ហ្វេ​ស​ប៊ុ​ក ប្រឈម​នឹង​ពិន័យ ៥​ពាន់​លាន​ដុល្លារ ចំពោះ​រឿងអាស្រូវ Cambridge Analytical
អន្តរជាតិ
ហ្វេ​ស​ប៊ុ​ក ប្រឈម​នឹង​ពិន័យ ៥​ពាន់​លាន​ដុល្លារ ចំពោះ​រឿងអាស្រូវ Cambridge Analytical
14, Jul 2019 , 8:39 pm        
រូបភាព
ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Mark Zuckerberg (AFP)
ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Mark Zuckerberg (AFP)
​អាជ្ញាធរ​អាមេរិក បានសម្រេច​ដាក់ពិន័យ​ក្រុមហ៊ុន Facebook ចំនួន​៥​ពាន់​លាន​ដុល្លារ ដើម្បី​ដោះស្រាយ​បញ្ចប់​ការស៊ើបអង្កេត​លើ​ករណី​រំលោភ​ទិន្នន័យ​ឯកជន​ភាព​។ ការដាក់ពិន័យ​លើ​ក្រុមហ៊ុន Facebook នេះ គឺជា​ការពិន័យ​ធំ​បំផុត​ដែល​ពុំ​ធ្លាប់មាន​ពីមុនមក​ឡើយ​ពី​សំណាក់​អាជ្ញាធរ​អាមេរិក FTC ប្រឆាំងនឹង​ក្រុមហ៊ុន​បច្ចេកវិទ្យា គិត​ចាប់ពី​ឆ្នាំ ២០១២​មក​។

 
​នៅ​ថ្ងៃ​សុក្រ​ទី ១២ ខែកក្កដា គណៈកម្មាធិការ​ពាណិជ្ជ​កម្ម​សហព័ន្ធ​អាមេរិក (FTC) បានអនុម័ត​ដំណោះស្រាយ​បញ្ចប់រឿង​ជាមួយ​ក្រុមហ៊ុន Facebook ជុំវិញ​ករណី​រឿងអាស្រូវ Cambridge Analytica កាលពី​ឆ្នាំ​២០១៨ ដោយ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​នេះ​បង់ពិន័យ​ជា​ប្រាក់ ៥​ពាន់​លាន​ដុល្លារ​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដំណោះស្រាយ​បញ្ចប់រឿង​តម្លៃ​៥​ពាន់​លាន​ដុល្លារ​នេះ ត្រូវបាន​អនុម័ត​ដោយ​ជោគជ័យ​ក្នុង​សំឡេងឆ្នោត ៣ ទល់នឹង ២ សំឡេង ដោយ​មានការ​សំឡេងគាំទ្រ​ពី​សំណាក់​សមាជិក​បក្ស​សាធារណរដ្ឋ តែ​ទទួលរង​សំឡេង​ប្រឆាំង​ពី​សមាជិក​បក្ស​ប្រជាធិបតេយ្យ​អាមេរិក​។  ក្រសួងយុត្តិធម៌​អាមេរិក នឹង​អនុម័ត​ជា​លើកចុងក្រោយ​លើ​ការពិន័យ​នេះ​។ 
 
​ការស៊ើបអង្កេត​របស់​អាជ្ញាធរ​អាមេរិក FTC បានចាប់ផ្តើម​ឡើង ក្នុង​ខែមីនា ឆ្នាំ​២០១៨ ក្រោយពី​ក្រុម​អ្នកឃ្លាំមើល បាន​ទម្លាយ​ថា ភ្នាក់ងារ​ប្រឹក្សា​នយោបាយ ដែលមាន​ទីតាំងនៅ​ចក្រភព​អង់គ្លេស Cambridge Analytica ទទួលបាន​ទិន្នន័យ​របស់​អ្នកប្រើប្រាស់ Facebook ច្រើនជាង ៥០​លាន​គណនី ដោយ​មិន​ត្រឹមត្រូវ​។ 
 
​ការស៊ើបអង្កេត​នេះ បាន​ផ្តោត​សំខាន់​លើ​ការស្វែងរក​ចម្លើយ​ថា តើ​ក្រុមហ៊ុន Facebook បាន​ល្មើស​កិច្ចព្រមព្រៀង​ឆ្នាំ​២០១១ ដោយ​ចែងថា ខ្លួន​តម្រូវ​ឲ្យ​ផ្តល់ដំណឹង​ទៅដល់​អ្នកប្រើប្រាស់ និង​ស្នើសុំ​ការយល់ព្រម​ជាមុនសិន ដើម្បី​អាច​ចែករំលែក​ទិន្នន័យ​របស់​ពួកគេ​ជាមួយនឹង​ភាគី​ទី​បី​។ 
 
​មែនទែនទៅ ការដាក់ពិន័យ​លើ​ក្រុមហ៊ុន Facebook នេះ គឺជា​ការពិន័យ​ធំ​បំផុត​ដែល​ពុំ​ធ្លាប់មាន​ពីមុនមក​ឡើយ​ពី​សំណាក់​អាជ្ញាធរ​អាមេរិក FTC ប្រឆាំងនឹង​ក្រុមហ៊ុន​បច្ចេកវិទ្យា​។ កន្លងទៅ ការដាក់ពិន័យ​ច្រើន​បំផុត​របស់​ភ្នាក់ងារ​នេះ បានធ្វើ​ឡើង​កាលពី​ឆ្នាំ ២០១២ ដោយ​កាលនោះ​ក្រុមហ៊ុន Google បាន​យល់ព្រម​បង់ប្រាក់​ពិន័យ ២២,៥​លាន​ដុល្លារ ចំពោះ​ករណី​ការអនុវត្ត​ឯកជន​ភាព​របស់ខ្លួន​។ 
 
​សូមបញ្ជាក់ថា រឿងអាស្រូវ Cambridge Analytical គឺជា​ការ​លួច​ទិន្នន័យ​អ្នកប្រើប្រាស់​រាប់លាន​នាក់ ដើម្បី​ជួយ​ទាញ​ប្រជាប្រិយភាព​អំឡុងពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ឆ្នាំ​២០១៦ របស់លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ​។ ទិន្នន័យ​របស់​អ្នកប្រើប្រាស់ Facebook ទាំងនោះ ត្រូវ​លួច​តាមរយៈ​ការធ្វើ Quiz តាម​ប្រព័ន្ធ​អន​ឡាញ ដែល​តម្រូវ​ឲ្យ​ពួកគេ​បំពេញ​ព័ត៌មាន​ផ្ទាល់ខ្លួន​មួយចំនួន​៕

Tag:
 Facebook
  Data privacy
  Cambridge Analytical
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម