ទាល់ ទោះបី​វា​កំពុងតែ​ហោះហើរ​ក៏ដោយ​។ នៅពេលដែល​ពោះ​របស់​វា​ពេញ វា​នឹង​ហើរ​ទៅរក​សម្បុក​វិញ​ដើម្បី​ផ្ទេរ​អាហារ​ទាំងនោះ​។ ការផ្ទេរ​ប្រព្រឹត្តទៅ​ពី​មាត់​របស់​ឃ្មុំ​មួយ​ទៅ​មាត់​របស់​ឃ្មុំ​មួយទៀត​។ លំនាំ​នេះ ធ្វើ​ឲ្យ​អាហារ​របស់​វា បាត់បង់​បរិមាណ​ចំហាយ​ទឹក​ពី​៧០​ភាគរយ មក​សល់​ត្រឹមតែ ២០​ភាគរយ​ប៉ុណ្ណោះ​។​
 
​ពេលខ្លះទៀត ឃ្មុំ​អាចដាក់​អាហារ​វា​នៅក្នុង​រន្ធ​សម្បុក​តែម្តង ដើម្បី​ឲ្យ​អាហារ​ទាំងនោះ​ហួត​ចំហាយ​ទឹក​ដោយ​ខ្លួនឯង​។ ដំណើរ​នេះ ធ្វើ​ឲ្យ​អាហារ​របស់​វា ដែលជា​សារធាតុ​តំណក់ទឹក​ផ្អែម ប្រែ​ក្លាយទៅជា​ទឹកឃ្មុំ​។ នៅពេលដែល​អាហារ​ត្រូវបាន​ចម្រាញ់​រួចរាល់ ឃ្មុំ​ធំៗ​ផ្ទុក​ទឹកឃ្មុំ​នៅក្នុង​រន្ធ​តូចៗ គ្របដណ្តប់​ដោយសារ​ធាតុ​ក្រមួន​ម្យ៉ាង​សម្រាប់​ឃ្មុំ​តូចៗ​ជំនាន់​ក្រោយ​។ 
 
​ពេលខ្លះ ទឹកឃ្មុំ​ត្រូវបាន​ផ្សំ​ជាមួយនឹង​លំអងផ្កា សម្រាប់​កូន​ឃ្មុំ​ដែល​ទើបនឹង​កើត​។ ឃ្មុំ​តូចៗ​ត្រូវការ​អាហារ​តែមាន​សារជាតិ​ប្រូតេអ៊ីន​ច្រើនណាស់​។ មុននឹង​ឃ្មុំ​ចាប់ផ្តើម​ចេញ​ទី​រកស៊ី វា​ត្រូវ​រៀបចំខ្លួនប្រាណ​របស់​វា​ឲ្យ​បាន​ស្អាត និង​មាន​សុខភាព​ល្អ​។ 
 
​ដោយសារតែ​ដល់​វ័យ​មួយ​នេះ សត្វ​ឃ្មុំ​ត្រូវ​ចេញ​រកស៊ី ក្នុងការ​ប្រមូល​រក​អាហារ​ពី​ផ្កា​នានា ដើម្បី​ផ្គត់ផ្គង់​ដល់​សម្បុក និង​សត្វ​ឃ្មុំ​ជំនាន់​ក្រោយ​ដទៃទៀត​។ នៅពេល​អាយុ​បី​សប្តាហ៍ ឃ្មុំ​នឹង​ចេញ​ទៅរក​ចំណី ហើយ​នៅក្នុង​សប្តាហ៍​ទី​ប្រាំមួយ និង​ទី​ប្រាំពីរ គឺជា​ពេលវេលា​ដែល​ឃ្មុំ​ធ្វើការ​ខ្លាំងជាងគេ​។ ពេលខ្លះ កាលៈទេសៈ​ត្រូវការ​ឃ្មុំ​ដល់​ទៅ​៣០០​ក្បាល ដល់ទី​បី​សប្តាហ៍​ក្នុង​ការផលិត​ទឹកឃ្មុំ​ចំនួន​៤៥០​ក្រាម​។ ជាធម្មតា សម្បុក​នីមួយៗ មាន​ឃ្មុំ​ដល់​ទៅ​បួន​ម៉ឺន​ក្បាល​រស់នៅ​៕

© រក្សាសិទ្ធិដោយ thmeythmey.com