អន្តរជាតិ
ការលាលែង​របស់​ឯក​អគ្គរដ្ឋទូត​បរទេស​នៅ​វ៉ាស៊ីនតោន​នាំ​ឲ្យ​មន្ត្រី​ទូត​ដទៃ​ប្រយ័ត្នប្រយែង​
14, Jul 2019 , 7:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​យ៉ាងហោចណាស់​ឯកអគ្គ​រដ្ឋទូត​នៅ​វ៉ាស៊ីនតោន​មួយរូប​ជឿជាក់ថា ការលាលែង​ដោយ​បង្ខំ​របស់​ប្រមុខ​ការទូត​អង់គ្លេស​នៅក្នុង​រដ្ឋធានី​ស​.​រ​.​អា​.​នឹង​ជំរុញ​ឱ្យ​អ្នកតំណាង​ប្រទេស​ដទៃទៀត​ផ្លាស់ប្តូរ​របៀប​ធ្វើ​ទំនាក់ទំនង​ជាមួយ​រដ្ឋា​ភិ​បាល​អាមេរិក​។

 
​លោក Kim Darroch បានប្រកាស​លោក​លាលែង​ពី​តំណែង បន្ទាប់ពី​លោក​ប្រធានាធិបតី​អាមេរិក Donald Trump បាន​និយាយថា រដ្ឋបាល​របស់លោក​នឹង​លែង​ធ្វើការ​ជាមួយ​លោក​ដោយសារតែ​លោក Darroch បានធ្វើ​អត្ថាធិប្បាយ​អំពី​លោក Trump ក្នុង​របាយការណ៍​សម្ងាត់​ទៅ​រដ្ឋាភិបាល​ទីក្រុង​ឡុង​ដ៍ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ដោយ​កាសែត​អង់គ្លេស​។​
 
​លោក Ronald Sanders ជា​ឯកអគ្គរដ្ឋទូត​របស់​ប្រទេស Antigua និង Barbuda ដែលជា​ប្រទេស​តូច​នៅ​តំបន់ Caribbean ប្រចាំ​ទីក្រុង​ឡុង​ដ៍​ពីរ​អាណត្តិ​ហើយ​បច្ចុប្បន្ន​តំណាងឱ្យ​ប្រទេស​របស់លោក​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​។ លោក​ជឿជាក់ថា បញ្ហា​នេះ​នឹង​បង្ខំ​អ្នកការទូត​កែប្រែ​របៀប​ធ្វើការ​របស់​ពួកគេ​ក្នុងការ​ទាក់ទង រួមទាំង​ការព្យាយាម​ឲ្យ​មានការ​សន្ទនា​ទល់មុខ ការវិលត្រឡប់​ទៅ​ប្រទេស​វិញ​និង​ដាក់​លេខ​កូដ ឬ encrypt លេខ​ទូរស័ព្ទ​នៅ​ស្ថានទូត​។ 
 
​លោក Sanders យល់ឃើញថា វា​គួរឱ្យ​ព្រួយបារម្ភ​ព្រោះថា អ្វីដែល​ត្រូវបាន​សន្ម​ត់​ថា ទំនាក់ទំនង​ការទូត​ដ៏​សម្ងាត់​បែរជា​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​សម្រាប់​ផលប្រយោជន៍​បុគ្គល​ឬ​ក្រុម​ណាមួយ ជា​សក្តានុពល​។​លោក​បាន​ប្រាប់​វី​អូ​អេ​ថា «​ពិធីសារ​ទំនាក់ទំនង​ការទូត​រាប់​សតវត្សរ៍​»​ត្រូវបាន​រំលោភបំពាន​ដោយ​ការ​ប្រ​ព្រឹ​ត្ដ​បែបនេះ​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com